en     km
en     km

មន្រ្តីសិទ្ធិមនុស្ស៖អ្វីរដ្ឋាភិបាលសន្យាការលំហសេរីភាព គឺគ្រាន់តែប្រកាសឲ្យល្អមើលប៉ុណ្ណោះ

Share

ក្រុងភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី ៧០។ ប្រទេសកម្ពុជា ដែលជាសមាជិករបស់អង្កការសហប្រជាជាតិ បានធ្វើពិធីនេះដែរ។ក្នុងពិធីនេះ អង្គការសង្គមស៊ីវិលជាច្រើន បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យនៅឯជាយក្រុង ដោយមានអ្នកចូលរួមមានប្រមាណជាង ៥០០ នាក់ តែកម្លាំងសន្តិសុខប៉ូលីសហាក់មានច្រើនរយនាក់ ហើយរឹតត្បិតមិនឲ្យមានក្បួនដើរចេញពីបរិវេនទីលានប្រជាធិបតេយ្យថ្មី។ អ្នកសង្កេតការណ៍ជាមន្រ្តីសិទ្ធិមនុស្ស បានហៅការដាក់ពង្រាយកងសន្តិសុខនោះ គឺផ្ទុយនឹងការអះអាងរបស់រដ្ឋាភិបាលដែលសន្យានឹងសហគមន៍អន្តរជាតិអំពីការបើកចំហសេរីភាព។

ខណៈដែលទិវាសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា ត្រូវបាន ក្រុមសង្គមស៊ីវិល និង ពលរដ្ឋប្រមាណជាង ៥០០ នាក់ ប្រារព្វឡើងនៅឯទីលានប្រជាធិបតេយ្យថ្មី កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមអ្នកសង្កេតការណ៍ដែលជាមន្រ្តីសិទ្ធិមនុស្ស សង្កេតឃើញថា ការដាក់ពង្រាយកម្លាំងអាជ្ញាធរ ហ៊ុំព័ទ្ធ ពលរដ្ឋអ្នកចូលរួមក្នុងយុទ្ធនាការនេះ ថាជាការរឹតត្បិតសេរីភាព មិនដូចនិងអ្វីដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានសន្យា និង ប្តេជ្ញានោះទេ។

លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូរ បានផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីថា បន្ទាប់ពីបរាជ័យនៅក្នុងការដាក់សំណើទៅកាន់រដ្ឋាភិបាល ក្នុងការដើរក្បួនពីសួនច្បារទល់មុខវត្តភ្នំពេញនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC មកកាន់ទីលានប្រជាធិបតេយ្យ អាជ្ញាធរបានដាក់កងកម្លាំងសន្តិសុខ មិនឲ្យមានក្បួនណាមួយហែរចេញពីបរិវេនទាំងនោះបាននោះទេ។

មន្រ្តីសិទ្ធិមនុស្សរូបនេះ បានបន្តបន្ថែមថាការដាក់ពង្រាយកម្លាំងច្រើនជាងអ្នកចូលរួមនេះ បានបង្ហាញពីគំនាប និង ការរឹតត្បិត ទៅលើសតិអារម្មណ៍ ដែលលោកថា ការណ៍រដ្ឋាភិបាលសន្យា និង ប្តេជ្ញា ហាក់ដូចជាផ្ទុយគ្នា។

លោក អំ សំអាត៖ យើងមើលឃើញទិដ្ឋភាពនេះ ឃើញថាបើទោះបីជាមានការអនុញ្ញាត្តឲ្យមានការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក៏ដោយ តែការដាក់ពង្រាយកម្លាំងច្រើនជាងអ្នកចូលរួមនេះ អាហ្នឹង! វាជាទិដ្ឋភាពថ្មីមួយដែលបង្ហាញថា អាជ្ញាធរនៅតែមានភាពរិតត្បិត ហើយនឹងមានការគំរាមកំហែងទៅលើផ្លូវចិត្តទៅលើអង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

លោកបន្តដោយទទូចសុំរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យអាជ្ញាធរថ្នាក់មូលដ្ឋានគួរពិនិត្យ និង គោរពទៅតាមអ្វីដូចដែលដែលរដ្ឋាភិបាលកម្ពុជា បានសន្យា និង ប្តេជា្ញ។

មិនខុសគ្នាពីការលើកឡើងនេះ លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានហៅការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងការបញ្ជេញមិតិ។

លោកថា អាជ្ញាធរបានជម្រុញពលរដ្ឋទាំងបង្ខំដើម្បីជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ព្រមទាំងដាក់ពង្រាយកម្លាំង ព័ទ្ធជុំវិញយុទ្ធនាការ ធ្វើឲ្យអ្នកចូលរួមហាក់មានភាពខ្លាចរអារ មិនទទួលបានអ្វីដែលពួកគាត់ចង់បាន។

