ភ្នំពេញ ៖ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែធ្នូ ម្សិលមិញ បានប្រគល់រថយន្ដគ្លីនិកចល័តចំនួន ២០គ្រឿងដល់ក្រសួងសុខាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ រថយន្ដគ្លីនិកចល័តទាំង ២០គ្រឿងនេះ នឹងប្រគល់ជូនមន្ទីរសុខាភិបាល រាជធានី-ខេត្ដចំនួន ១៥។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
ការផ្ដល់រថយន្ដគ្លីនិកចល័ត ២០គ្រឿងនេះ គឺជាជំនួយឥតសំណងពីប្រទេសចិនដល់កម្ពុជា ជាលើកទី២ ដែលសរុបមានរថយន្ដចំនួន ៤០គ្រឿង។ រថយន្ដគ្លីនិកចល័តនេះ នឹងត្រូវបែងចែកឲ្យទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ដទាំង២៥ ដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ ដែលនឹងរួមចំណែកបង្ខិតសេវាសុខាភិបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
ការផ្ដល់រថយន្ដចល័តនេះ គឺធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងលោក ដេង បូហ្គីង (Deng Boqing) អនុប្រធានទីភ្នាក់ងារសហប្រតិបត្ដិការណ៍អន្ដរជាតិចិនសម្រាប់អភិវឌ្ឍន៍ (China International Development Cooperation Agency)។
ថ្លែងនៅក្នុងពិធីទទួលនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា គឺតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការជំរុញឲ្យគម្រោងនានាលេចចេញជារូបរាងយ៉ាងឆាប់រហ័ស ហើយនេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីគម្រោងមួយចំនួន ដែលបាននិងកំពុងអនុវត្ដ។
លោករដ្ឋមន្ដ្រីបន្ដថា ចិនបានផ្ដល់មកកម្ពុជាដែលមានដូចជា រថយន្ដគិលានសង្គ្រោះចំនួន ២០០គ្រឿង ម៉ាស៊ីនអេកូសាស្ដ្រចំនួន ២០០គ្រឿង ការសាងសង់អគារមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកខេត្ដត្បូងឃ្មុំ និងរថយន្ដគ្លីនិកចល័តដែលសរុបទាំងពីរលើកចំនួន ៤០គ្រឿង។ រថយន្ដគ្លីនិកចល័តទាំង ២០គ្រឿងលើកទី២នេះ នឹងប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខេត្ដកំពង់ធំ ខេត្ដកំពត កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី ស្ទឹងត្រែង ឧត្ដរមានជ័យ កែប ប៉ៃលិន និងខេត្ដត្បូងឃ្មុំ។
គិតមកដល់ថ្ងៃទី១៣ ខែធ្នូនេះ រថយន្ដគ្លីនិកចល័តទាំងអស់នោះមិនទាន់បានទៅដល់មន្ទីរសុខាភិបាលតាមគោលដៅដែលក្រសួងសុខាភិបាលកំណត់នៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាលចំនួនពីរ ដែលវិទ្យុស្ដ្រីបានសម្ភាស។
លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ដក្រចេះ មានប្រសាសន៍ថា យោងតាមផែនការដែលក្រសួងសុខាភិបាលបានដាក់ចេញ មន្ទីររបស់លោកបានទទួលរថយន្ដគ្លីនិកចល័តនេះចំនួន១គ្រឿង ក៏ប៉ុន្ដែរថយន្ដមិនទាន់បានបញ្ជូនទៅដល់មន្ទីរសុខាភិបាលខេត្ដក្រចេះនៅឡើយទេ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា រថយន្ដនេះនឹងត្រូវប្រើប្រាស់សម្រាប់ការចុះព្យាបាលជំងឺជូនប្រជាជនស្ថិតនៅតំបន់ឆ្ងាយ ឬក៏ខណៈដែលបញ្ហាគ្រោះធម្មជាតិ និងការផ្ទុះជំងឺជាដើម។ ប្រធានមន្ទីរសុខាភិបាលខេត្ដក្រចេះ សង្កត់ធ្ងន់ថា រថយន្ដគ្លីនិកចល័តនេះ នឹងជួយសម្រួលយ៉ាងច្រើនដល់កិច្ចការសុខាភិបាល ក្នុងការនាំសេវាសុខាភិបាលទៅកាន់តែជិតប្រជាពលរដ្ឋ ៖«បាទនេះវាសម្រួលដល់ការងារដែលយើងចុះធ្វើការព្យាបាល នៅតាមជនបទហ្នឹងឯង តាមសហគមន៍ឆ្ងាយៗហ្នឹងបាទ ព្រោះយើងត្រូវមានក្នុងនោះវាមានសម្ភារបរិក្ខាពេទ្យដែលនៅក្នុងហ្នឹងដើម្បីចុះធ្វើការងារហ្នឹង»។
ដូចគ្នាដែរលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ដឧត្ដរមានជ័យ ប្រាប់វិទ្យុស្ដ្រីថា មន្ទីរសុខាភិបាលរបស់លោកទទួលបានរថយន្ដ១គ្រឿង ក៏ប៉ុន្ដែរថយន្ដគ្លីនិកចល័តនោះមិនទាន់បញ្ជូនទៅដល់ឧត្ដរមានជ័យទេ។ លោកវេជ្ជបណ្ឌិតបន្ដថា រថយន្ដទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ចុះតាមមូលដ្ឋានឃុំនីមួយៗ ដើម្បីអាចពិនិត្យព្យាបាលជំងឺ ហើយពិសេសទៅតាមតំបន់ដែលមិនសូវមានមណ្ឌលសុខភាព។ ក៏ប៉ុន្ដែគឺអាស្រ័យទៅលើពេលវេលា និងថវិកា។
ប្រធានមន្ទីរសុខាភិបាលខេត្ដឧត្ដរមានជ័យបន្ដថា រថយន្ដគ្លីនិកចល័តនេះ នឹងជួយសម្រួលបានច្រើន ក្នុងការជួយកាត់បន្ថយការចំណាយថវិកាពលរដ្ឋមកស្វែងរកមណ្ឌលសុខភាព ហើយម្យ៉ាងវិញទៀតក្នុងរថយន្ដនោះគឺផ្ទុកឧបករណ៍ច្រើនប្រភេទគ្រប់គ្រាន់ក្នុងការជួយព្យាបាលពលរដ្ឋ ៖«អ្វីដែលសំខាន់ឧបករណ៍ សម្ភារក្នុងរថយន្ដហ្នឹងវាមានច្រើន ឧបមាថា ទាក់ទងនិងរឿងធ្មេញ វាមានកៅអីធ្មេញ សម្ភារបរិក្ខា ហើយមានម៉ាស៊ីន អ៊ិចសារ៉េ អេកូ ហើមានប្រដាប់មើលតាមដានស្រាវជ្រាវទៅលើមហារីកដោះអីវាមានម៉ាស៊ីនគេថតទៀត។ អញ្ចឹងវាមានច្រើនសម្រាប់ធ្វើការងារហ្នឹង វាហាក់ដូចជាមន្ទីរពេទ្យមួយទៅហើយអាហ្នឹង ហើយយើងត្រូវប្រើមនុស្សច្រើនចូលរួមធ្វើអញ្ចឹងមានន័យថា វាសឹងតែគ្រប់ជ្រុងជ្រោយក្នុងការមើលជំងឺក្នុងតំបន់ណាមួយ»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ សាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្ដដ៏យូរអង្វែងរបស់កម្ពុជា បានផ្ដល់ជំនួយឥតសំណងជាច្រើន ដែលមានដូចជា រថយន្ដគ្លីនិកចល័ត ៤០គ្រឿង សាងសង់មន្ទីរពេទ្យមិត្ដភាពខ្មែរ-ចិន នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យត្បូងឃ្មុំ ហើយកន្លងមក ចិនបានផ្ដល់នូវរថយន្ដជួយសង្គ្រោះ ២០០គ្រឿង និងឧបករណ៍អេកូ ២០០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋកម្ពុជា៕