អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតី លោក គ្វៀន ភូជុង បាននិយាយថា វៀតណាមតែងតែធ្វើឲ្យប្រសើរ និងពង្រឹងជាខ្លាំងនូវចំណងមិត្តភាពជាប្រពៃណីជាមួយប្រជាជនកម្ពុជាដោយឈរលើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ នឹងដើម្បីស្ថេរភាពតំបន់ និងពិភព លោក។
សារព័ត៌មានវៀតណាម News បានចុះផ្សាយថា មេដឹកនាំវៀតណាមបានថ្លែងដូចនេះ នៅចំពោះវត្តមានរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តមសីហមុនី ដែលបានយាងធ្វើទស្សនៈកិច្ចនៅទីក្រុងហាណូយកាលពីថ្ងៃទី ២០ធ្នូ ឆ្នាំ ២០១៨។
ក្នុងកិច្ចជំនួបនោះ មេដឹកនាំវៀតណាមបានសាទរសមិទ្ធផលជាច្រើនដែលប្រជាជន និងរដ្ឋាភិបាលកម្ពុជាសម្រេចបានហើយបានចាត់ទុកនេះជាសមិទ្ធផលនៅក្រោមការសោយរាជ្យរបស់ព្រះមហាក្សត្រកម្ពុជា។
ជាមួយគ្នានេះ មេដឹកនាំវៀតណាមបានសន្យាថា នៅបន្ដគាំទ្រនឹងជួយប្រទេសកម្ពុជាជានិច្ច។ មេដឹកនាំវៀតណាមរូបនេះ បានចាត់ទុកព្រះមហាក្សត្រខ្មែរជាមិត្តជិតស្និទ្ធរបស់វៀតណាម។
ក្នុងឱកាសនោះដែរ ព្រះមហាក្សត្រកម្ពុជាបានសម្ដែងការរីករាយចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរដោយចាត់ទុកវៀតណាមជាមហាមិត្តជិតស្និទ្ធនិងកម្ពុជាជានិច្ចដែលបានជួយគាំទ្រកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។
ក្នុងដំណើរទស្សនៈកិច្ចនេះ លោក គ្វៀន ភូជុង បានអមដំណើរព្រះមហាក្សត្រកម្ពុជាទៅទស្សនាវិមានប្រធានាធិបតីហូជីមីញ នៅឯវិមានប្រធានាធិបតីវៀតណាមក្រុងហាណូយ។
សូមជំរាបថាទស្សនៈកិច្ចរបស់ព្រះមហាក្សត្រកម្ពុជានៅវៀតណាមពេលនេះធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានទៅកាន់ទីក្រុងហាណូយកាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨។
មានការកត់សំគាល់ថា រយៈពេលចុងក្រោយនេះមេដឹកនាំកម្ពុជាតែងតែទៅធ្វើទស្សនៈកិច្ចនៅវៀតណាម។ កាលពីខែមុនលោករដ្ឋមន្ដ្រីការបរទេសកម្ពុជាប្រាក់សុខុនក៏បានទៅធ្វើទស្សនៈកិច្ចនៅវៀតណាមផងដែរ៕