en     km
en     km

មន្ត្រីរដ្ឋសភា៖កម្ពុជាសង្ឃឹមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ EUនឹងពិចារណាករណី EBAឡើងវិញ​

Share

 

ភ្នំពេញ៖ កម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា ការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ លើមាត្រា ៤៥ ថ្មីស្ទួននេះ នឹងធ្វើឱ្យសហគមន៍អឺរ៉ុបអាចទទួលយកបាន។ ដោយឡែក ប្រតិភូសភាបារាំងថា ការវិសោធនកម្មច្បាប់នេះពីស្ថាប័នជាន់ខ្ពស់កម្ពុជា គឺកម្ពុជាដើរផ្លូវត្រូវហើយ។ នេះ គឺថ្លែងរបស់លោក ឈាង វុន មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា។ អ្នកវិភាគនយោបាយថា វិសោធនកម្មច្បាប់នេះ មិនអាចជាដំណោះស្រាយគ្រប់គ្រាន់នោះទេ ស្របពេលលោក សម រង្ស៊ី អំពាវនាវកុំឱ្យមានការទទួលស្គាល់នូវដំណោះស្រាយមួយជ្រុងតូចនេះ។

លោក សោម លាភ រាយការណ៍៖

វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មាត្រា ៤៥ ថ្មីស្ទួន អាចផ្ដល់នីតិសម្បទាដល់បុគ្គលណាដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយ មានសិទ្ធិពេញលេញពេញច្បាប់ក្នុងការធ្វើនយោបាយឡើងវិញ។

ការបង្ហាញជំហរទទួលស្វាគមន៍ការបើកការរិយាល័យរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជា វិទ្យុអាស៊ីសេរី វិទ្យុសម្លេងសហរដ្ឋអាមេរិក។ ដោយឡែក កាសែត ដឹ ខេមបូឌា ឌែលលី ក៏អាចបើកការិយាល័យរបស់ខ្លួនផងដែរ ប្រសិនបើបង់លុយពន្ធជូនរដ្ឋ។

ជាងនេះទៅទៀត អង្គការសង្គមស៊ីវិល ត្រូវបានបើកសិទ្ធិធ្វើសកម្មភាពរបស់ខ្លួនស្របតាមបញ្ជត្តិច្បាប់ដោយមិនចាំបាច់សុំច្បាប់ពីអាជ្ញាធរជាដើម។

អាជ្ញាធរកម្ពុជាសន្យាថា នឹងដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ និងដីសម្បទានជាដើម។

រឿងទាំងអស់នេះ គឺដំណោះស្រាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជារយៈពេលជាង ៣០ មកនេះ។

ស្ថាប័ននីតិប្បញ្ញតិ្តនៃកម្ពុជា មានរដ្ឋសភា ដែលមានសមាជិកមកពីគណបក្សប្រជាជនកម្ពុជាទាំង១២៥ អាសនៈ បានអនុម័តទាំងស្រុងនូវវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។

វិសោធនកម្មច្បាប់នេះ នឹងបញ្ជូនទៅព្រឹទ្ធសភា បន្ទាប់មកបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាព និងដាក់ទៅព្រះមហាក្សត្រឡាយព្រះហស្ថលេខាឱ្យប្រើប្រាស់ ហើយច្បាប់នេះ នឹងប្រកាសចូលជាធរមានជាប្រញាប់។ នេះបើតាមសម្ដីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា។

ការអធិប្បាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ឈាន វុន ប្រធានគណៈកម្មការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជាបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ការសើរើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ អាចធ្វើឱ្យសហគមន៍អឺរ៉ុបអាចទទួលយកបាន។ 

