en     km
en     km

ក្រសួងមហាផ្ទៃសម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ៥ រាជធានី-ខេត្ត

Share

ក្រុងភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន ៥ ដើម្បីបង្ក្រាបបទល្មើសនេះឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

សម្តេច ស ខេង បានថ្លែងថា៖ « ខ្ញុំឲ្យបង្កើតការិយាល័យមួយនៅតាមស្នងការដ្ឋានចំនួូន ៤ កន្លែង គឺការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា តែនៅក្រសួង អគ្គស្នងការដ្ឋាននគរបាលជាតិមានហើយ ប៉ុន្តែនៅរាជធានី-ខេត្តចំនួន ៤ មានរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ និង ស្វាយរៀង ហើយថ្ងៃក្រោយនឹងបង្កើតទូទាំងប្រទេស»

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ឯក ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា ក្រសួងមហាផ្ទៃ បានបង្កើតរួចរាល់ហើយនូវការិយាល័យប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យានេះ ប៉ុន្តែមិនទាន់មានចេញជារូបរាងនោះទេ ពោលនៅពេលនេះក្រសួងកំពុងរៀបចំបណ្តាញ រចនាសម្ព័ន្ធ និង បណ្តុះបណ្តាលដល់មន្រ្តីជំនាញ ដែលត្រូវបំពេញភារកិច្ចនេះ។

លោកបានថ្លែងថា៖ «ក្រសួងបានបង្កើតរួចហើយ នូវការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ ប៉ុន្ដែមិនទាន់ចេញជាផ្លូវការនោះទេ ព្រោះថាពេលនេះកំពុងតែបណ្ដុះបណ្ដាលជំនាញ និងរចនាសម្ព័ន្ធ។ ការិយាល័យនេះ នឹងបង្កើតនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តសៀមរាប ហើយបន្ដទៅខេត្តបន្ទាយមានជ័យ»

សូមបញ្ជាក់ថា ក្រៅតែពីការងារប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ សម្តេច ស ខេង ក៏បាននៅបន្តជំរុញឲ្យបង្កើតបទល្មើសគ្រឿងញៀន និង រិតបន្តឹងលើការងារច្បាប់ចរាចរណ៍ផងដែរ។ បើតាមសម្តេច ពាក់ព័ន្ធជាមួយករណីគ្រឿងញៀន ត្រូវតែសហការជាមួយ ម្ចាស់ក្លឹបកម្សាន្ត ផ្ទះសំណាក់ និង កន្លែងកម្សាន្តសប្បាយជាដើម៕

Share

ព័ត៌មានទាក់ទង

Image