ភ្នំពេញ៖ ភ្ញៀវទេសចរចិនជាង ១ លាន ៦ សែននាក់ មកទស្សនាកម្ពុជារយៈពេល ១០ខែ ក្នុងឆ្នាំ២០១៨នេះ ដោយកើនឡើងជាង ៧១ ភាគរយ។
កម្ពុជាទទួលបានភ្ញៀវទេសចរចិនមកទស្សនាចំនួន ១,៦១ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០១៨ ដោយកើនឡើង ៧១,៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ប្រចាំខែ តុលា ឆ្នាំ ២០១៨ បញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរលំហែ កម្សាន្តមកតំបន់អាស៊ីអាគ្នេយ៍សរុប ៤,៨២ លាននាក់ ក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ ២០១៨ដោយកើនឡើង ១១,៥ ភាគរយ បើធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមនោះ ភ្ញៀវទេសចរវៀតណាមជាង ៦ សែន នាក់ ថយចុះ ៤,៧ ភាគរយ និងភ្ញៀវទេសចរ ឡាវ ជាង ៣ សែន នាក់ ថយចុះ ១៩, ៥ភាគរយ ហើយ ភ្ញៀវទេសចរណ៍វៀតណាម ឡាវ ថៃ កូរ៉េ សហរដ្ឋអាមេរិក ជប៉ុន និងចក្រភពអង់គ្លេងធ្លាក់ចុះ ប៉ុន្តែភ្ញៀវទេសចរ ចិន ម៉ាឡេស៊ី និង បារាំង មានការកើនឡើង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃ ពុធ ទី ១២ ធ្នូ។
ក្នុងរបាយការណ៍នេះបង្ហាញទៀតថា ក្នុងចំណោមភ្ញៀវទេសចរបរទេសមកដើរកម្សាន្តនៅកម្ពុជា ភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន៣៣,៧ ភាគរយ គិតចាប់ពីខែ មករា ដល់ តុលា ឆ្នាំ ២០១៨នេះ។
ក្រសួងទេសចរណ៍រំពឹងថា ភ្ញៀវទេចរណ៍ចិននឹងមកទស្សនាកម្ពុជាជាង ២,៥ លាននាក់ នៅឆ្នាំ ២០២០។
ជាកត់សម្គាល់ភ្ញៀវទេចរចិនកាន់តែច្រើនឡើងមកទស្សនាកម្ពុជាបង្ហាញអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ព្រមទាំំងការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា–ចិន ផងដែរ។
ប្រទេសកម្ពុជាមានភាពល្បីល្បាញផ្នែកបេតិកភណ្ឌពិភពលោក មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និង ប្រាសាទសម្បូរព្រៃគុក។ ក្រៅពីនេះកម្ពុជាមានឆ្នេរដ៏ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តចំនួនបួនគឺ ខេត្តកោះកុង ព្រះសីហនុ កំពង និងកែប។
ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត លើពិភពលោក នៅឆ្នាំ ២០១៨នេះ ដែលផ្តល់ដោយទីភ្នាក់ប្រឹក្សាយោបល់ការធ្វើដំណើរពិភពលោក( Trip Advisor) កាលពីថ្មីនេះ។
កាលពីឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេចរណ៍អន្តរជាតិ ៥,៦ លាននាក់ រួមបញ្ជូលទាំងភ្ញៀវទេចរណ៍ចិន ១,២១ លាននាក់ ដោយរកចំណូលបាន ៣,៦ ពាន់លានដុល្លារ៕