ភ្នំពេញ ៖ របាយការណ៍របស់ AfterAccess ដែលផ្សព្វផ្សាយកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨ បានបង្ហាះថា ស្ដ្រីមានចំនួនច្រើនជាងបុរស ដែលត្រូវបានបំពានតាមអនឡាញ តាមរូបភាពបៀតបៀនកេរ្ដិ៍ភេទ។ ជាងនេះពលរដ្ឋខ្មែរភាគច្រើន មិនបានស្គាល់ច្បាស់ពីអ្វីទៅជាប្រព័ន្ធអ៊ិនធឺណិតនោះទេ។ នាយិកា អង្គការ GAD/C ទទួលស្គាល់របាយការណ៍នេះ ហើយជឿជាក់ថា មានស្ដ្រីច្រើនជាងនេះដែលត្រូវបានបៀតបៀនកេរ្ដិ៍ភេទតាមប្រព័ន្ធអ៊ិនធឺណិត។
លោក លៀ ស៊ីណា រាយការណ៍៖
របាយការណ៍ស្ទង់មតិរបស់ AfterAccess ត្រូវបានផ្សព្វផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា ដោយ LINEASIA ដែលជាបណ្ដុំអ្នកផ្ដល់គំនិតគោលនយោបាយ ទាក់ទង នឹងបច្ចេកទេសវិទ្យាព័ត៌មាន និងទំនាក់ទំនងក្នុងកំបន់ ផ្ដល់ទិន្នន័យថ្មីៗ ទាក់ទងលើការប្រើប្រាស់ទូរស័ព្ទ និងប្រព័ន្ធអ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។
ការស្ទង់មតិនេះបានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ដែលមានអាយុចាប់ពី ១៥ ទៅ ៦៥ឆ្នាំ ចំនួន ២៦ភាគរយទទួលរងការបំពានជាទម្រងផ្សេងៗតាមរយៈអនឡាញ។ ជាងនេះការបំពានត្រូវបានសង្កេតឃើញថា ស្ដ្រីរងការប្រឈមនិងបំពានរហូតដល់ជាង ២៩ភាគរយ សម្រាប់អាយុចន្លោះពី ១៥ ដល់ ៦៥ឆ្នាំ បើប្រៀបធៀបទៅបុរសមានតែ ២៦ភាគរយទេ។ ការតាមដានដោយសម្ងាត់នៅលើអ៊ិនធឺណិត ឬ Cyberstalking គឺជាការបារម្ភមួយរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា។
លោក ហេឡានី ហ្កាប៉ាយ៉ា អ្នកស្រាវជ្រាវនាំមុខគេផ្នែកស្ទង់មតិនៅទ្វីបអាស៊ី និងជានាយកប្រតិបត្ដិ របស់ LINEASIA មានប្រសាសន៍ថា កម្ពុជាគឺបានគ្រប់គ្រងភាពជាកម្មសិទ្ធិនៃទូរស័ព្ទ បានល្អប្រសើរជាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា។ ក៏ប៉ុន្ដែបើសិនជាគិតពីការយកចិត្ដទុកដាក់ទៅលើវិស័យទូរគមនាគមន៍ ក្នុងរយៈពេលថ្មីៗកន្លងមក ព្រមជាមួយនឹងវិធានការយ៉ាងសកម្ម ដែលត្រូវបានគិតគូ យ៉ាងហ្មតចត់ ចំពោះគោលនយោបាយ ការបំពាននៅលើអ៊ីនធឺណិតទាំងនេះ មើលទៅអាចជាមូលហេតុ នៃការបារម្មណ៍នេះ។
របាយការណ៍ស្ទង់មតិរបស់ AfterAccess បានបន្ដទៀតថា មានតែប្រជាពលរដ្ឋប្រមាណ ១១ភាករយ នៃចំនួនប្រជាជនចាប់ពីអាយុ ១៥ ទៅ ៦៥ឆ្នាំទេ ដែលនិយាយថាពួកគេស្គាល់ថា អ្វីទៅជាអ៊ិនធឺណិត។ ដោយឡែកពលរដ្ឋរហូតដល់ ៣៦ភាគរយ ដែលហាក់នៅស្ទាក់ស្ទើរក្នុងការនិយាយថាពួកគេស្គាល់។ តែយ៉ាងណាក៏នៅមានពលរដ្ឋច្រើនទៀតដែលបាននិយាយថា ពួកគេមិនដឹងប្រើប្រាស់អ៊ិនធឺណិតដើម្បីអ្វី។