សម្លេង លោក ឈាង វុន៖ «បើកាលណាយើងធ្វើប៉ុណ្ណឹង ក្រៅសម្ពាធរបស់គាត់ គាត់ទទួលយកបានអត់? ខ្ញុំជឿថាគាត់(សភាអឺរ៉ុប)នឹងទទួលយកបាន ហើយបារាំងគាត់(សភាអឺរ៉ុប)និយាយដែលគាត់ថា ផ្លូវដែលយើងកំពុងដើរនេះត្រូវហើយ ល្អហើយ ប៉ុនខ្លាចតែឡង់កាយេ (ប្រតិទិន)រេ។  ឡង់កាយេនឹងគឺរឿងនយោបាយគាត់(សភាអឺរ៉ុប) នឹងហើយ គាត់បោះឆ្នោតថ្មី ហើយអ្នកចាស់ដែលធ្វើកិច្ចការអស់នឹងចង់ល្បី ចង់យកឈ្មោះ ដើម្បីឈ្នះអាណត្តិថ្មី គាត់រុញព្រឹបចេញមកដើម្បីយកកេរ្តិ៍ឈ្មោះថាធ្វើបាបកម្ពុជាអ៊ីចឹងទៅ »។ 

លោក ឈាង វុន ថា ក្រសួងមហាផ្ទៃកំពុងតែពិនិត្យលទ្ធភាពក្នុងការផ្ដល់នីតិសម្បទាដល់អ្នកដែលហាមឃាត់សិទ្ធិធ្វើនយោបាយ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ លោក ឈាន វុន ផ្ដាំផ្ញើតាមរយៈប្រតិភូសភាបារាំង ដើម្បីប្រាប់ឱ្យក្រុមគណបក្សប្រឆាំងរក្សាភាពស្ងៀមស្ងាត់ខ្លះ បើទោះបីជាការវិសោធនកម្មច្បាប់នេះ មិនសម្ដៅដល់គណបក្សសង្រ្គោះជាតិ ក៏ពិតមែន តែលោកថា គណបក្សសង្គ្រោះជាតិអាចទាញប្រយោជន៍ពីច្បាប់នេះបាន។

តាមរយៈមន្ត្រីរបស់រដ្ឋសភារូបនេះទៀតសោត គឺពាំនាំនូវសម្ដីរបស់ ស៊ីលវ៉ាំង​ វ៉ាសឺម៉ង់​ អនុប្រធានរដ្ឋសភាបារាំងថា កម្ពុជាធ្វើបែបនេះ គឺជាការដើរលើផ្លូវត្រូវ។

លោក បន្ថែមថា អនុប្រធានរដ្ឋសភាបារាំងរូបនេះ នឹងទៅពិភាក្សាជាមួយសភាអឺរ៉ុបក្នុងការពិចារណាដល់ការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា តាមការស្នើរបស់កម្ពុជា។

មជ្ឈដ្ឋានអ្នកវិភាគឯករាជ្យនៅកម្ពុជា តែងតែសន្និដ្ឋានថា ការដែលបញ្ចេញនូវដំណោះស្រាយចុងក្រោយនេះ គឺធ្វើឡើងដើម្បីគេចពីសម្ពាធ ឬការដាក់ទណ្ឌកម្មពីអន្តរជាតិ។

លោក បណ្ឌិត មាស នី មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ១៨ ខែ ធ្នូនេះថា ការបង្ហាញជំហរបែបនេះ ហាក់ដូចជាប្រការភ្លាត់មួយ ដែលថាការវិសោធនកម្មនេះដោយសារតែភាពខ្វះចន្លោះនៃច្បាប់ ឱ្យមកជាការធ្វើដោយផ្គាប់ចិត្តទៅមជ្ឈដ្ឋានអន្តរជាតិទៅវិញ។

អ្នកវិភាគរូបនេះថា គ្រាន់តែវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នេះមិនទាន់គ្រប់គ្រាន់សម្រាប់ការស្នើរបស់អន្តរជាតិនៅឡើយនោះទេ។

