ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ( Human Right Watch ) និង សហភាពសហជីពកម្ពុជាទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់លោក រ៉ាត់ រ័ត្នមុនីប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាដែលត្រូវបានអាជ្ញាធរកម្ពុជាចោទពីបទញុះញង់នាំឱ្យមានការរើសអើង ក្រោយរកឃើញថាលោក រ័ត្នមុនី មានជាប់ពាក់ព័ន្ធនឹងការផលិតវីដេអូឯកសារឈ្មោះ«ម្តាយខ្ញុំលក់ខ្ញុំ»។
លោក ធូ វិរៈ រាយការណ៍
លោក រ៉ាត់ រ័ត្នមុនី មានវ័យ ៤៧ ឆ្នាំ ជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា(CCTUF) ត្រូវបានប៉ូលិសថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ៧ ធ្នូ ឆ្នាំ ២០១៨ នៅក្នុងទីក្រុងបាងកកតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក រ័ត្នមុនី ត្រូវបានអាជ្ញារកម្ពុជាចោទប្រកាន់ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម និងរើសអើង ក្រោយពីលោកបានរួមចំណែកផលិតវីដេអូនិយាយពីម្តាយលក់ព្រហ្មចារីកូនស្រីបង្កើតនៅរាជធានីភ្នំពេញ ជាមួយទូរទស្សន៍រុស្ស៊ី កាលពីថ្មីនេះ។ លោក មុនី ត្រូវបានអាជ្ញាធរថៃឃុំខ្លូននៅមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ថៃ។
នៅអំឡុងខែ តុលា ទូរទស្សន៍ Russia Today បានផ្សាយភាពយន្តឯកសារឈ្មោះថា«ម្តាយខ្ញុំលក់ខ្ញុំ» រាយការណ៍អំពីគ្រួសារក្រីក្រលក់ព្រហ្មចារីកូនស្រីបង្កើតក្នុងតម្លៃប្រហែល ៤០០ ដុល្លារ ហើយពេលកូនស្រីអស់ព្រហ្មចារី នាងនឹងត្រូវបង្ខំឱ្យលក់ខ្លួនទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បញ្ជាក់ថា រដ្ឋាភិបាលថៃមិនគួបញ្ជូនលោក រ៉ាត់ រ័ត្នមុនី មកឱ្យអាជ្ញាធរកម្ពុជានោះទេ ព្រោះលោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជានឹងប្រឈមមុខកាត់ទោសឱ្យជាប់ពន្ធនាគារក្រោមហេតុផលនយោបាយ។
លោក Brad Adams នាយកប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW) ទាមទារឱ្យអាជ្ញាធរថៃ ដោះលែង លោក រ៉ាត់ រ័ត្នមុនី ឱ្យមានសេរីភាពឡើងវិញ និងផ្តល់សិទ្ធិឱ្យ ប្រធានសហជីពរូបនេះដើម្បីស្វែងរកសិទ្ធិជ្រកកោនពីអង្គការសហប្រជាជាតិ។
លោក Brad Adams៖ «ប្រទេសថៃមិនគួរស្តាប់បញ្ជារបស់អាជ្ញាធរកម្ពុជាដោយបញ្ជូនទាំំងបង្ខំសកម្មជនបញ្ចេញមតិ ដែលបង្ហាញពីការបរាជ័យរបស់ប៉ូលិសក្នុងការបញ្ឈប់ការរំលោភបំពាន និងការជួញដូរផ្លូវភេទកុមារ»។ អាជ្ញាធរថៃគួរតែដោះលែង លោក រ៉ាត់ រ័ត្នមុនីជាបន្ទាន់ និងអនុញ្ញាតឱ្យគាត់ស្វែងរកការពារពីភ្នាក់ងារជនភៀសខ្លួនពីអង្គការសហប្រជាជាតិ(UN)។
លោកបន្ថែមថា ប្រទេសថៃមិនគួរបញ្ជូនលោក រ័ត្នមុនីត្រឡប់មកកម្ពុជាដោយបង្ខំនោះទេ ព្រោះជាការរំលោភនឹងអនុសញ្ញាប្រឆាំងទារុណកម្មមាត្រា៣ដែលប្រទេសថៃផ្តល់សច្ចាប័នរួចទៅហើយ។
ទាក់ទិនរឿងនេះ សហភាពសហជីពកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១១ ម្សិលមិញ អំពាវនាវឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើ លោក រ៉ាត់ រ័ត្នមុនី ហើយដោះលែងគាត់ឱ្យមាន សេរីភាពឡើងវិញ។
បើតាមការសែតខ្មែរថាមស៍ បានដកស្រងសំដីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា លោក រ័ត្នមុនី នឹងអាជ្ញាធរថៃបញ្ជូនមកកម្ពុជាឆាប់ៗនេះ ព្រោះលោមុនីបានប្រព្រឹត្តបទឧក្រិដ្ឋ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា។
តែបើតាម សហភាពសហជីពកម្ពុជា យល់ឃើញថា ការចោទប្រកាន់មកលើលោក រ័ត្នមុនី មិនត្រឹមត្រូវនោះទេ ព្រោះលោកគ្រាន់តែជាអ្នកបកប្រែភាសាឱ្យអ្នកផលិតវីដេអូឯកសារ ឱ្យទូរទស្សន៍ Russia Today ប៉ុណ្ណោះ។
សហភាពសហជីពកម្ពុជាបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងទម្លាក់ចោលការចោទប្រកាន់ មកលើ លោក រ័ត្នមុនី៕