ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ ៣៥ម៉ឺននាក់បានដើរកំសាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្ររយៈពេល ៣ថ្ងៃនៅខេត្តកោះកុង។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការរៀប ចំបុណ្យសមុទ្រ ចេញផ្សាយនៅថ្ងៃទី១៧ ធ្នូនេះ ក្រោយពិធីបុណ្យសមុទ្របិទបញ្ចប់។
កម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ដែលប្រារព្ធនៅខេត្តកោះកុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ។
ក្នុងពិធីបុណ្យសមុទ្រនេះ អាជ្ញាធរពាក់ព័ន្ធបានរៀបចំការតាំងពិព័ណ៍ផលិតផលក្នុងស្រុក ពិព័រណ៍ម្ហូបអាហារ និងផលិតផលបរទេស ការសម្តែងសិល្បះបុរាណ និងសម័យរបស់សិល្បករជាតិ និងអន្តរជាតិ សកម្មភាពកីឡា ក្បួនព្យុហយាត្រា និងការកម្សាន្តសប្បាយជាច្រើនទៀត។
តាមការឱ្យដឹងពីលោក សុវណ្ណ ប៊ុនធឿន ប្រធានច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង បានបញ្ជាក់ថា រយៈពេល២ថ្ងៃ នៃពិធីបុណ្យសមុទ្រ មានប្រជាពលរដ្ឋខ្មែរចំនួន១,៥០០នាក់ បានឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីស្នាក់នៅ និងដើរលេងកំសាន្ដ។
ថ្លែងក្នុងពីធីបើកបុណ្យសមុទ្រលើកទី ៧ នៅខេត្តកោះកុងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឲ្យដឹងថា ខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជានឹងទទួលភ្ញៀវទេសចរបាន ៤,៤២ លាននាក់ត្រឹមចុងឆ្នាំ ២០១៨ ខណៈភ្ញៀវបរទេស នឹងកើនឡើងដល់ ៩២ ម៉ឺននាក់ និងទេសចរក្នុងស្រុកនឹងមានចំនួន ៣,៥ លាននាក់។
របាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ១០ខែបង្ហាញថា ភ្ញៀវអន្តរជាតិបានកើនដល់ ៧៧ម៉ឺន នាក់នៅក្នុងខេត្តតំបន់ឆ្នេរ ដែលកើនឡើង ២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន៕