ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិកម្ពុជាថា ទ័ពកម្ពុជាថៃអនុវត្តបាននូវគោលនយោបាយព្រំដែនសន្តិភាពល្អប្រសើរ។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨។
តាមការចុះផ្សាយនេះបញ្ជាក់ថា ការបង្ហាញបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំរវាងលេខាធិការក្រសួងការពារជាតិ និងលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៤ នៅសណ្ឋាគារអង្គរសិនជូរី។
កិច្ចប្រជុំទ្វេរភាគីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោក ខាំរន្ធ គ្រឿវិច ឆាក់យ៉ានចាន នាយកទីចាត់ការការងារព្រំដែនកងទ័ពភូមិន្ទថៃ និងជាសហប្រធានក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។
កិច្ចប្រជុំនេះមានគោលបំណង ជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររវាងកងទ័ព នៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។
លោក នាង ផាត សាទរចំពោះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ដែលធានាបាននូវសុខសន្តិភាព ស្ថេរភាព និងចូលរួមការអភវិឌ្ឍន៍តំបន់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យមានភាពរីកចម្រើនប្រកបដោយចិរភាព។
រដ្ឋលេខាធិការក្រសួងការពារជាតិរូបនេះ វាយតម្លៃខ្ពស់ចំពោះកងទ័ពរបស់ភាគីទាំងពី នូវការគោរពគ្នាទៅវិញទៅមកលើគ្រប់វិស័យ ឈរលើមូល ដ្ឋាននៃប្រយោជន៍រួម ស្របតាមគោលនយោបាយព្រំដែនសន្តិភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
កិច្ចប្រជុំនេះ បានផ្ដល់ឱ្យនូវកងទ័ពទាំងពីរ ជួបពិភាក្សា និងផ្លាស់ប្តូរទស្សនគ្នា ក្នុងការរិះរកនូវវិធីសាស្ត្រថ្មីៗចាក់បំពេញបន្ថែមលើស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អ ប្រកបដោយសុឆន្ទៈក្នុងការថែរក្សាបរិយាកាសព្រំដែនសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែង និងបន្តសកម្មភាពដោះស្រាយបញ្ហាព្រំដែនទៀតផង។
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះនៃគណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជានិងប្រទេសថៃ ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។ គណៈកម្មាធិការព្រំដែននេះ ជួបប្រជុំជារឿងរាល់ឆ្នាំ ដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនៅតាមព្រំដែនរវាងកម្ពុជា និងប្រទេសថៃ៕
អត្ថបទ៖ លោក សោម លាភ