en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្ដិភាព​

Share

​ភ្នំពេញ​ ៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ ដែល​ត្រូវជា​ថ្ងៃ​នៃ​ទិវា​សិទ្ធ​មនុស្ស​អន្ដរជាតិ​ លោក​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​បង្ហាញ​ពី​ការ​អបអរសាទរ​ និង​ផ្ញើ​សារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ចូលរួម​ថែរក្សា​ និង​ការពារ​សន្ដិភាព​នៅ​កម្ពុជា​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​សរសេរ​ថា​ អបអរសាទរ​ខួប​លើក​ទី​៧០​ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ ១០​ ធ្នូ​ ឆ្នាំ​២០១៨​។​ រៀង​រាល់​ឆ្នាំ​ ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​ សិទ្ធិ​មនុស្ស​ ១០​ធ្នូ​ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​សកល​ ដែល​អង្គការសហប្រជាជាតិ​ បាន​ប្រកាស​តាំងពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​ ១៩៤៨​ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​មនុស្សជាតិ​គ្រប់​រូប​នៅ​លើ​ពិភពលោក​ ដែល​កើតមក​មាន​សិទ្ធិ​សេ​រិ​ភាព​ និង​ស្មើភាព​គ្នា​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​។​

​លោក​បញ្ជាក់​ថា​ នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ (១៩៧៥-១៩៧៩)​ ប្រជាពលរដ្ឋ​ខ្មែរ​មិន​មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់​ សូ​ម្បី​សិទ្ធិ​រស់រាន​មានជីវិត​ សិទ្ធិ​ទទួលទាន​អាហារ​ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ​ សិទ្ធិ​មាន​ជំនឿ​សាសនា​ សិទ្ធិ​សិក្សាអប់រំ​ សិទ្ធិ​ជ្រើសរើស​តំណាង​ សិទ្ធិ​បញ្ចេញមតិ​ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ និង​សិទ្ធិ​ប្រកបការងារ​ជាដើម​។​ សម្ដេច​បន្ថែម​ទៀត​ថា​ ពលរដ្ឋ​កម្ពុជា​បាន​ឆ្លងកាត់​ការ​បំបិទ​សិទ្ធិ​សេរីភាព​ ការ​បង្ខំ​ឲ្យ​ធ្វើការ​ទាំង​ក្មេង​ ទាំង​ចាស់​ ប្រុស​ ស្រី​ ហួសកម្លាំង​ រហូត​ធ្លាក់ខ្លួន​ឈឺ​ស្លាប់​ដោយសារ​តែ​គ្មាន​ពេទ្យ​ និង​ថ្នាំ​ព្យាបាល​ ព្រមទាំង​បាន​សម្លាប់​ចោល​អស់​ជាង​ ៣​លាន​នាក់​នៅ​ក្នុង​រយៈពេល​ ៣​ឆ្នាំ​ ៨​ខែ​ និង​ ២០​ថ្ងៃ​។​

​ជាង​នេះ​សម្ដេច​បន្ដ​ថា​ ក្រោយ​ពេល​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​នៅ​ថ្ងៃ​ទី​ ០៧​ មក​រា​ ១៩៧៩​ គឺ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ពេញលេញ​ឡើង​វិញ​រហូត​ដល់​សព្វថ្ងៃ​។​ សិទ្ធិ​សេរីភាព​ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ និង​ប្រកបការងារ​តូច​ធំ​ ជ្រើសរើស​ជំនឿ​សាសនា​ និង​បោះ​ឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ ដែល​ខ្លួន​ពេញចិត្ដ​ដោយ​សេរី​ ហើយ​សិទ្ធិ​សេរីភាព​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​ កាន់តែ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ​ ៖«​សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ថែរក្សា​ការពារ​សន្ដិភាព​ឲ្យ​បាន​គង់វង្ស​ ដើម្បី​ឲ្យ​កម្ពុជា​យើង​កាន់តែ​រីក​ចម្រើន​»៕

Share

Image
Image
Image