en     km
en     km

អាហារ​ព្យាបាល​ប្រភេទ​ថ្មី​ ធ្វើ​ពី​ត្រី​ សម្រាប់​ព្យាបាល​កុមារ​ ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​

Share

​ភ្នំពេញ​ ៖​ នំ​បំពង់​ធ្វើ​ពី​ត្រី​ឈ្មោះ​ថា​នូ​ទ្រី​ក​ (Nutrix)​ ត្រូវ​បាន​ផលិត​ រួម​គ្នា​ដោយ​យូ​នី​សេ​ហ្វ​ វិទ្យាស្ថាន​ស្រាវជ្រាវ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (IRD)​ សកល​វិទ្យាល័យ​កូ​ផេ​ន​ហេ​ហ្គិ​ន​ (Copenhagen​ University​ (CU))​ និង​ក្រម​ហ៊ុន​ Danish​ Care​ Foods​ (DCF)​ ដា​ណឺ​ម៉ាក​ សហកា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​របស់​កុមារ​។​

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា ប្រភពរូបភាពពីអង្គការ យូនីសេហ្វ

ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ទីតាំង​ផលិត​នំ​នូ​ទ្រី​ក​ (Nutrix)​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៨​ ដៃគូ​ទាំងអស់​ បាន​ប្រកាស​ថា​ នំ​សម្រាប់​ព្យាបាល​ដែល​ផលិត​សម្រាប់​ញ៉ាំ​បាន​ភ្លាមៗ​នេះ​ នឹង​ត្រូវ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​នៅ​កម្ពុជា​។​

​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ៖«​ការ​ប្រកាស​ចាប់ផ្តើម​ផលិត​អាហារ​ព្យាបាល​ក្នុងស្រុក​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ​ គឺជា​ការ​បោះ​ជំហាន​មួយ​ដ៏​សំខាន់​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ព្យាបាល​កុមារ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ២៥.០០០​ នាក់​ក្នុង​១​ឆ្នាំ​ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ»​។​

​លោក​បន្ថែម​ទៀត​ថា​ ៖«​ការ​ចាប់ផ្តើម​ផលិត​អាហារ​ព្យាបាល​នេះ​ នឹង​ជួយ​ធានា​ឱ្យ​មាន​ផលិតផល​ក្នុងស្រុក​ សម្រាប់​ព្យាបាល​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​។​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ដៃគូ​ជា​ច្រើន​បាន​ជួយ​យើង​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​នេះ​ ហើយ​យើង​សង្ឃឹមថា​ ភាព​ជា​ដៃគូ​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​យើង​អាច​ពង្រីក​ការ​ព្យាបាល​បន្ថែម​ទៀត​ ដល់​កុមារ​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​»​។​

​នៅ​កម្ពុជា​ មាន​កុមារ​ប្រមាណ​ ២,៦​ ភាគរយ​ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​កំពុង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​។​ ដើម្បី​ព្យាបាល​ដល់​កុមារ​ទាំងនេះ​ អាហារ​ព្យាបាល​ដែល​អាច​ញ៉ាំ​បាន​ភ្លាមៗ​ ត្រូវ​បាន​ផ្តល់​ឲ្យ​កុមារ​យក​ទៅ​ញ៉ាំ​នៅ​តាម​ផ្ទះ​ ហើយ​ប្រសិនបើ​ពុំ​មាន​អាហារ​បែប​នេះ​ទេ​ កុមារ​ជា​ច្រើន​នាក់​ប្រហែលជា​ចាំបាច់​ត្រូវ​នៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ទោះជា​យ៉ាងនេះ​ក៏​ដោយ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ កុមារ​ដែល​ត្រូវការ​ការ​ព្យាបាល​អាច​ទទួល​បាន​អាហារ​ព្យាបាល​នេះ​នៅ​ក្នុង​កម្រិត​មួយ​ទាប​ប៉ុណ្ណោះ​ពី​ស្ថាប័ន​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា​។​

សកម្មភាពនៃការផលិតនំបំពង់ធ្វើពីត្រីឈ្មោះថានូទ្រីក (Nutrix) ប្រភពរូបភាពពីអង្គការ យូនីសេហ្វ

 

​លោកស្រី​ វី​វៀន​ណា​ ប៊េ​ល​ម៉ុង​តេ​ (Wivina​ Belmonte)​ នាយក​ស្តីទី​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ច​បាន​មាន​ប្រសាសន៍​ថា​ ៖«​នៅ​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ មាន​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ជាង​ ៥​លាន​នាក់​ កំពុង​រង​គ្រោះ​ពី​ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​ ជា​រៀង​រាល់​ឆ្នាំ​ ហើយ​វា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​នាំ​ឱ្យ​កុមារ​អាយុ​ក្រោម​៥​ ឆ្នាំ​មានការ​បាត់បង់​ជីវិត​។​ ការ​បញ្ចប់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​ គឺជា​រឿង​ដ៏​ពិបាក​មួយ​ ដែល​ទាមទារ​ឱ្យ​មាន​ឆន្ទៈ​សង្គម​ និង​នយោបាយ​។​ យើង​សូម​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ផ្តល់​អាទិភាព​ដល់​ការ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ដោយ​ពង្រឹង​នូវ​សេវា​ព្យាបាល​នៅ​គ្រប់​បរិបទ​ទាំងអស់​។​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទី​២​នៅ​ក្នុង​តំបន់​ដែល​កំពុង​ផលិត​ដោយ​ខ្លួនឯង​នូវ​អាហារ​សម្រាប់​ព្យាបាល​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​នេះ​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ អាច​ផ្តល់​នំ​ត្រី​នូ​ទ្រី​ក​ (Nutrix)​ ដែល​ជា​អាហារ​ព្យាបាល​បែប​អាហារ​សម្រន់​ និង​មាន​តម្លៃ​សមរម្យ​នេះ​សម្រាប់​ព្យាបាល​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ដែល​កំពុង​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​នៅ​តាម​សហគមន៍​ ដាច់​ស្រយាល​ និង​សហគមន៍​ក្រីក្រ​ តាម​រយៈ​មណ្ឌល​សុខភាព​មូលដ្ឋាន​។​ នៅ​កម្ពុជា​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​កុមារ​ចន្លោះ​ពី​ ៦០.០០០​ ដល់​ ៩០.០០០​ នាក់​ក្នុង​១​ឆ្នាំៗ​ ត្រូវការ​ការ​ព្យាបាល​ពិសេស​ ដូច​ជា​ការ​ព្យាបាល​តាម​រយៈ​អាហារ​ព្យាបាល​បែប​នេះ​ជាដើម​។​

