en     km
en     km

​ជំនឿ​របស់​ជនជាតិ​ខ្មែរ​ទៅ​លើ​ការ​បោះ​បាយបិណ្ឌ​

Share

Pchum Ben​ពិធី​បោះ​បាយបិណ្ឌ​ ជា​ពិធី​មួយ​ស្ថិត​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រ​រ​ព្វ​ធ្វើ​ស្ទើរ​គ្រប់ៗ​គ្នា​ និង​ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​បណ្តា​វត្ត​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ និង​មាន​វត្ត​នៅ​ទីនោះ​។​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ មាន​ជំនឿ​ទៅ​លើ​បុណ្យ​ និង​បាប​។​ ពួក​គេ​ទាំងនោះ​មាន​ជំនឿ​ថា​ ការ​បោះ​បាយបិណ្ឌ​នឹង​អាច​ជូន​បុណ្យ​កុសល​ដែល​ពូក​គេ​បាន​ធ្វើ​នោះ​ ទៅ​ដល់​ដូនតា​ និង​ញាតិសន្ដាន​ ឬ​ក៏​ពពួក​ប្រេត​ ដែល​ជា​ញាតិ​ក្តី​មិនមែន​ជា​ញាតិ​ក្តី​ ដែល​បាន​ចែក​ឋាន​ទៅ​។​

 

​ពិធី​បោះ​បាយបិណ្ឌ​ត្រូវ​បាន​ប្រារ​ព្វ​ឡើង​នៅ​ពេញ​១៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ ពលរដ្ឋ​ខ្មែរ​បាន​ប្រារ​ព្វ​ពិធី​នេះ​តាំង​តែ​ពី​យូរយារ​ណាស់​មក​ហើយ​។​

​អ្នក​ដែល​ធ្វើ​ពិធី​នេះ​មាន​ជំនឿ​ថា​ បាយបិណ្ឌ​ដែល​ពួក​គេ​បាន​បោះ​ទៅ​ ដោយ​មាន​តា​អាចារ្យ​សូត្រធម៌​នាំ​ផ្លូវ​នោះ​ នឹង​បាន​ជូន​បុណ្យ​កុសល​ទៅ​ដល់​ពពួក​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ ដែល​មិនដឹង​ថា​ ទៅ​កើត​នៅ​ទីណា​ អាច​កើតជា​ប្រេត​ ឬ​ក៏​ពពួក​ប្រេត​ដែល​មិនមែន​ជា​ញាតិ​ក្តី​ ឲ្យ​ពួក​គេ​ទាំងនោះ​មក​ទទួល​អនុមោទនា​ទាន​ដែល​ពួក​គេ​បាន​ធ្វើ​ទៅ​ហើយ​នោះ​ ។​
​ពិធី​បោះ​បាយបិណ្ឌ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ពេល​ព្រឹក​ព្រហាម​ ដែល​ព្រះអាទិត្យ​មិន​ទាន់​រះ​ ដោយ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា​ ពពួក​ប្រេត​ដែល​មក​ទទួល​បាយបិណ្ឌ​នោះ​ អាច​ទទួល​បាន​តែ​ពេល​ដែល​មិន​មាន​ព្រះអាទិត្យ​រះ​តែ​ប៉ុណ្ណោះ​ ។​

