ភ្នំពេញ ៖ នាយកប្រតិបត្ដិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ស្នើឲ្យពិនិត្យឡើងវិញពីការកំណត់កូតាផលិតខ្ពស់ពេកសម្រាប់កម្មករ បន្ទាប់ពីរកឃើញថា រោងចក្រមួយចំនួនបានកំណត់ចំនួនកូតាផលិតខ្ពស់ខ្លាំងសម្រាប់កម្មករ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាទិវាសិទ្ធិមនុស្សអន្ដរជាតិ។ ក្នុងថ្ងៃនេះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា Central បានចេញសេចក្ដីថ្លែងការណ៍មួយ និយាយអំពីការកំណត់ ការផលិតខ្ពស់ពេកសម្រាប់កម្មករ និយោជិតក្នុងរោងចក្រ។
លោក មឿន តុលា នាយកប្រតិបត្ដិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ធ្នូនេះថា មានរោងចក្រខ្លះបានកំណត់ឲ្យកម្មករម្នាក់ធ្វើការផលិត ដោយកំណត់កូតាពី ១៥០០ ដល់ ២៣០០។ លោកបន្ដថា ការកំណត់នេះ គឺពិតជាច្រើន ដែលជាកត្ដានាំផលលំបាកដល់កម្មករ និយោជិត ក្នុងការបំពេញការងារស្របតាមការកំណត់ ៖«ហើយបើសិនជាគាត់អត់បានចប់ដល់គោលដៅដែលគេកំណត់ទេ គាត់អាចប្រឈមនឹងការព្រមានឬក៏ដេញចេញអីអញ្ចឹងទៅ»។
បន្ថែមលើនេះលោកបន្ដថា ចំនួនកូតាគឺកើនខ្ពស់ក៏ប៉ុន្ដែបើប្រៀបធៀបនឹងចំនួនប្រាក់ខែដែលកម្មករទទួលបាន គឺមិនសមាមាត្រនិងគ្នានោះទេ។ លោកបន្ថែមថា កាលពីមុនខណៈប្រាក់ឈ្នួលពួកគាត់មានត្រឹម ១៤០ដុល្លារ រោងចក្របានកំណត់កូតា ត្រឹមតែ ១២០០ ឬក៏ ១០០តែប៉ុណ្ណោះ ក៏ប៉ុន្ដែក្រោយពីប្រាក់ឈ្នួលឡើង ទំហំការងារសម្រាប់កម្មករ គឺបានហក់ឡើងខ្ពស់ទ្វេដង។ ជាងនេះរោងចក្របានកាត់បន្ថយកម្មករ តាមផ្នែកថែមទៀត ដែលកាន់ធ្វើឲ្យកម្មករ កម្មការិនីជួបការលំបាកកាន់តែខ្លាំង ៖«អញ្ចឹងហ្នឹងគឺធ្វើឲ្យកម្មករម្នាក់ៗហ្នឹង ជូនកាលគាត់ត្រូវធ្វើការពីរម៉ាស៊ីនទៅ ៣ម៉ាស៊ីន ហើយគាត់លំបាកនៅក្នុងការសុំច្បាប់។ បើសិនជាសុំច្បាប់អញ្ចឹងទៅវាអត់មានអ្នកណាមកធ្វើកិច្ចការហ្នឹង ហើយនិយោជកកន្លែងខ្លះគេតម្រូវឲ្យបើសិនជាអ្នកឯងចង់សុំច្បាប់ទាល់តែអ្នកឯងរកអ្នកណាមកជំនួសកន្លែងហ្នឹង។ ឲ្យកម្មករខ្លួនឯងរកអ្នកមកជំនួស ហើយអាហ្នឹងវាជារឿងមួយដាក់សម្ពាធទៅដល់កម្មករ ពិបាកនិងសុំច្បាប់»។
លោក មឿន តុលា ស្នើឲ្យមានការដោះស្រាយករណីនេះ ដោយធ្វើយ៉ាងណាកុំមានការកំណត់កូតាខ្ពស់បែបនេះបន្ដទៀត។ លោកថា បើនៅតែកំណត់កូតាក្នុងចំនួនច្រើនដូចនេះ នោះនឹងធ្វើឲ្យកម្មករប្រឈមហានិភ័យខ្ពស់ ចំពោះសុខភាពកម្មករទៅថ្ងៃក្រោយ។ លោកសង្កត់ធ្ងន់ថា គួរតែមានការសិក្សា ពីចំនួនណាមួយដែលជាស្ដង់ដាសម្រាប់កម្មករឲ្យបានជាក់លាក់។
លោកបញ្ជាក់ថា កម្មករ បានអះអាងថា ពួកគេធ្លាប់បានជូនដំណឹងទៅមន្ដ្រីក្រសួងការងារដែរ ប៉ុន្ដែរហូតមកដល់ពេលនេះគឺនៅតែមិនមានដំណោះស្រាយ៕