ភ្នំពេញ៖ ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមលុបបំបាត់ជម្រកមូលខ្លានៅជុំវិញផ្ទះ ដើម្បីការពារកុំឱ្យកើតជំងឺគ្រុនឈាម។ការអំពាវនាធ្វើឡើងស្របពេលក្រសួងរកឃើញថា អ្នកជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់ជាថ្មីទៀត។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅចុងខែវិច្ឆិកា និង ដើមខែ ធ្នូ ឆ្នាំ ២០១៨ មានការកើនឡើងករណីជំងឺគ្រុនឈាមលើកុមារ និងមនុស្សធំ ព្រោះជាខួប ឬវដ្ដរដូវនៃជំងឺគ្រុនឈាមដែលកើតឡើងជារៀងរាល់៤ ទៅ ៥ ឆ្នាំម្តង។
គិតត្រឹមខែ មករា ដល់ ចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ អ្នកកើតជំងឺគ្រុនឈាមជាង១ម៉ឺន៥ពាន់នាក់ និងអ្នកជំងឺស្លាប់ជាង ១០ នាក់។
ក្នុងហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង(CDC) បញ្ជាក់ថា ករណីអ្នកជំងឺគ្រុនឈាមកើនឡើង ដូចនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រាជធានី បានចាត់វិធានការបាញ់ថ្នាំសម្លាប់មូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ជាមួយគ្នា ក្រសួងសុខាភិបាលក៏បានបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម និងអប់រំផ្សព្វផ្សាយអំពីបញ្ហាសុខភាពដល់ប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកកើតជំងឺគ្រុនឈាម នៅឆ្នាំ ២០១៨នេះ មានការកើនឡើងជាង ឆ្នាំមុន។
លោកវេជ្ជបណ្ឌិត បន្ថែមថា ប្រជាពលរដ្ឋ ១៥២៣៣ នាក់ កើតជំងឺគ្រុនឈាមឆ្នាំនេះ ខណៈដែលឆ្នាំមុនអ្នកកើតជំងឺគ្រុនឈាមមានចំនួន ១១០០០ករណី។ ជាមួយគ្នាលោកថា អ្នកជំងឺស្លាប់ដោយសារជំងឺគ្រុនឈាមឆ្នាំ ២០១៨នេះ មានរហូតដល់ ១៦ នាក់ ខណៈដែល ឆ្នាំមុន អ្នកជំងឺស្លាប់ចំនួន ១១ នាក់។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋលុបបំបាត់ជម្រកដង្កូវទឹកនៅជុំវិញផ្ទះ និងទីសាធារណៈនានា រួមទាំងក្នុងអាងស្តុកទឹកនៅតាមវត្តអារាម ដើម្បីការពារក្មេងៗកុំឱ្យមូលខ្លាខាំ។ លើសពីនេះ ឪពុកម្តាយទាំងអស់ត្រូវពាក់ខោអាវកូនជិតៗ និងគេងក្នុងមុងជានិច្ចទាំងពេលយប់ និងពេលថ្ងៃ។
ជាមួយគ្នានេះក្រសួងសុខាភិបាលអំពាវនាវឱ្យយកកូនទៅមន្ទីរពេទ្យជាបន្ទាន់ក្នុងករណីកូនក្តៅខ្លួនខ្លាំង ឬសង្ស័យថាមានជំងឺគ្រុនឈាមដែលមានរោគសញ្ញា គ្រុនក្តៅខ្លាំង ឈឺក្បាល ឈឺក្រោមរង្វង់ភ្នែក ឈឺពោះ ក្អួត និងកន្ទួលក្រហមលើស្បែក ឬហូរឈាម។ បើមានករណីសង្ស័យថា អ្នកភូមិផ្ទុះជំងឺគ្រុនក្តៅច្រើនខុសពីធម្មតាត្រូវផ្តល់ព័ត៌មានទៅក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ ១១៥ ៕