ភ្នំពេញ ៖ នំបំពង់ធ្វើពីត្រីឈ្មោះថានូទ្រីក (Nutrix) ត្រូវបានផលិត រួមគ្នាដោយយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវបារាំងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព (IRD) សកលវិទ្យាល័យកូផេនហេហ្គិន (Copenhagen University (CU)) និងក្រមហ៊ុន Danish Care Foods (DCF) ដាណឺម៉ាក សហកាជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងររបស់កុមារ។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការទីតាំងផលិតនំនូទ្រីក (Nutrix) ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដៃគូទាំងអស់ បានប្រកាសថា នំសម្រាប់ព្យាបាលដែលផលិតសម្រាប់ញ៉ាំបានភ្លាមៗនេះ នឹងត្រូវផលិតក្នុងទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបចំពោះបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ៖«ការប្រកាសចាប់ផ្តើមផលិតអាហារព្យាបាលក្នុងស្រុកប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាការបោះជំហានមួយដ៏សំខាន់ ដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការព្យាបាលកុមារយ៉ាងហោចណាស់ឲ្យបាន ២៥.០០០ នាក់ក្នុង១ឆ្នាំ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ»។
លោកបន្ថែមទៀតថា ៖«ការចាប់ផ្តើមផលិតអាហារព្យាបាលនេះ នឹងជួយធានាឱ្យមានផលិតផលក្នុងស្រុក សម្រាប់ព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានដៃគូជាច្រើនបានជួយយើងក្នុងការអភិវឌ្ឍផលិតផលនេះ ហើយយើងសង្ឃឹមថា ភាពជាដៃគូថ្មីនេះនឹងជួយឱ្យយើងអាចពង្រីកការព្យាបាលបន្ថែមទៀត ដល់កុមារដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ»។
នៅកម្ពុជា មានកុមារប្រមាណ ២,៦ ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ។ ដើម្បីព្យាបាលដល់កុមារទាំងនេះ អាហារព្យាបាលដែលអាចញ៉ាំបានភ្លាមៗ ត្រូវបានផ្តល់ឲ្យកុមារយកទៅញ៉ាំនៅតាមផ្ទះ ហើយប្រសិនបើពុំមានអាហារបែបនេះទេ កុមារជាច្រើននាក់ប្រហែលជាចាំបាច់ត្រូវនៅទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក៏ដោយការស្រាវជ្រាវបង្ហាញថា កុមារដែលត្រូវការការព្យាបាលអាចទទួលបានអាហារព្យាបាលនេះនៅក្នុងកម្រិតមួយទាបប៉ុណ្ណោះពីស្ថាប័នសុខាភិបាលក្នុងប្រទេសកម្ពុជា។
លោកស្រី វីវៀនណា ប៊េលម៉ុងតេ (Wivina Belmonte) នាយកស្តីទីអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិចបានមានប្រសាសន៍ថា ៖«នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានកុមារអាយុក្រោម៥ឆ្នាំ ជាង ៥លាននាក់ កំពុងរងគ្រោះពី បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ជារៀងរាល់ឆ្នាំ ហើយវាមូលហេតុដ៏ចម្បងមួយដែលនាំឱ្យកុមារអាយុក្រោម៥ ឆ្នាំមានការបាត់បង់ជីវិត។ ការបញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ គឺជារឿងដ៏ពិបាកមួយ ដែលទាមទារឱ្យមានឆន្ទៈសង្គម និងនយោបាយ។ យើងសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះការផ្តល់អាទិភាពដល់ការឆ្លើយតបនឹងបញ្ហានេះ ដោយពង្រឹងនូវសេវាព្យាបាលនៅគ្រប់បរិបទទាំងអស់។ ប្រទេសកម្ពុជា ជាប្រទេសទី២នៅក្នុងតំបន់ដែលកំពុងផលិតដោយខ្លួនឯងនូវអាហារសម្រាប់ព្យាបាលដែលអាចប្រើប្រាស់បានភ្លាមៗនេះ»។
រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់នំត្រីនូទ្រីក (Nutrix) ដែលជាអាហារព្យាបាលបែបអាហារសម្រន់ និងមានតម្លៃសមរម្យនេះសម្រាប់ព្យាបាលកុមារអាយុក្រោមប្រាំឆ្នាំដែលកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរនៅតាមសហគមន៍ ដាច់ស្រយាល និងសហគមន៍ក្រីក្រ តាមរយៈមណ្ឌលសុខភាពមូលដ្ឋាន។ នៅកម្ពុជាគេប៉ាន់ប្រមាណថា មានកុមារចន្លោះពី ៦០.០០០ ដល់ ៩០.០០០ នាក់ក្នុង១ឆ្នាំៗ ត្រូវការការព្យាបាលពិសេស ដូចជាការព្យាបាលតាមរយៈអាហារព្យាបាលបែបនេះជាដើម។
អាហារព្យាបាលល្បីឈ្មោះប្រើប្រាស់បានភ្លាមៗជាច្រើន ដែលផលិតពីសណ្តែកដី និងផលិតផលទឹកដោះគោ ជាទូទៅត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ សម្រាប់គ្រឿងផ្សំរបស់នំនូទ្រីកនេះ គឺអាចរកបាននៅក្នុងស្រុក ដែលនាំឱ្យការផលិតនំព្យាបាលនេះ មានតម្លៃថោកជាងការនាំចូល ២០%។
លោកបណ្ឌិត ហ្វ្រេង វៀរីងហ្កា (Frank Wieringa) នៃ IRD ដែលជាស្ថាប័នកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូនីសេហ្វ CU និង DCF ក្នុងការអភិវឌ្ឍនំនូទ្រីកនេះក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ បានមានប្រសាសន៍ថា ៖«តាមរយៈការប្រើប្រាស់នំ ដែលបានកែសម្រួលឲ្យស្របទៅនឹងរសជាតិ និងចំណង់ចំណូលចិត្តរបស់ពលរដ្ឋក្នុងស្រុក យើងអាចសម្រេចបាននូវលទ្ធផលពិតប្រាកដមួយឆ្លើយតបនឹងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ នេះជារឿងដែលសំខាន់ ព្រោះថាក្រៅតែពីកុមារ ២,៦ ភាគរយដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ក៏នៅមានកុមារ ៨% ដទៃទៀត កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភក្នុងកម្រិតមធ្យមផងដែរ ដែលនេះគឺជាតួលេខមួយគួរឱ្យព្រួយបារម្ភ។ នំនូទ្រីក ក៏អាចផ្តល់ជាឧទាហរណ៍ដល់ប្រទេសដទៃទៀតក្នុងតំបន់ផងដែរ ដោយសារមិនមែនតែកម្ពុជាទេនៅអាស៊ីអាគ្នេយ៍ ដែលកំពុងជួបបញ្ហាកង្វះអាហារូបត្ថម្ភកុមារលើកុមារ ក្នុងប្រេវ៉ាឡង់មួយដ៏ខ្ពស់បែបនេះ»។
ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាល អង្គការយូនីសេហ្វ បាននឹងកំពុងសហការជាមួយក្រុមហ៊ុន Danish Care Foods ដែលជាក្រុមហ៊ុនឯកជនផលិតនំនូទ្រីកនេះ ក្នុងទីក្រុងភ្នំពេញ។
លោក លីនដុន ផូល (Lyndon Paul) នាយកចាត់ការទូទៅនៃក្រុមហ៊ុន Danish Care Foods បានមាប្រសាសន៍ថាវាជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់យើង ដែលឃើញថា ដៃគូយ៉ាងច្រើនសហការគ្នាផលិតនំសម្រាប់ព្យាបាលដែលអាចប្រើប្រាស់បានភ្លាមៗនេះ។ Danish Care Foods គឺជាសហគ្រាសសង្គម ដែលថវិការបស់ខ្លួនមានកំណត់ ហើយយើងភ្ញាក់ផ្អើលចំពោះគម្រោងផលិតនំនូទ្រីកដ៏តូចមួយនេះ ដែលចាប់ផ្តើមកាលពីប្រាំឆ្នាំមុន នឹងអាចយកទៅព្យាបាលកុមារយ៉ាងច្រើននាក់ក្នុងពេលឆាប់ៗនេះ។ ជាមួយនឹងថវិកាក្នុងបរិមាណដូចគ្នារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាចផ្តល់ការព្យាបាលដល់កុមារ ២០% បន្ថែមទៀត ដោយសារលទ្ធកម្មនៃផលិតផលព្យាបាលនេះចំណាយអស់តិចតួចជាងមុន៕