​អាហារ​ព្យាបាល​ល្បីឈ្មោះ​ប្រើប្រាស់​បាន​ភ្លាមៗ​ជា​ច្រើន​ ដែល​ផលិត​ពី​សណ្តែកដី​ និង​ផលិតផល​ទឹកដោះគោ​ ជា​ទូទៅ​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។​ ប៉ុន្តែ​ សម្រាប់​គ្រឿងផ្សំ​របស់​នំ​នូ​ទ្រី​ក​នេះ​ គឺ​អាច​រកបាន​នៅ​ក្នុងស្រុក​ ដែល​នាំ​ឱ្យ​ការ​ផលិត​នំ​ព្យាបាល​នេះ​ មាន​តម្លៃ​ថោក​ជាង​ការ​នាំ​ចូល​ ២០%​។​

​លោក​បណ្ឌិត​ ហ្វ្រេ​ង​ វៀ​រីង​ហ្កា​ (Frank​ Wieringa)​ នៃ​ IRD​ ដែល​ជា​ស្ថាប័ន​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​ CU​ និង​ DCF​ ក្នុង​ការ​អភិវឌ្ឍ​នំ​នូ​ទ្រី​ក​នេះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​ បាន​មាន​ប្រសាសន៍​ថា​ ៖«​តាម​រយៈ​ការ​ប្រើប្រាស់​នំ​ ដែល​បាន​កែសម្រួល​ឲ្យ​ស្រប​ទៅ​នឹង​រសជាតិ​ និង​ចំណង់​ចំណូលចិត្ត​របស់​ពលរដ្ឋ​ក្នុងស្រុក​ យើង​អាច​សម្រេច​បាន​នូវ​លទ្ធផល​ពិតប្រាកដ​មួយ​ឆ្លើយ​តប​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នៅ​កម្ពុជា​។​ នេះ​ជា​រឿង​ដែល​សំខាន់​ ព្រោះថា​ក្រៅ​តែ​ពី​កុមារ​ ២,៦​ ភាគរយ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ​ ក៏​នៅ​មាន​កុមារ​ ៨%​ ដទៃ​ទៀត​ កំពុង​ជួប​ប្រទះ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ក្នុង​កម្រិត​មធ្យម​ផង​ដែរ​ ដែល​នេះ​គឺជា​តួលេខ​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ​។​ នំ​នូ​ទ្រី​ក​ ក៏​អាច​ផ្តល់​ជា​ឧទាហរណ៍​ដល់​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ផង​ដែរ​ ដោយសារ​មិនមែន​តែ​កម្ពុជា​ទេ​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមារ​លើ​កុមារ​ ក្នុង​ប្រេ​វ៉ាឡង់​មួយ​ដ៏​ខ្ពស់​បែប​នេះ​»​។​

​ក្រោម​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​ អង្គការ​យូ​នី​សេ​ហ្វ​ បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ Danish​ Care​ Foods​ ដែល​ជា​ក្រុមហ៊ុន​ឯកជន​ផលិត​នំ​នូ​ទ្រី​ក​នេះ​ ក្នុង​ទីក្រុង​ភ្នំពេញ​។​

​លោក​ លី​ន​ដុន​ ផូ​ល​ (Lyndon​ Paul)​ នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ Danish​ Care​ Foods​ បាន​មា​ប្រសាសន៍​ថា​វា​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​យើង​ ដែល​ឃើញ​ថា​ ដៃគូ​យ៉ាងច្រើន​សហការ​គ្នា​ផលិត​នំ​សម្រាប់​ព្យាបាល​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ​នេះ​។​ Danish​ Care​ Foods​ គឺជា​សហគ្រាស​សង្គម​ ដែល​ថវិកា​របស់​ខ្លួន​មាន​កំណត់​ ហើយ​យើង​ភ្ញាក់ផ្អើល​ចំពោះ​គម្រោង​ផលិត​នំ​នូ​ទ្រី​ក​ដ៏​តូច​មួយ​នេះ​ ដែល​ចាប់ផ្តើម​កាលពី​ប្រាំ​ឆ្នាំ​មុន​ នឹង​អាច​យក​ទៅ​ព្យាបាល​កុមារ​យ៉ាងច្រើន​នាក់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ជាមួយនឹង​ថវិកា​ក្នុង​បរិមាណ​ដូច​គ្នា​របស់​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ អាច​ផ្តល់​ការ​ព្យាបាល​ដល់​កុមារ​ ២០%​ បន្ថែម​ទៀត​ ដោយសារ​លទ្ធកម្ម​នៃ​ផលិតផល​ព្យាបាល​នេះ​ចំណាយ​អស់​តិចតួច​ជាង​មុន​៕

Share

Image
Image
Image