ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ សហការជាមួយអង្គការមួយចំនួន កំពុងសិក្សាពីមេរៀនអំពីសុខភាពបន្ដពូជ និងសុខភាពផ្លូវភេទ ដើម្បីដាក់ចូលក្នុងកម្មវិធីអប់រំ។ យ៉ាងណាក្រសួងមិនទាន់អាចបញ្ជាក់បានទេ ថា មេរៀននេះ នឹងត្រូវដាក់ចូលទៅក្នុងកម្មវិធីអប់រំចាប់ពីថ្នាក់ណា ហើយផ្ដើមពីឆ្នាំណាទៅ។ ការនេះនាយិកាអង្គការ GAD/C គាំទ្រ ប៉ុន្ដែយល់ថា ក្រសួងអប់រំគួរបន្ថែមមេរៀននិយាយអំពីសិទ្ធិស្ដ្រី និងបុរសបន្ថែម។
លោក លៀ ស៊ីណា រាយការណ៍ ៖
កាលពីខែវិច្ឆិកា ក្នុងកម្មវិធីផ្ដល់ថវិកាសម្រាប់ មូលនិធិភាពជាដៃគូសម្រាបអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) រដ្ឋលេខាធិការក្រសួងអប់រំម្នាក់ បានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានថា ក្រសួងអប់រំបានសិក្សារួចមកហើយពីមេរៀនអំពីសុខភាពបន្ដពូជ និងសុខភាពផ្លូវភេទ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីអប់រំសម្រាប់សិស្ស។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំសិក្សាពីកម្មវិធីសុខភាពផ្លូវភេទ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីអប់រំនេះ គឺជាការរៀបចំកម្មវិធីសិក្សាថ្មីដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីនៃសង្គម។
កម្មវិធីសិក្សាថ្មីនេះ គឺសិក្សាទាំងកម្មវិធីសិក្សានៅក្នុងតំបន់ និងសកលលោក។ លោកបញ្ជាក់ថា កម្មវិធីនេះត្រូវបានសម្រេចជាក្របខណ្ឌសិក្សាក៏ប៉ុន្ដែមិនទាន់បានចងក្រងជាសៀវភៅសិក្សានៅឡើយទេ ៖«កម្មវិធីនេះយើងបានសម្រេចហើយជាក្របខ័ណ្ឌកម្មវិធីសិក្សាឆ្នាំ២០១៨នេះយើងបានចប់ហើយ អញ្ចឹងយើងតពីក្របខ័ណ្ឌកម្មវិធីសិក្សា។ យើងត្រូវធ្វើកម្មវិធីសិក្សាលម្អិត បន្ដពីហ្នឹងទៀតបានយើងរៀបចំសៀវភៅសិក្សា ឥឡូវនេះអត់ទាន់បានដល់ធ្វើសៀវភៅសិក្សាទេ នៅក្នុងកម្មវិធីសិក្សាលម្អិតនៅឡើយ អញ្ចឹងវាទាមទារពេលវេលា ព្រោះការសរសេរសៀវភៅវាត្រូវការពេលច្រើន»។
បន្ថែមពីនេះលោក ណាត ប៊ុនរឿន បញ្ជាក់ថា ក្រសួងអប់រំកំពុងតែសិក្សានៅឡើយ ចំពោះកម្រិតថ្នាក់ និងឆ្នាំដែលត្រូវចាប់ផ្ដើម ដាក់បញ្ចូលមេរៀននេះ។
