ក្រុមប្រឹក្សាយោធាថៃដែលជាអ្នកកាន់ចង្កូតរាជរដ្ឋាភិបាលក្នុងអន្តរកាលនិងគណៈកម្មការរៀបចំការបោះឆ្នោតរបស់រាជាណាចក្រនេះបានប្រកាស បើកចំហសេរីភាព នយោបាយឡើងវិញ ដល់គ្រប់គណបក្សទាំងអស់ គឺចាប់ពីថ្ងៃទី ១១ធ្នូ ឆ្នាំ ២០១៨នេះ ដើម្បីឱ្យបក្សទាំងអស់នោះ ត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតសភានៅថ្ងៃទី ២៤កុម្ភៈ ឆ្នាំ ២០១៩។
សារព័ត៌មានថៃបាងកកប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី ១១ធ្នូ ឆ្នាំ ២០១៨នេះថា សេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពរបស់ពួកយោធាបានបើកវេទិកាជាមួយតំណាងគណបក្សកាលពីថ្ងៃសុក្រ ទី ៧ធ្នូ ឆ្នាំ ២០១៨ និងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតបាន ជួបប្រជុំគ្នា។
តាមប្រភពដដែល ការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមនៅ ថ្ងៃទី ៣មករា ឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ២៥មករា គណៈកម្មការបោះឆ្នោតរបស់ប្រទេសនេះ នឹងប្រកាសឈ្មោះគណបក្សនយោបាយ ដែលចូលរួមប្រកួត។ ចំណែកនៅថ្ងៃទី ២៥មេសា ឆ្នាំ ២០១៩ គឺជាថ្ងៃប្រកាសជាផ្លូវការនូវលទ្ធផលបោះឆ្នោត។
គេមិនដឹងថា មានគណបក្សចំនួនប៉ុន្មានត្រូវចូលរួមការបោះឆ្នោតនៅលើកនេះ តែបាងកកប៉ុស្តិ៍ចុះផ្យាយថា បក្សនយោបាយតូចៗមានរហូតជាង ១១០គណបក្សដែលចង់ចូលរួមការបោះឆ្នោតនេះ។ គណបក្សភឿថៃ និងគណបក្សប្រជាធិបតេយ្យជាគណបក្សធំជាងគេមិនទាន់បានចេញសេចក្ដី ថ្លែងការណ៍ទាក់ទងនឹងការប្រកាសរបស់ពួកយោធានៅឡើយទេ។
លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចាដែលជានាយករដ្ឋមន្ត្រីរបស់ពួកយោធា និងជាប្រធានក្រុមប្រឹក្សាសន្តិភាពបានប្រាប់អ្នកសារព័ត៌មានថា ការលើកបំរាមនយោបាយនេះ គឺជាការបោះជំហ៊ានដំបូងឆ្ពោះទៅរកការកងសាងលទ្ធិប្រជាធិបតេយ្យក្រោមបរិយាកាសបង្រួបបង្រួមជាតិ៕