ភ្នំពេញ៖ កម្ពុជា–ចិន បានចុះកិច្ចព្រមព្រៀងចំនួនពីរក្នុងការផ្តល់កម្ចីមកឱ្យរាជរដ្ឋាភិបាលកម្ពុជានូវទំហំទឹកប្រាក់សរុបជាង ២៦៤ លានដុល្លារអាមេរិក សម្រាប់កម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធ។ គិតត្រឹមឆ្នាំ ២០១៨នេះ កម្ពុជាជាប់បំណុលចិនជិត ៦០០០ លានដុល្លារអាមេរិក។
លោក ធូ វិរៈ រាយការណ៍
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះផ្សាយនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២១៨ ឱ្យដឹងថា ក្នុងពិធីចហត្ថលេខាកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កាលពីថ្ងៃទី ១៣ ធ្នូ ម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរជាមួយ លោក Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវហិរញ្ញប្បទានឥតសំណងដែលមានទំហំទឹកប្រាក់ ១២០០ លានយ័នចិន ឬប្រហែលជាង១៧៤ លានដុល្លារអាមេរិក។ កម្ចីនេះសម្រាប់គម្រោងលើកកម្ពស់ជីវភាពប្រជាជន និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ។
ចំណែកកិច្ចព្រមព្រៀងមួយទៀតស្តីពីឥណទានសម្បទានដែលមានទំហំទឹកប្រាក់ចំនួន ៦២២ លានយ័នចិន ស្មើប្រមាណ ៩០ លានដុល្លារអាមេរិក។ ប្រាក់កម្ចីនេះសម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០១៨ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិនមានចំនួនសរុប ៥៨០០ លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ ឥណទានសម្បទានមានចំនួនសរុប ៤៤០០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសមានចំនួនប្រមាណ ១៤០០ លានដុល្លារអាមេរិក៕