សៀមរាប៖ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨បានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់រិចឈ្នឺរ នៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប។
ធាតុរបស់វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ត្រូវបានដឹកមកពីប្រទេសស្វីស។ នៅពេលដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប ក៏បានហែរចេញតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាបមុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ដែលជាទីដែលត្រូវតម្កល់ធាតុរបស់លោក។
ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានដឹកពីប្រទេសស្វីស ទឹកដីកំណើតខ្លួន មកដល់ខេត្តសៀមរាបហើយ នៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨។ ធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប នៅវេលាម៉ោងប្រមាណ ៨ព្រឹក ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ ៧០០អង្គ។
នៅកម្ពុជាមន្ទីរពេទ្យគន្ធបុប្ផាដែលលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរជាអ្នកស្ថាបនិក មានបីទីតាំង គឺនៅភ្នំពេញ ២កន្លែង និងនៅខេត្តសៀមរាប។
មន្ទីរពេទ្យគន្ធបុប្ផាបានក្លាយជាមជ្ឈមណ្ឌលព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ ដោយមិនបោះថ្លៃសេវាព្យាបាល។ មន្ទីរពេទ្យសម្រាប់កុមារនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ដោយប្រាក់មូលនិធិជួយឧបត្ថម្ភដំបូងៗពីប្រជាជនស្វីស តាមរយៈការខិតខំប្រមូលនិងរ៉ៃអង្គាសដោយលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរជាអ្នកស្ថាបនិករបស់មន្ទីរពេទ្យនេះ៕