ភ្នំពេញ៖ មន្រ្តីអង្គការផ្នែកសិទ្ធិមនុស្សមួយរូប ចង់ឱ្យរដ្ឋាភិបាលអនុវត្តជាក់ស្តែងទៅលើអ្វីដែលកំពុងបើកភ្លើងខៀវបន្ថូរបន្ថយស្ថានការណ៍នយោបាយ បន្ទាប់ពីរដ្ឋាភិបាលមានចេតនាចង់ឱ្យមន្រ្តីបក្សប្រឆាំងអាចធ្វើសកម្មភាពវិញ ជាមួយការបើកឱ្យមានប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលមួយចំនួនអាចដំណើរការវិញបាន។ តែមន្រ្តីរបស់រដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សស្នើឱ្យមានការប្រើប្រាស់សិទ្ធិកុំបំពានលើច្បាប់។
ការធ្វើវិសោធន៍កម្មច្បាប់បើកផ្លូវឱ្យអ្នកនយោបាយបក្សប្រឆាំងអាចចូលឆាកនយោបាយវិញ ការបន្ថូរបន្ថយឱ្យសង្គមស៊ីវិលអាចធ្វើសកម្មភាពដោយសេរី និងចេតនាចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសអាចដំណើរការវិញ នេះជាអ្វីដែលមន្រ្តីសិទ្ធិមនុស្សមួយរូបគឺលោកស្រី ចក់ សុភាព ថាពុំទាន់គ្រប់គ្រាន់ឡើយដោយចង់ឃើញរដ្ឋាភិបាលអនុវត្តជាក់ស្តែង ជាជាងការប្រកាសតែ លើ សេចក្តីថ្លែងការណ៍នោះ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព និយាយក្នុងពិធីប្រារព្វខួបលើកទី ៧០ នៃការប្រកាសជាសកលស្តីពីសិទិ្ធមនុស្សនៅ វិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជាកាលពីរាត្រីថ្ងៃទី១០ ធ្នូម្សិលមិញថា លោកស្រីសាទរចំពោះការបន្ទន់ឥរិយាបថរបស់រដ្ឋាភិបាលក្នុងការបន្ថូរបន្ថយស្ថានការណ៍នានាពេលចុងក្រោយនេះ។ យ៉ាងណាលោកស្រីចង់ឃើញរដ្ឋាភិបាលអនុវត្តជាក់ស្តែងតាមរយៈការទម្លាក់ចោលបទចោទទាំងស្រុងលើអ្នកនយោបាយ សហជីប សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។ ក្នុងនាមជាមន្រ្តីសិទ្ធិមនុស្សលោកស្រី ចក់ សុភាព បន្ថែមថាលោកស្រីនឹងតាមឃ្លាំមើលសកម្ម ភាពរបស់រដ្ឋាភិបាល តើថាបានអនុវត្តដូចការប្រកាសលើសេចក្តីថ្លែងការណ៍ឬទេ។
លោកស្រី ចក់ សុភាព៖«»។
កាលពីដើមខែធ្នូលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា អតីតមន្ត្រីនៃអតីតបក្សសង្គ្រោះជាតិមួយចំនួនធំដែលបានជាប់បម្រាម ហើយបានគោរពសាលដីកាតុលាការកំពូលអាចនឹងទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ។ ទន្ទឹមគ្នានេះរដ្ឋាភិបាលក៏ទទួលយកមកសិក្សានូវការស្នើសុំធ្វើវិសោធនកម្មច្បាប់ NGO និងស្វាគមន៍ វិទ្យុ VOA, RFA និងកាសែតឌឹខេមបូឌាដេលីវិញ ជាអ្វីដែលអ្នកវិភាគយល់ថា ជាលទ្ធផលកើតចេញពីការចរចារវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងសហភាពអឺរ៉ុប និងជាមធ្យោបាយមួយដែលរដ្ឋាភិបាលធ្វើឡើងដើម្បីដោះស្រាយនូវផលវិបាកនយោបាយផ្សេងៗពិសេសទប់ស្កាត់ការដកពន្ធអនុគ្រោះ EBA។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា រដ្ឋាភិបាលបាននឹងខិតខំលើកស្ទួយបញ្ហាសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានឹងមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្តថា កម្ពុជាបានជំរុញឱ្យកាន់តែល្អប្រសើរនូវសិទ្ធិរបស់ស្រ្តី និងកុមារីលើផ្នែកអប់រំ ការធ្វើឱ្យមានសុខដុមរមនាផ្នែកសាសនានិងភាពទំលំទូលាយនៃសេរីភាពបញ្ចេញមតិលើបណ្តេញសង្គមជាដើម។ តែយ៉ាងណាលោក កែវ រ៉េមី ស្នើឱ្យការប្រើប្រាស់សិទ្ធិត្រូវឱ្យសមស្របតាមច្បាប់របស់ប្រទេស។
លោក កែវ រ៉េមី៖«»។
ជាការកត់សម្គាល់ ទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃទី ១០ ធ្នូ ម្សិលមិញ អង្គភាពរដ្ឋាភិបាលមួយចំនួន អង្គការសង្គមស៊ីវិល សហជីព និងសហគមន៍មួយចំនួនបានប្រារព្វពិធីនេះ បានអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០។ ប៉ុន្តែបណ្ដាអង្គការសង្គមស៊ីវិល សហជីព សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋត្រូវរងការរឹតត្បឹត មិនឱ្យហែក្បួនជួបជុំគ្នាក្នុងទីលានប្រជាធិបតេយ្យ ក្រោមហេតុផលថារក្សាសន្តិសុខ៕