នៅប្រទេសកម្ពុជា មានគ្រួសារ និងបុគ្គលចំនួន ២១០០នាក់ ពី ១០០ភូមិ និង២៥ រាជធានី ខេត្ដត្រូវបានស្ទង់មតិ។ វិធីសាស្ដ្រ នៃការស្រង់យកទិន្នន័យត្រូវបានរចនាឡើងដើម្បីធានាការតំណាង នៃក្រុមគោលដៅ ដោយជ្រើសយក ប្រជាជនអាយុពី ១៥ ទៅ ៦៥ឆ្នាំ នៅថ្នាក់ជាតិ ដែលមានចម្លោះកំរិតជឿជាក់ និងលទ្ធភាពខុសឆ្គងតិចតូចបំផុត +/-3.3%។
វិធីសាស្ដ្រដែលត្រូវបានប្រើប្រាស់នៅប្រទេសកម្ពុជាអាចប្រៀបធៀបបានជាមួយនឹង ប្រទេសជាង ១៨ដែលធ្លាប់បានស្រង់មតិ នៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។ មូលដ្ឋានទិន្នន័យ AfterAccess មានភាពហ្មត់ចត់ និងទូលំទូលាយបំផុតក្នុងពិភពលោកខាងត្បូង។ ទិន្នន័យដែលមានសព្វថ្ងៃ ត្រូវបានស្រង់តាមរយៈ ការសម្ភាសន៍ដោយផ្ទាល់មាត់ជាមួយគ្រួសារ និងបុគ្គលចំនួន ៣៨០០៥នាក់។ ទិន្នន័យនេះ ផ្ដល់ចន្លោះឲ្យការបែងចែក រវាង យេនឌ័រ តំបន់ដាច់ស្រយាល ឬទីក្រុង និងអាយុ ព្រមទាំងកត្ដាផ្សេងៗទៀតដែរ។
យ៉ាងណាយោងតាមការសង្កេតមើលជាក់ស្ដែង ស្ដ្រីជារឿយៗត្រូវបានគេថត នឹងបង្ហោះចូលបណ្ដាញសង្គមផ្សេងៗ ដែលនាំឲ្យពួកគាត់រងភាពអាម៉ាស់ ជាងខ្លាំង។ នាយិកាអង្គការសង្គមស៊ីវិល យល់ថា ការបំពានលើស្ដ្រីតាមអ៊ិនធឺណិតនេះ គឺជាបញ្ហាប្រឈមមួយដែលត្រូវតែដោះស្រាយ និងអន្ដរាគមន៍។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GAD/C មានប្រសាសន៍ថា របាយការណ៍ដែលបង្ហាញនេះ លោកស្រីគាំទ្រ ហើយសម្រាប់លោកស្រីផ្ទាល់គិតថា អាចមានចំនួនច្រើនជាងនេះទៅទៀត បើយោងតាមបណ្ដាញសង្គមដែលកំពុងតែវឹកវ៉ ចំពោះបុគ្គលមួយចំនួនដែលប្រើប្រាស់ដោយខ្វះក្រមសីលធម៌។ ជាងនេះលោកស្រីថា ការគោរពសិទ្ធិស្ដ្រីក៏ជាបញ្ហាគួរឲ្យកង្វល់ណាស់ ពីក្រុមមួយចំនួនដែលហាក់មិនចាប់អារម្មណ៍លើចំណុចនេះ។
ដើម្បីដោះស្រាយ និងទប់ស្កាត់ការបំពាន ការបៀតបៀនកេរ្ដិ៍ភេទលើស្ដ្រីតាមបណ្ដាញអ៊ិនធឺណិតនេះ លោកស្រីសំណូមពរឲ្យពលរដ្ឋទូទៅពិសេសបុរស គោរពសិទ្ធិស្ដ្រី និងពង្រឹងពីក្រមសីលធម៌របស់ខ្លួនក្នុងការប្រើប្រាស់អ៊ិនធឺណិត។ ជាងនេះលោកស្រីយល់ឃើញថា រដ្ឋគួរតែបន្ថែមកម្មវិធីអប់រំទាក់ទងនឹងទំនាក់ទំនងបុរសស្ដ្រី ពិសេសគឺការប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន និងការគោរពសិទ្ធិរបស់អ្នកដទៃ ពិសេសគឺសិទ្ធិស្ដ្រី។ លោកស្រីបន្ដថា កាលណាយុវជនបានសិក្សាពីរឿងទាំងអស់នេះស៊ីជម្រៅ នោះនឹងធ្វើឲ្យពួកគេមានការគិតបានរឹងមាំ ដោយមិនចេះតែធ្វើអ្វីទៅតាមការនឹកឃើញ៕