en     km
en     km

ខេត្ដបាត់ដំបង​ ៖​ ពលរដ្ឋ​ប្រទះ​គ្រាប់​មីនតោន​១​គ្រាប់​ខណៈ​កំពុង​ភ្ជួរស្រែ​

Share

​ភ្នំពេញ​ ៖​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ផ្សព្វផ្សាយ​កាលពី​រសៀល​ទី​១២​ ខែធ្នូ​ថា​ កសិករ​ម្នាក់​ បាន​ប្រទះ​គ្រាប់​មីនតោន​១​គ្រាប់​ ខណៈ​ដែល​បុរស​រូប​នោះ​កំពុង​តែ​ភ្ជួរស្រែ​។​ គេហទំព័រ​ដដែល​បន្ដ​ទៀត​ថា​ មីនតោន​ដែល​ពលរដ្ឋ​ប្រទះ​នោះ​ គឺជា​ពពួក​មីន​ ដែល​បន្សល់​ទុក​ពី​សម័យ​ដែល​កម្ពុជា​ជួប​សង្គ្រាម​។​

​កសិករ​ដែល​ប្រទះ​គ្រាប់​មីនតោន​រូប​នោះ​ គឺ​ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត​ ឃុំ​តា​សាញ​ ស្រុក​សំឡូត​ ខេត្ដបាត់ដំបង​។​ យ៉ាងណា​សមត្ថកិច្ច​មូលដ្ឋាន​ ចាត់​ទុក​ថា​ ជា​សំណាង​សម្រាប់​បុរស​រូប​នោះ​ ដែល​ភ្ជួរ​ដី​ជា​ច្រើន​លើក​មក​ហើយ​ ប៉ុន្ដែ​មិន​ទទួល​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីនតោន​។​ នៅ​ពេល​នេះ​គ្រាប់​យុទ្ធភណ្ឌ​មួយ​គ្រាប់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ យក​ទៅ​រក្សា​ទុក​ និង​បាន​រាយការណ៍​ទៅ​ម​ជ្ឃ​មណ្ឌល​សកម្មភាព​កំចាត់​មីន​ (CMAC)​ ប្រចាំ​ខេត្ដ​ ដើម្បី​យក​ទៅ​កម្ទេច​ចោល​។​

​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (CMAC)​ តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​កន្លង​មក​ បាន​បញ្ជាក់​ថា​ គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ មិន​ថា​ មាន​សភាព​ច្រែស​ចាប់​ ឬ​ក៏​នៅ​រយៈពេល​យូរ​យ៉ាងណា​នោះ​ទេ​ ក៏​គ្រាប់​ទាំង​អស់នោះ​ នៅ​តែ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​បាន​។​ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ នៅ​ពេល​ដែល​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ គឺ​មិន​ត្រូវ​ព្យាយាម​យក​គ្រាប់​នោះ​ ទៅ​កែ​ច្នៃ​ ឬ​យក​ចេញពី​កន្លែង​ដើម​ឡើយ​ ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ លោក​បញ្ជាក់​ថា​ នៅ​ពេល​ដែល​បាន​ជួប​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ ត្រូវ​រូតរះ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ឬ​អង្គភាព​ ស៊ី​ម៉ាក់​ ដើម្បី​ទៅ​បន្សាប​ឥទ្ធិពល​របស់​គ្រាប់​ និង​កម្ទេច​ចោល​៕​

Share

Image
Image
Image