ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់កម្ពុជាជាថវិកាប្រមាណ ១១៥ លានអឺរ៉ូ ឬប្រហែលជាង ១៣០ លានដុល្លារអាមេរិក ។ នេះបើតាមសម្ដីរបស់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចុះផ្សាយតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨ ។
សេចក្ដីប្រកាសព័ត៌មាននេះដដែលបង្ហាញថា ការបញ្ជាក់បែបនេះពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គឺធ្វើឡើងក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ការគ្រោងនឹងផ្ដល់ជំនួយដល់កម្ពុជានេះ គឺសម្រាប់គម្រោងចំនួន ៣ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការជាមួយកម្ពុជា។
សម្រាប់ជំនួយឥតសំណងចំនួន ១១៥ លានអឺរ៉ូដល់កម្ពុជា លើបីគម្រោងនោះរួមមាន ៖
១. កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ២២លានអឺរ៉ូ
២. កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន ចំនួន ៨៧លានអឺរ៉ូ
៣.កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ចំនួន ៦លានអឺរ៉ូ។
លោក អ៊ូ ព័ន្ធមុនីរ័ត្ន គាំទ្រជាគោលការណ៍លើសំណើកម្មវិធីទាំង ៣ នេះ និងសន្យាថានឹងជួយសម្របសម្រួល និងសហការរៀបចំជាមួយ ក្រសួង ជំនាញពាក់ព័ន្ធដើម្បីឈានដល់ចុះហត្ថលេខាកិច្ចព្រមព្រៀង ឱ្យទាន់ដើមឆ្នាំ ២០១៩នេះ៕
អត្ថបទ៖លោក សោម លាភ