ទាក់ទិនរឿងនេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែ នាពេលកន្លងទៅលោកស្រី រីហ្សវីណា ដឺអាល់វិល តំណាងអង្គការ UNFPA ប្រចាំនៅកម្ពុជា ដែលជាអង្គការមួយក្នុងចំណោមអង្គការដទៃទៀត ដែលបានចូលរួមសិក្សាពីកម្មវិធីនេះដែរ បានបញ្ជាក់ថា កម្មវិធីសិក្សាពីមេរៀនអំពីសុខភាពបន្ដពូជ និងសុខភាពផ្លូវភេទនេះនឹងត្រូវដាក់បញ្ចូនក្នុងកម្មវិធីអប់រំទៅដល់សាលាទាំងអស់ចាប់ពីបឋមសិក្សា រហូតដល់វិទ្យាល័យ។
តំណាងអង្គការ UNFPA បន្ដថា កម្មវិធីនេះនឹងផ្ដល់ឲ្យសិស្សនូវចំណេះដឹងមួយចំនួន ការយល់ដឹងអំពីរាងកាយ ការយល់ដឹងអំពីការសម្រេចចិត្ដដ៏សមសម្រប នៅក្នុងការសម្រេចចិត្ដប្រឡូកទាក់ទិននឹងផ្លូវភេទ ៖«អញ្ចឹងកម្មវិធីនេះជាកម្មវិធីមួយដែលធ្វើឲ្យសិស្សគាត់អាចមានចំណេះដឹងជាទុន នៅក្នុងការរស់នៅរបស់គាត់ ដែលយល់ដឹងច្រើនអំពីសុខភាពបន្ដពូជរបស់គាត់ រួមទាំងការពេញវ័យ រួមទាំងការថែទាំអនាម័យ ហើយនិងការជ្រើសរើសការសម្រេចចិត្ដត្រឹមត្រូវ»។
ជាមួយគ្នានេះលោកស្រី រស់ សុភាព នាយិកាអង្គការ នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GAD/C) សាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងអប់រំ ពីការដាក់បញ្ចូលកម្មវិធីសិក្សាអំពីសុខភាពផ្លូវភេទសម្រាប់សិស្សានុសិស្ស ។ ក៏ប៉ុន្ដែលោកស្រីយល់ឃើញថា វាមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែបង្រៀនពីសុខភាពផ្លូវភេទ ពោលគឺក្រសួងអប់រំគួរតែដាក់បញ្ចូលបន្ថែមទៀតនូវមេរៀនស្ដីអំពីសិទ្ធិរវាងស្ដ្រី និងបុរស។
លោកស្រីអះអាងថា វាជារឿងចាំបាច់បំផុតដែលរាជរដ្ឋាភិបាលត្រូវតែបំផុសស្មារតីពលរដ្ឋឲ្យយល់ច្បាស់ពីសិទ្ធិស្ដ្រី និងបុរស ដែលមិនអាចមានខាងណាមានសិទ្ធិវាយដំលើខាងណានោះទេ។ លោកស្រីបន្ថែមថា បើយល់ដឹងតែពីសុខភាពផ្លូវភេទ តែសិទ្ធិមិនបានយល់ដឹងនោះអំពើហិង្សា និងការបំបិទសិទ្ធិស្ដ្រីក៏នៅតែមាន ៖«អញ្ចឹងសុខភាពផ្លូវភេទអ្នកឯងគ្រាន់បើ ប៉ុន្ដែទទួលរងនូវអំពើហិង្សានៅតែកើតឡើង ហើយការរំលោភបំពានទៅលើសេពសន្ថវៈក៏នៅតែមានឡើង ហើយការបង្ខិតបង្ខាំងសិទ្ធិស្ដ្រីមិនឲ្យគាត់រៀនសូត្រខ្ពស់ឬក៏មិនឲ្យគាត់ដើរទៅឆ្ងាយអីនៅតែមានកើតឡើង អញ្ចឹងខ្ញុំគិតថា វាដើរហ្នឹងមិនទាន់ទន្ទឹមគ្នា»។
លោកស្រី សុភាព បន្ដថា ការដែលមិនទាន់មានការបញ្ជ្រាបអំពីសិទ្ធិស្ដ្រី និងបុរស ឲ្យបានយល់ដឹងដល់ពលរដ្ឋគ្រប់រូបទេ អំពើហិង្សាលើស្ដ្រីនៅតែកើតមានមិនអាចកាត់បន្ថយបានទេ បើទោះជាបង្រៀនឲ្យពួកគាត់បានយល់ដឹងពីពេលវេលាសមសម្រាប់ក្នុងការប្រឡូកទាក់ទិននឹងរឿងផ្លូវភេទក៏ដោយ៕