​ព្រះ​ភិក្ខុ​ រ៉ែ​ម​ ស៊ី​ហេង​ បាន​មាន​ស​ង្ស​ដីកា​ថា​ ពិធី​បោះ​បាយបិណ្ឌ​នេះ​ មាន​តាំង​តែ​ពី​ជំនាន់​សម្តេច​អង្គ​ដួង​មក​ម្ល៉េះ​ ។​ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​បន្ត​ថា​ បុព្វការី​ជន​យើង​បាន​ចងក្រង​ពិធី​នេះ​ឡើង​ ដោយ​លោក​យល់​ឃើញ​ថា​ មិនដឹង​ជា​ញាតិសន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​នោះ​ ទៅ​កើត​នៅ​ទីណា​ឡើយ​ ឬ​ក៏​កើត​ទៅ​ជា​ប្រេត​ក៏​មិនដឹង​ ទើប​លោក​ប្រារ​ព្វ​ពិធី​នេះ​ឡើង​ ដើម្បី​ឧទិស​បុណ្យ​កុសល​ជូន​ទៅ​ញាតិ​ទាំងនោះ​ ។​ «​របៀប​នៃ​ការ​បោះ​បាយបិណ្ឌ​នេះ​ គឺ​តាម​ដូនតា​របស់​យើង​ដែល​លោក​បាន​ចងក្រង​មក​ធ្វើ​ មិនដឹង​ថា​បុព្វការី​ជន​យើង​ទៅ​កើតជា​អ្វី​ទេ​ យើង​មិនដឹង​ទេ​…​។​ ការ​បោះ​បាយបិណ្ឌ​នេះ​គឺ​ចំពោះតែ​ពពួកសត្វ​ប្រែ​ត​ណាស់​ សត្វ​ប្រែ​ត​ប៉ុន្មាន​ពួក​នោះ​ដែល​អាច​មក​Bay-Ben-01ទទួល​កុសលផល​បិ​ណ្យ​នេះ​បាន​។​

​ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​បន្ថែម​ថា​ ការ​បោះ​បាយបិណ្ឌ​នេះ​មានការ​ខុស​គ្នា​ រវាង​ការ​ធ្វើ​នៅ​ភ្នំពេញ​ និង​នៅ​ស្រុកស្រែ​ចម្ការ​ ដោយ​ការ​ធ្វើ​នៅ​ភ្នំពេញ​មានការ​រក្សា​អនាម័យ​នៅ​បរិ​វេន​ព្រះ​វិហារ​ ។​ ហើយ​ការ​ទទួលផល​ពី​ការ​បោះ​បាយបិណ្ឌ​នេះ​ក៏​បាន​ខុសៗ​គ្នា​ដែរ​ ។​ «​សម័យ​មុន​អត់​ទៅ​ខុស​អី​ពី​សម័យនេះ​ដែរ​ទេ​ តែ​គឹ​ត​ឃើញ​ដល់​ការ​អនាម័យ​ទៅ​លើ​ប្រាសាទព្រះវិហារ​ ហើយ​ណាមួយ​ការ​បោះ​បាយបិណ្ឌ​នេះ​ ប្រយោជន៍​សម្រាប់​អ្នក​បោះ​ផង​ ប្រយោជន៍​សម្រាប់​អ្នក​ទទួល​ផង​។​ បើ​យើង​មើល​ជាក់ស្ដែង​បើ​យើង​បោះ​ បោះ​នៅ​ខាងក្រៅ​វត្ត​ ហើយ​រឺ​ក៏​ភាគច្រើន​នៅ​តាម​ស្រុកស្រែ​ គេ​ដាក់​នៅ​តាម​ភ្លៅ​ស្រែ​ ឬ​ក៏​ដំបូក​ ដើម្បី​អី​ ដើម្បី​នឹក​ដល់​បុព្វការី​ជន​ណឹ​ង​មួយ​ផ្នែក​…​បាន​ទៅ​ដល់​សត្វ​ចតុ​បាត​ ទ្វេ​បាត​វា​ស៊ី​តាម​ផ្លូវ​ដូច​ជា​សត្វ​ត្រី​ផ្សេងៗ​ណឹ​ង​ឯង​»​។​

