en     km
en     km

ក្រុមគ្រួសារសហជីពពាក់ព័ន្ធករណីផលិតវីដេអូ«ម្តាយខ្ញុំលក់ខ្ញុំ»សុំអន្តរាគមន៍ពីទូតរុស្សី (Updated)

Share

ភ្នំពេញ៖ ភរិយាលោក រ៉ាត់ រត្នមុនី និងសកម្មជនដីធ្លីក្នុងរាជធានីភ្នំពេញមួយចំនួននៅព្រឹកថ្ងៃ ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានប្រមូលផ្តុំគ្នាដាក់ញាត្តិទាមទារឱ្យស្ថានទូតរុស្សីអន្តរាគមន៍ ឱ្យដោះលែងប្តីរបស់ខ្លួន បន្ទាប់ពីតុលាការរាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្ន ពីបទញុះញង់ឲ្យមានការរើសអើង ក្រោយជាប់ពាក់ព័ន្ធក្នុងករណីផលិតខ្សែវីដេអូរឿង«មា្តយខ្ញុំលក់ខ្ញុំ»។

លោកស្រី ឡុង គីមហ៊ាង ភរិយាលោក រត្ន មុនី ដែលជាសកម្មជនការពារសិទ្ធិការងារបានប្រាប់មកកាន់អ្នកសារព័ត៌មានក្នុងស្រុកថា ការដាក់ញាត្តិនេះ គឺដើម្បីសុំកិច្ចពីរដ្ឋាភិបាលរុស្សីជួយសម្របសម្រួលក្នុងការដោះលែងស្វាមីរបស់លោកស្រី។ អ្នកស្រីថា ប្តីរបស់ខ្លួនត្រូវបានគេចោទប្រកាន់ទាំងអយុត្តិធម៌។

លោកស្រី ឡុង គីមហ៊ាង៖ «ខ្ញុំមិនរំពឹងអីទេ ក្រៅពីរដ្ឋាភិបាលរុស្សីហ្នឹង! ត្រូវគិតគូរ និង ដោះស្រាយ អន្តរាគមន៍ជាមួយការឃុំខ្លួនប្តីខ្ញុំព្រោះថា ការពិតនិងមិនពិតគួរតែរដ្ឋាភិបាលរុស្សី និង រដ្ឋាភិបាលកម្ពុជា ជជែកគ្នា មិនមែនមកចាប់ប្តីខ្ញុំចេះទេ»

មកទល់នឹងពេលនេះ ពុំទាន់មានមន្រ្តីទូតរុស្សីណាម្នាក់ចេញមកទទួលញាត្តិពីភរិយា លោក រត្នមុនីនៅឡើយទេ។

តែយ៉ាងណាក្តីក្រុមនេះត្រូវបានរំសាយទៅវិញនៅរសៀលថ្ងៃដដែលនេះ ដោយផ្ញើញាត្តិតាមរយៈប្រអប់សារអេឡេចត្រូនិចទៅកាន់ស្ថានទូតរុស្សី។ ចំពោះចំណាត់ការបន្ត ភរិយាប្រធានសហជីពរូបនេះ ថាប្រសិនបើគ្មានការដោះស្រាយ និង ការអន្តរាគមន៍ណាមួយនោះទេ លោកស្រីនឹងមកតវ៉ាមកទូតរុស្សី និង ស្ថាប័នដែលធ្វើការពាក់ព័ន្ធលើរឿងនេះម្តងទៀត។

សំណុំរឿងនេះ ត្រូវ​បាន​អាជ្ញារ​កម្ពុជា​ចោទប្រកាន់ លោក​ រ​ត្ន​មុនី​ ​ពី​បទ​ញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម​ និង​រើសអើង​ ក្រោយ​ពី​លោក​មានជាប់ពាក់ព័ន្ធ​ក្នុងការ​ផលិត​វី​ដេ​អូ​និយាយ​ពី​ម្តាយ​លក់​ព្រហ្មចារី​កូនស្រី​បង្កើត ​នៅ​រាជធានី​ភ្នំពេញ​ ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី​ RTកាលពី​ថ្មី​នេះ​។​ លោក​ មុនី​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃុំ​ខ្លូ​ន​នៅ​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​ថៃ ហើយប្រគលមកកាន់អាជ្ញាធរកម្ពុជា​។​

វិទ្យុស្រ្តីមិនទាន់សុំការឆ្លើយតប ពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ស្រ្តីនិងកុមារ បាននៅឡើយទេ។ ប៉ុន្តែកន្លងមក លោកស្រី ធ្លាប់បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចកំពុងពិនិត្យចម្លើយ ដែលផ្តល់ដោយ លោក រត្នមុនី និង អ្នកពាក់ព័ន្ធមួយចំនួនក្នុងករណីនេះ។

នៅ​អំឡុង​ខែ​ តុលា​ ទូរទស្សន៍​ Russia​ Today​ បាន​ផ្សាយ​ភាពយន្ត​ឯកសារ​ឈ្មោះ​ថា​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​ រាយការណ៍​អំពី​គ្រួសារ​ក្រីក្រ​លក់​ព្រហ្មចារី​កូនស្រី​បង្កើត​ក្នុង​តម្លៃ​ប្រហែល​ ៤០០​ ដុល្លារ​ ហើយ​ពេល​កូនស្រី​អស់​ព្រហ្មចារី​ នាង​នឹង​ត្រូវ​បង្ខំ​ឱ្យ​លក់ខ្លួន​ទៀត។

កាលពីកំឡុងខែ កក្ដដា ឆ្នាំ ២០១៧ រដ្ឋាភិបាលបានអនុញាត្តិដល់អង្គការមេត្រី បន្តសកម្មភាពរបស់ខ្លួនឡើងវិញក្រោយនាយកប្រតិបត្តិអង្គការមួយនេះ បានសម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្សាយព័ត៌មានលើ​ទូរទស្សន៍​អាមេរិក ឈ្មោះ ស៊ី.អិន.អិន (CNN) ទាក់ទង​​​នឹង​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។

អង្គការមួយនេះ បានផលិតខ្សែវីដេអូមួយ ដែលនិយាយពីម្តាយលក់ព្រហ្មចារីយ៍កូនក្នុងតម្លៃ ៥០០ ដុល្លារ។ ក្រោយពី ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍បរទេស រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានផ្អាកសកម្មភាពអង្គការនេះជាបណ្តោះអាសន្ន។ តែដោយហេតុថា អង្គការមួយនេះ បានបម្រើផលប្រយោជន៍ជួយសង្គមជាច្រើន ទើបមានការសម្របសម្រួលឲ្យអង្គការមួយនេះអាចដំនើរការវិញបាន៕

 

Share

ព័ត៌មានទាក់ទង

Image