ភ្នំពេញ ៖ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយកាលពីរសៀលទី១២ ខែធ្នូថា កសិករម្នាក់ បានប្រទះគ្រាប់មីនតោន១គ្រាប់ ខណៈដែលបុរសរូបនោះកំពុងតែភ្ជួរស្រែ។ គេហទំព័រដដែលបន្ដទៀតថា មីនតោនដែលពលរដ្ឋប្រទះនោះ គឺជាពពួកមីន ដែលបន្សល់ទុកពីសម័យដែលកម្ពុជាជួបសង្គ្រាម។
កសិករដែលប្រទះគ្រាប់មីនតោនរូបនោះ គឺស្ថិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្ដបាត់ដំបង។ យ៉ាងណាសមត្ថកិច្ចមូលដ្ឋាន ចាត់ទុកថា ជាសំណាងសម្រាប់បុរសរូបនោះ ដែលភ្ជួរដីជាច្រើនលើកមកហើយ ប៉ុន្ដែមិនទទួលគ្រោះថ្នាក់ដោយសារគ្រាប់មីនតោន។ នៅពេលនេះគ្រាប់យុទ្ធភណ្ឌមួយគ្រាប់នោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក និងបានរាយការណ៍ទៅមជ្ឃមណ្ឌលសកម្មភាពកំចាត់មីន (CMAC) ប្រចាំខេត្ដ ដើម្បីយកទៅកម្ទេចចោល។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបទសម្ភាសជាមួយវិទ្យុស្ដ្រីកន្លងមក បានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ មិនថា មានសភាពច្រែសចាប់ ឬក៏នៅរយៈពេលយូរយ៉ាងណានោះទេ ក៏គ្រាប់ទាំងអស់នោះ នៅតែមានឥទ្ធិពលបង្កគ្រោះថ្នាក់បាន។ លោកអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប នៅពេលដែលប្រទះគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ គឺមិនត្រូវព្យាយាមយកគ្រាប់នោះ ទៅកែច្នៃ ឬយកចេញពីកន្លែងដើមឡើយ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ លោកបញ្ជាក់ថា នៅពេលដែលបានជួបគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ ត្រូវរូតរះផ្ដល់ដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព ស៊ីម៉ាក់ ដើម្បីទៅបន្សាបឥទ្ធិពលរបស់គ្រាប់ និងកម្ទេចចោល៕