សម្លេង បណ្ឌិត មាស នី៖  «ប្រសិនបើមិនទាន់ដោះស្រាយទាំងស្រុងជាកញ្ចប់ទេ វានៅតែជាលក្ខខ័ណ្ណដែលគេមិនទាន់ជឿទុកចិត្តបាន ហើយក៏មិនអាចជឿទុកចិត្តបានពីសាធារណៈជន ជាពិសេសអ្នកដែលគាំទ្រសង្គ្រោះជាតិ។ តាមដែលយើងចាំគឺមានទីមួយគឺការដោះលែងលោក កឹម សុខា ទី២ ការវិលត្រឡប់មកវិញនូវអ្នកនយោបាយទាំង១១៨ នាក់ វិលមកធ្វើនយោបាយវិញ ហើយនឹងការវិលត្រឡប់មកវិញនូវតួនាទីរបស់គណបក្សប្រឆាំង បាទ! ត្រង់ថាឈ្មោះ ដដែលឬមិនឈ្មោះដដែលមិនសំខាន់ទេ ប៉ុន្តែការវិលត្រឡប់មកបំពេញតួនាទីជាប្រក្រតីឡើងវិញក្នុងនាមគណបក្សប្រឆាំងមួយដែលមានការគាំទ្រពីពលរដ្ឋ៣លាននាក់ »។

លោក សម រង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រោះជាតិ តែងតែអំពាវនាវដល់មន្ត្រី និងអ្នកគាំទ្រគណបក្សនេះថា មិនត្រូវទទួលយកនូវការដោះស្រាយតែមួយ​ជ្រុងបែបនេះ ពីរាជរដ្ឋាភិបាលកម្ពុជាឡើយ។

លោក សម រង្ស៊ី ក៏បានប្រកាសជាពិសេស ដល់មន្ត្រីអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលហាមឃាត់ធ្វើសិទ្ធិនយោបាយ មិនត្រូវដាក់ពាក្យសុំស្ដារនីតិសម្បទាធ្វើនយោបាយនោះទេ។

លោក សម រង្ស៊ី បានពន្យល់ថា ប្រសិនបើមានការស្នើទៅនាយករដ្ឋមន្ត្រីកម្ពុជា ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយ នោះរាជរដ្ឋាភិបាលកម្ពុជានឹងយកលេសនេះប្រាប់ទៅអន្តរជាតិ ដោយមិនចាំបាច់ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងមិនផ្ដល់តំណែងដល់មន្ត្រីគណបក្សនេះឡើយ។

ជាងនេះ ប្រធានស្ដីទីអតីតគណបក្សនេះ គម្រាមថាករណីនេះ នាយករដ្ឋមន្ត្រីកម្ពុជា អាចនឹងមិនចាំបាច់ដោះស្រាយបញ្ហាមួយចំនួនទៀត ដែលអន្តរជាតិចង់បាន។

អ្នកនយោបាយប្រឆាំងរូបនេះ បញ្ចាក់ជំហរថា ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវតែមានដំណោះស្រាយចំនួន៥ ចំនុចជាចាំបាច់ គឺ

១- ដោះលែងលោក កឹម សុខា

២- ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ

៣- ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ

៤- សងគណបក្សសង្គ្រោះជាតិវិញ នូវតំណែងដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ

៥- បោះឆ្នោតឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។

សហភាពអឺរ៉ុប បានកំពុងនឹងដំណើរការនីតិវិធីក្នុងការព្យួរការអនុគ្រោះពន្ធពីកម្ពុជា។

 

លោក ឈាង វុន បានស្នើទៅសហគមន៍អឺរ៉ុប តាមរយៈការប្រាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃដដែលថា មិនត្រូវយកការរស់នៅរបស់ប្រជាជនកម្ពុជា មកធ្វើជាខែលដោះស្រាយបញ្ហានយោបាយ ព្រោះកម្ពុជាមិនត្រូវការការយកប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើជាល្បែងនយោយបាយឡើយ។

ជាងនេះ លោកថា កម្ពុជា មិនយកអធិបតេយ្យរបស់ខ្លួនដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការអន្តរជាតិនោះទេ។

មុនព្រឹត្តិការណ៍នៃការបោះឆ្នោតសភាជាតិនីតិកាលទី ៦ កាលពីចុងខែ កក្កដា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកម្ពុជា សម្រេចរំលាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧។ មិនត្រឹមតែរំលាយគណបក្សប្រឆាំងមួយនេះទេ តុលាការកំពូលក៏ចេញសាលដីការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨ មិនឱ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងនយោបាយផងដែរ៕

(អត្ថបទ៖ លោក សោម លាភ)

 

Share

ព័ត៌មានទាក់ទង

Image