​ជាតា​អាចារ្យ​នៅ​វត្ត​មហាមន្ត្រី​ លោកតា​ នៅ​ ជុំ​ បាន​ឲ្យ​ដឹង​ថា​ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ បុណ្យ​កុសល​ដែល​បាន​មក​ពី​ការ​បោះ​បាយបិណ្ឌ​នេះ​ នឹង​អាច​ជូន​ទៅ​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​ ។​ បោះ​នេះ​ស​ម្តៅ​ទៅ​ដល់​ប្រែ​ត​ដែល​ជា​ញាត្តិ​ក្តី​ មិនមែន​ជា​ញាត្តិ​ក្តី​ សព​សត្វ​ដែល​ជា​ញាត្តិ​ក្តី​ មិន​មេន​ជា​ញាត្តិ​ក្តី​ ដែល​មាន​លទ្ធភាព​អាច​មក​ទទួល​នូវ​ផល​នៃ​ទាន​របស់​យើង​បាន​។​ តា​អាចារ្យ​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​បំផុត​ ផល​នៃ​ការ​ដឹកនាំ​របស់​យើង​ ដែល​ធ្វើអំពើ​ល្អ​នេះ​ អាច​ដល់​ប្រែ​ត​ណា​ដែល​ទទួល​បាន​ សត្វ​ណា​ដែល​ទទួល​បាន​ ផល​នៃ​ទាន​របស់​យើង​ឧទិស​ជូន​ទៅ​ដល់​ប្រែ​ត​…​។​ ព្រះ​សម្តែង​ថា​ទាន​ដែល​យើង​ធ្វើ​ហើយ​បង្ហូរ​ទៅ​នេះ​ ហាក់ដូចជា​ទឹក​ដែល​ហូរ​ចុះ​ពី​ទី​ខ្ពស់​ ទៅ​កាន់​ទី​ទំនាប​យ៉ាងណាមិញ​ ផល​នៃ​ទាន​ដែល​យើង​បង្ហូរ​និង​ឧទិស​ក៏​យ៉ាងដូច​ឆ្នោះ​ដែរ​»​។​

​ អ្នកស្រី​ នួន​ សុខុម ដែលមានទម្លាប់​បោះ​បាយបិណ្ឌ​មួយ​រូប​ បាន​និយាយ​ថា​ អ្នកស្រី​បោះ​បាយបិណ្ឌ​នេះ​ទៅ​តាម​ទំនៀមទម្លាប់​ពី​មុនៗ​មក​ ហើយ​អ្នកស្រី​សប្បាយចិត្ត​ នៅ​ពេល​ដែល​បាន​មក​បោះ​បាយបិណ្ឌ​។​ លោកស្រី​ថា​៖​ «​ធ្វើ​តាម​លំដាប់លំដោយ​ ពី​មុន​មក​ធ្វើ​យ៉ាងម៉េច​ធ្វើ​អ​ញ្ចឹ​ង​ ធ្វើ​តាម​ទំនៀមទម្លាប់​…​។​ ពេល​បាន​មក​បោះ​បាយបិណ្ឌ​ សប្បាយចិត្ត​ ធ្វើ​ហើយ​ជ្រះថ្លា​ ដូច​ថា​គេ​ថា​លះបង់​សេចក្តី​កំណាញ់​…!​។​

​អ្នកមាន​ជំនឿ​ទៅ​លើ​ការ​បោះ​បាយបិណ្ឌ​ម្នាក់​ទៀត​គឺ​ លោកយាយ​ គុយ​ សំអាង​ បាន​បញ្ជាក់​ប្រាប់​ថា​ គាត់​ជឿ​ថា​បុណ្យ​ដែល​គាត់​បាន​ធ្វើ​ទៅ​នោះ​ នឹង​បាន​ទៅ​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​។​ «​ជីដូន​ជីតា​យើង​បាន​ចែក​ថា​ន​ទៅ​ ទៅ​កើត​នៅ​អបាយភូមិ​ណាមួយ​ យើង​បោះ​ទៅ​បាន​ទៅ​ដល់​…»​។​
BayBen-02

​អ្នក​បោះ​មួយ​រូប​ទៀត​ កញ្ញា​ ចម្ប៉ា​ បាន​និយាយ​ថា​ កញ្ញា​សប្បាយចិត្ត​នៅ​ពេល​ដែល​កញ្ញា​បាន​មក​បោះ​បាយបិណ្ឌ​ និង​ជូន​កុសល​ទៅ​ដល់​ពពួក​ប្រេត​ដែល​ជា​ញាតិ​ និង​មិនមែន​ជា​ញាតិសន្ដាន​ផង​។​ «​មាន​អារម្មណ៍​ថា​ សប្បាយ​ជ្រះថ្លា​ ព្រោះ​យើង​បាន​ធ្វើបុណ្យ​ គឹ​ត​ក្នុង​ចិត្ត​ថា​ បោះ​ទៅ​ដល់​ពួក​ប្រែ​ត​ដែល​មិន​មាន​ញាត្តិសណ្តាន​ឲ្យ​មក​ទទួល​…»​។​