លោក សឹង សែន ករុណា៖ «ផ្ទុយទៅវិញគឺបានជំរុញទាំងបង្ខំ នៅទីតាំងទីលានប្រជាធិបតេយ្យ ដែលយើងឃើញថាមានការហ៊ុំព័ទ្ធទៅដោយសមត្ថកិច្ច ដែលធ្វើយ៉ាងណារិតត្បិត មិនឲ្យពួកគាត់ក្នុងការបញ្ចេញមតិ និង គោលបំណងរបស់ពួកគាត់ ទៅកាន់អ្នកធ្វើដំណើរតាមដងផ្លូវ ដែលនេះ យើងមើលឃើញយ៉ាងច្បាស់ថា វាជាការរិតត្បិតមិនមានសេរីភាពពេញលេញ ដូចដែលអ្វីដែលរដ្ឋាភិបាល បានលើកឡើង តើមានទឡ្ហិករណ៍ណាដែលថាកម្ពុជាមានសិទ្ធិសេរីភាពគ្រប់គ្រាន់»។

ច្រានចោលនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការដាក់ពង្រាយកម្លាំងនេះ គឺក្នុងគោលបំណង រក្សាសន្តិសុខ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកថាទោះជាយ៉ាងណា ក្រុមសណ្តាប់ធ្នាប់ពុំបានវាយបំបែកក្បាលអ្នកណានៅក្នុងទីលាននោះទេ។

លោក ផៃ ស៊ីផាន៖ ក្រុមសន្តិសុខហ្នឹង! យើងប្រើភាសាមួយថា ជាអ្នករក្សានូវសន្តិសុខសុវត្ថិភាព ដែលគេផ្តល់សេចក្តីទុកចិត្តដល់ប្រជាជន ដល់អ្នកចូលរួម អានេះ ជាកាតព្វកិច្ចរបស់សណ្តាប់ធ្នាប់ តែទោះជាយ៉ាងណា ពួកយើងមិនវាយបំបែកក្បាលអូសដូចនៅស្រុកក្រៅខ្លះទេបាទ! ។

រដ្ឋាភិបាល តាមរយៈក្រសួងការបរទេស បានកាលពីថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍ ជាចំហដោយ អះអាងថា រដ្ឋាភិបាល នៅតែប្រកាន់ភ្ជាប់ការបើកចំហសេរីភាពរបស់ពលរដ្ឋ និងក្រុមនិន្នាការផ្សេងៗគ្នា ដោយផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជាហើយ បានទម្លាក់ចោល ការរឹតបន្តឹងសកម្មភាពសង្គមស៊ីវិលទៀងផងហ។

យោងទៅតាមលិខិតរបស់សាលារាជធានីភ្នំពេញ ដែលបានផ្ញើទៅកាន់សមាគមបណ្តាញយុវជនកម្ពុជា សហព័ន្ធសហជីពកម្មករ ចំនីអាហារ និង សេវាកម្មកម្ពុជា ដែលចុះនៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៨ បានឲ្យដឹងថា នៅក្នុងទិវាសិទ្ធិមនុស្សខួបលើកទី ៧០ នេះ ពួកគេអាចរៀបចំពិធីអបអរសាទរ បាននៅតែចំពោះមុនបរិវេនទីលានប្រជាធិបតេយ្យថ្មីតែប៉ុណ្ណោះ។ ក្នុងករណីនេះ ប្រសិនបើពួកគេ នៅតែរៀបចំការដើរហែរក្បួនតាមផ្លូវ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សុវត្ថិភាព និង របៀបរៀបរយនោះ សមាគមជាអ្នករៀបចំត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

នៅក្នុងយុទ្ធនាការដើរក្បួននេះ គេសង្កេតឃើញថាមានការដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីហាមឃាត់មិនឲ្យមានការចេញដើរក្បួនណាមួយពីសួនច្បារនោះទេ ដោយពង្រាយកម្លាំងយាមល្បាតដែលមានចំនួនច្រើនជាងចំនួននៃអ្នកចូលរួម។

សូមបញ្ជាក់ថា ក្បួនយុទ្ធនាការនេះ គឺធ្វើឡើងចំថ្ងៃទី ១០ ធ្នូ ដែលត្រូវនឹងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ យុទ្ធនាការនេះធ្វើឡើងនៅលើបរិវេនទីលានប្រជាធិបតេយ្យថ្មី៕ 

Share

ព័ត៌មានទាក់ទង

Image