អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល បានលើកឡើងប្រហាក់ប្រហែលគ្នាថា វិធានការផ្លូវច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រីទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ករណីដែលលោកបន្តលើកឡើងពីបញ្ហាផែនទីនោះ ថាជាការរំលោភសិទ្ធិ និងកិច្ចការរបស់អ្នកតំណាងរាស្ត្រ ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីបំភ្លឺមួយ កាលពីថ្ងៃទី០៨ខែតុលា ម្សិលមិញ ថានឹងពិចារណាចាត់វិធានការលើតំណាងរាស្ត្រគណបក្សសង្គ្រោះ ដែលបានលើកយកបញ្ហាផែនទីមកសើរើជាថ្មី ដោយចាត់ទុកសកម្មភាពលោកអ៊ំ សំអាន ថាជាឧបាយកលទុច្ចរិត បំពុលបរិយាកាសសង្គម ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ជាមួយវិទ្យុស្ត្រីអេស្វអឹម ១០២ នៅថ្ងៃទី៩ ខែតុលា ថា ការចេញសេចក្តីបំភ្លឺរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ថានឹងពិចារណាចាត់វិធានការលើលោក អ៊ុំ សំអាន នោះគឺជាការរំលោភសិទ្ធិ និងកិច្ចការរបស់អ្នកតំណាងរាស្ត្រ ។
លោក គល់ បញ្ញា ពន្យល់ថា អ្នកតំណាងរាស្ត្រគឺមានសិទ្ធិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតដល់អ្នកតំណាងធ្វើការស្រាវជ្រាវលើបញ្ហាសំខាន់ៗ ដើម្បីយកមកដាក់បង្ហាញ និងសួរដេញដោលរដ្ឋាភិបាល ។ លោក គល់ បញ្ញា៖ «ដើម្បីគេដេញដោលរដ្ឋាភិបាលបាន គេត្រូវស្រាវជ្រាវទៅ ដល់ពេល គេរកឃើញមានបញ្ហាអី គេដាក់បង្ហាញបញ្ហាហ្នឹង។ យើងគេមានសិទ្ធិដេញដោលគ្រប់វិស័យ តាំងពី វិស័យសន្តិសុខ រហូតដល់វិស័យព្រំដែន ឬក៏រឿងសេដ្ឋកិច្ច ឬរឿងអីក៏ដោយ ។ ដូច្នេះអាហ្នឹង ជាតួនាទីរបស់អ្នកតំណាងរាស្ត្រ អញ្ចឹងគ្មានរឿងអីមកចោទប្រកាន់អីគេបានទេ»។
ចំណែកឯសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថា ការព្រមានរបស់អង្គភាពប្រតិកម្មរហ័ស ទៅលើកការស្រាវជ្រាវបន្ថែមលើផែនទី របស់លោក អ៊ុំ សំអាន គឺមិនមែនជាប្រការល្អនោះទេ ព្រោះថាបញ្ហាបូរណភាពទឹកដី គឺជារឿងរបស់ជាតិទាំងមូល ។
លោកសាស្ត្រាចារ្យសូ ចន្ថា បន្ថែមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកតំណាងរាស្ត្រ អាចមានសិទ្ធិ និងកាតព្វកិច្ចចូលរួមស្វែងយល់ និងរកឲ្យឃើញនូវការពិត ។ លោកបន្តថា ការចេញសេចក្តីថ្លែងការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី គឺហាក់មិនសមស្របតាមរដ្ឋធម្មនុញ្ញដែលបានចែកអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រនោះទេ ។ លោកថា៖ «ខ្ញុំថាមិនជារឿងល្អនោះទេ ពីព្រោះបញ្ហារឿងបូរណភាពទឹកដី ជារឿង ជាតិទាំងអស់ គ្នា ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ គាត់មានសិទ្ធិ មានកាតព្វកិច្ចកក្នុង ការចូលរួម ស្វែងយល់ រកឲ្យឃើញការពិត។ មួយវិញទៀតលោក អ៊ុំ សំអាន ក៏ជាអ្នក តំណាង រាស្ត្រ អញ្ចឹងអ្នក តំណាង រាស្ត្រត្រូវមានកាតព្វកិច្ចការពារផលប្រយោជន៍រាស្ត្រ ផលប្រយោជន៍ជាតិ ដូច្នេះការចេញសេចក្តីថ្លែង ការណ៍ហ្នឹង មិនសមស្របទៅនឹងរដ្ឋធម្មនុញ្ញដែលចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រទេ បាទ!»។
សូមរំឭកថា កាលពីថ្ងៃទី៧ ខែតុលា លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុករបស់លោក និងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថា លោកបានរកឃើញផែនបោនខ្នាត១/១០០.០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនឆ្នាំ១៩៥២, ១៩៥៣ ដែលកម្ពុជាបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៤។ លោកថា ផែនទីនោះស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ លោកអ៊ុំ សំអាន បានជំរុញឲ្យរដ្ឋាភិបាលខ្ចីផែនទីបោនពីអង្គការសហប្រជាជាតិម្តងទៀត ដោយលោកថា កាលពីលើកមុនមន្ត្រីរដ្ឋាភិបាលមិនបានសុំខ្ចីផែនទីបោនពីអង្គការសហប្រជាជាតិទេ តែយកខ្ចីផែនទីUTMផ្ទៀងផ្ទាត់ទៅវិញ។
មួយថ្ងៃក្រោយការបង្ហាញរបស់លោកអ៊ុំ សំអាន អំពីការរកឃើញផែនទីនោះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មតប ដោយចោទថា លោក អ៊ុំ សំអាន កំពុងបន្តចិញ្ចឹមឧបាយកលទុច្ចរិត បំពុលបរិយាកាស អំពីបញ្ហាអធិបតេយ្យជាតិនិងបូរណភាពទឹកដី ក្រោយពីរដ្ឋាភិបាលបានបញ្ចប់ការផ្ទៀងផ្ទាត់ផែនទីផ្លូវការ និងស្របច្បាប់។
សេចក្តីបំភ្លឺបន្តថា រាល់ផែនទីដែលរាជរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ និងមានតម្លៃគតិយុត្ត គឺជាផែនទីដែលមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ពោលគឺរាជរដ្ឋាភិបាលស្នើទៅអង្គការសហប្រជាជាតិនូវផែនទី ដែលស្របតាមរដ្ឋធម្មនុញ្ញ ដែលបានតម្កល់នៅ អ.ស.ប នៅឆ្នាំ១៩៦៤ មិនមែនផែនទីឆ្នាំ១៩៥៤ ដូចការលើកឡើងរបស់ឯកឧត្តម អ៊ុំ សំអាននោះទេ។
សូមបញ្ជាក់ថា ក្រោយការផ្ទៀងផ្ទាត់ផែនទីរវាងកម្ពុជាជាមួយផែនទីតម្កល់ទុកនៅអង្គការសហប្រជាជាតិនិងបារាំងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីនៅក្រោមបង្គាប់ បន្តបោះបង្គោលព្រំដែនជាមួយវៀតណាម និងព្រមានចាត់វិធានការចំពោះអ្នករិះគន់បញ្ហាព្រំដែនដែលថាប្រើប្រាស់ផែនទីក្លែងក្លាយ៕