en     km
en     km

បក្សកាន់អំណាចប្តេជ្ញាមិនឱនក្បាលនឹងបរទេសតែអ្នកវិភាគព្រមានពីការខាតបង់អត្ថប្រយោជន៍ជាតិ

Share

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨នេះ បានបញ្ចប់ការរៀបចំសន្និបាត គណៈ​កម្មាធិការកណ្តាលរបស់ខ្លួននៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃ។ ក្រោយពីបិទបញ្ចប់សន្និបាតនេះ សេចក្តីជូនដំណឹងពីលទ្ធផលនៃអង្គសន្និ បាតបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលបានប្តេជ្ញាជាថ្មីថា មិនឱនក្បាល ចំពោះការដាក់សម្ពាធណាមួយពីមជ្ឈដ្ឋានបរទេសឡើយ ដោយចាត់ទុកថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ តែអ្នកវិភាគព្រមានពីការខាតបង់ផលប្រយោជន៍ជាតិ បើមិនទទួលយកការសម្របសម្រួលនយោបាយពីសហគមន៍អន្តរជាតិ។

លោក នួន បូរិន្ទ ជូនសេចក្ដីរាយការណ៍លំអិត៖

អង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានបង្ហាញនូវគន្លឹះសំខាន់ៗចំនួន ១១ ចំណុច ។ ក្នុងនោះចំណុច៦និង៧និយាយដល់ សហគមន៍អន្តរជាតិ ដែលលូកដៃចូលអន្តរាគមន៍ប្រទេសមួយចំនួនក្រោមរូបភាព ជួយស្ដារសិទ្ធិមនុស្ សនិងប្រជាធិបតេយ្យ ដែលបក្សនេះ ចាត់ទុកជាការជ្រៀតជ្រែកចូលដែនអធិបតេយ្យ ប្រទេសដទៃ ។

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជជាថាខ្លួនបានធ្វើការកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍អន្តរជាតិ​ ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ទាំងខាងយោធា, សេដ្ឋកិច្ច នយោបាយ និងច្បាប់ ជាពិសេសការប្រព្រឹត្តរបស់ប្រទេសអ្នកខ្លាំង ដែលប្រកាន់នយោបាយឯកតោភាគីនិយម និងគាំពារនិយម។

គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ទណ្ឌកម្មជាមធ្យោបាយគាប់សង្កត់ ប្រទេសអធិបតេយ្យដទៃឱ្យធ្វើតាមឆន្ទៈរបស់ខ្លួន ហើយយកតម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកប្រើប្រាស់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង, បំពានអធិបតេយ្យ, បំពានសិទ្ធិស្វ័យសម្រេចរបស់ប្រទេសដែលខ្សោយជាង ធ្វើឱ្យពិភពលោកជួបបញ្ហាប្រឈម និងហានិភ័យកាន់តែច្រើនឡើង ក្នុងពេលដែលបណ្តាប្រជាជាតិ កំពុងរួមគ្នាប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។

តែយ៉ាងណា បក្សកាន់អំណាចបានសន្យាថា ៖«តម្កល់ខ្ពស់ស្មារតីស្នេហាជាតិដ៏បរិសុទ្ធ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការមួលបង្កាច់ភាពត្រឹមត្រូវ របស់នយោបាយ និងសកម្មភាពរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះ ការដាក់សម្ពាធណាមួយពីខាងក្រៅ»។

ថែរក្សាសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ រាំងស្កាត់រាល់សកម្មភាព ប្រទូស្តរ៉ាយ ដែលបង្កដោយពួកប្រឆាំង និងមជ្ឈដ្ឋានអន្តរជាតិនានា ដោយប្រតិបត្តិម៉ឺងម៉ាត់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែម។