​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ លោក​ សំបូរ​ មា​ណ្ណា​រា​ យល់​ថា​ ការ​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ​ មាន​ន័យ​ថា​អំពើ​កត្តញូ​ ហើយ​ភាព​កត្តញូ​នេះ​មាន​តាំង​តែ​ពី​សម័យ​បុរេប្រវត្តិ​មក​ម្ល៉េះ​ ។​ លោក​ថា​៖​ «​ទាក់ទង​បញ្ហា​បោះ​បាយបិណ្ឌ​ក្នុង​កម្មវិធី​នៃ​ភ្ជុំបិណ្ឌ​របស់​យើង​ ក្នុង​ន័យ​កតញ្ញូ​ ក្នុង​ន័យ​កតញ្ញូ​នេះ​មាន​ន័យ​ថា​ ខ្មែរ​យើង​បាន​អនុវត្តិ​នូវ​គំនិត​កតញ្ញូ​តាំង​តែ​ពី​យូរ​មក​ហើយ​។​ ហើយ​អនុវត្តិ​គំនិត​កតញ្ញូ​នេះ​តាំង​តែ​ពី​សម័យ​បុរេប្រវត្តិ​មក​ គឺ​ការ​ឲ្យ​តំលៃ​ជំនឿ​ មេបា​ ដូនតា​ជាដើម​…»​។​

BayBen03លោក​សង្កត់ធ្ងន់​ថា​៖​ «​ខ្ញុំ​មិន​បានឃើញ​អំពី​បញ្ហា​ខាតបង់​ទេ​ តែ​ខ្ញុំ​បានឃើញ​អំពី​ផល​ចំណេញ​ជាង​ អ​ញ្ចឹ​ង​ការ​បោះ​បាយបិណ្ឌ​គឺជា​ការ​បង្ហាញ​ប្រាប់​អំពី​ទំនៀមទំលាប់​ផង​ រក្សា​ប្រពៃណី​យើង​ផង​ ហើយ​យើង​នឹង​អាច​ទទួល​បាន​មក​វិញ​ នូវ​ការ​គោរព​ដឹងគុណ​កតញ្ញូ​។​ ផ្ទុយ​មក​វិញ​បើ​យើង​គឹ​តទៅ​លើ​ការ​ខាត​នៃ​ការ​បោះ​ទៅ​ប្រឡាក់​ ចុះ​ហេតុ​អ្វី​បានជា​យើង​មិន​យក​កញ្ឆេរ​ ឬ​យើង​មិន​យក​កន្លែង​ទ្រាប់​ឲ្យ​បាន​ស្អាត​ ដើម្បី​យើង​បំ​ឡែ​ង​បាយបិណ្ឌ​ទាំង​អស់នោះ​ឲ្យ​ទៅ​ជា​ចំណី​សត្វ​ ឬ​ធ្វើ​អ្វីមួយ​ដទៃ​ទៀត​បាន​តើ​!»​។​

​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​រយៈពេល​កាន់បិណ្ឌ​១៥​ថ្ងៃ​ គឺ​ចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ដែល​ថ្ងៃ​ទី​១៥​ជា​ថ្ងៃ​ភ្ជុំ​ធំ​។​ ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នីមួយៗ​ តែងតែ​ចែក​វេ​ណ​គ្នា​ ធ្វើ​បាយ​ម្ហូប​ ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​។​ ហើយ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​ទាំង​១៥​ថ្ងៃនេះ​ដែរ​ ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​បាន​ទៅ​បោះ​បាយបិណ្ឌ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ពពួក​ប្រេត​ ដែល​ជា​ញាត្តិ​ក្តី​ មិនមែន​ជា​ញាត្តិ​ក្តី​ ឲ្យ​មក​ទទួល​មគ្គផល​។​ ប្រជាពលរដ្ឋ​កម្ពុជា​មាន​ជំនឿ​ថា​ កុសលផល​បុណ្យ​ដែល​គេ​បាន​ធ្វើ​ តាម​រយៈ​ការ​ប្រគេន​ម្ហូបអាហារ​ដល់​ព្រះសង្ឃ​នោះ​ នឹង​បាន​ដល់​ញាតិ​ការ​ទាំង​ប្រាំពី​សន្តាន​ ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​៕

Share

ព័ត៌មានទាក់ទង

Image