ក្រុមអ្នកវិភាគមួយចំនួន ដែលស្រង់សម្ដីដោយ អ្នកសារសារព័ត៌មានតែងតែធ្វើការព្រមាន ពីហានិភ័យ បើបក្សកាន់អំណាចនៅបន្តក្ដោបក្ដាប់ទស្សនមិនចែករំលែកការទទួលខុសត្រូវប្រទេសជាតិ ទៅអ្នកដទៃខណៈខ្លួនជា អ្នកអនុវត្តកាតព្វកិច្ចអនុសញ្ញាទាងឡាយជាមួយសហកមន៍អន្តរជាតិ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគបញ្ហាសង្គមយល់ថា សេចក្ដីថ្លែងការណ៍ចេញពីអង្គសន្និបាតនៃគណបក្សប្រជាជនកម្ពុជា ត្រង់ចំណុចទី ៦និងទី៧ ហាក់បង្ហាញសាច់ដុំរបស់បក្សកាន់អំណាចប្រាប់ទៅអន្តរជាតិថា កម្ពុជា នៅតែរឹងមាំខ្លាំងក្លា។ តែលោកថា ការពិតសព្វថ្ងៃ​កម្ពុជាមិនទាន់ជារដ្ឋឯករាជ្យនៅឡើយទេ។ លោកនិយាយថា សម្រាប់រូបលោកមានការព្រួយបារម្ភខ្លាចតែអាមេរិក និងសហភាពអឺរ៉ុបទមា្លក់ប្រព័ន្ធអនុគ្រោះពន្ធEBA គឺទីផ្សារទំនិញរបស់កម្ពុជាអាចនឹងជួបហានិភ័យ។

ឆ្លើយតបនឹងការព្រួយបារម្ភពីអ្នកវិភាគ អ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ផៃស៊ីផាន បានធ្វើការពន្យល់តបវិញថា ទោះបីកម្ពុជា ប្រកាន់ជំហរ ឋានៈជារដ្ឋអធិបតេយ្យ តែកម្ពុជា មានគោលការណ៍បត់បែន ទៅតាមពេលវេលា ហើយក៏ឈរលើគោលកាណ៍ ចែករំលែកការទទទួលខុសត្រូវ នឹងផលប្រយោជន៍ដែរជាមួយ សហគមន៍អន្តរជាតិ ដែលមានអាមេរិក និងសហភាពអឺរ៉ុបជាដើម ។

លោកថា ការអនុគ្រោះពន្ធEBAដែល សហភាពអឺរ៉ុបមានមកលើកម្ពុជាក៏ត្រូវឆ្លងកាត់ការប្រាស្រ័យទាក់ទងនឹងគ្នាជាញឹកញាប់និងឈរលើគោលការណ៍ស្មើភាព។

អ្វីដែលសហគមន៍អន្តរជាតិ កំពុងជំរុញឱ្យកម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ គឺដោយសារពួកគេ ព្រួយបារម្ភពីការមិនអាចរស់ឡើងវិញនូវ ប្រព័ន្ធពហុបក្ស ដែលតំណាងដោយបក្សប្រឆាំងនៃអតីតគណបក្សសង្រ្គោះជាតិ ព្រោះតែបក្សនេះ តំណាងឱ្យពលរដ្ឋជាង៣លាននាក់ត្រូវបានរំលាយដោយអំណាចតុលាការកំពូលកាលពីខែ វិច្ឆិកាឆ្នាំ ២០១៧ ក្រោមហេតុផលថា មេបក្សនេះ គឺ លោក កឹម សុខា ក្បត់ជាតិ។

ករណីនេះ សហភាពអឺរ៉ុប កំពុងតែគាបសង្កត់បក្សកាន់អំណាចដោយរៀបចំការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពជា ដែលគេគិតថា អាចនឹងធ្វើឡើងនៅដើមឆ្នាំ ២០១៩។

តែបែបនេះក្ដី អង្គសន្និបាតនៃគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាការពារ និងពង្រឹងដំណើរការប្រជាធិបតេយ្យ ឲ្យចាក់គ្រឹះកាន់តែរឹងមាំនៅកម្ពុជាលើមូលដ្ឋានធានានូវសន្តិភាព និងការអភិវឌ្ឍ និងត្រូវផ្សារភ្ជាប់ជាមួយការថែរក្សាអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ និងការកសាងសុខដុមរមនា ក្នុងសង្គមកម្ពុជាផងដែរ៕

Share

Image
Image
Image