en     km
en     km

អ្នកជំនាញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលើភ្នំគូលែនមុននឹងបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ

Share

ភ្នំពេញ៖ក្រុមអ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូចំនួន ៤ បានចុះពិនិត្យមើលការសាង់សង់ផ្លូវថ្មីលើភ្នំគូលែន ដើម្បីត្រៀមទទួលយោបល់កែលម្អនៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី-អង្គរលើកទី៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមឱ្យដឹងនៅគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សារានៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

តាមគេហទំព័រដដែលនេះ  ក្រុមអ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូចំនួន ៤ រូប មាន មន្ត្រីអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីបរិស្ថាន និងភាគីក្រុមហ៊ុនសាងសង់ផ្លូវ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យរបស់ក្រុមអ្នកជំនាញការអាដហុក គឺក្នុងគោលបំណងពិនិត្យមើលនិងតាមដានការងារធ្វើផ្លូវនេះ ថាតើបានអនុវត្តន៍ត្រឹមត្រូវស្របតាមអនុសាសន៍កន្លងមកដែរឬទេ ដើម្បីចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់ព្រៃឈើនិងទីតាំងបុរាណដ្ឋានមួយចំនួនត្រូវការពារ។

បន្ថែមពីនោះ អ្នកជំនាញបានចុះពិនិត្យមើលរណ្តៅកំណាយចំនួន ០៩កន្លែង ដែលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើកំណាយ ដើម្បីឱ្យដឹងថា តើនៅក្រោមដីដែលត្រូវធ្វើផ្លូវពីលើនិងនៅសងខាងផ្លូវដែលត្រូវធ្វើផ្លូវនោះ មានបុរាណដ្ឋានឬរចនាសម្ពន្ធអ្វីដែលគួរចៀសវាងឬអត់។

លោកបណ្ឌិត រដ្ឋា បន្តទៀតថា រណ្តៅចំនួន ០៩កន្លែង នៅភូមិអន្លង់ធំនោះ ក្រុមការងារបានប្រទះឃើញមានបំណែកកុលាលភាជន៍តិចតួច និងបានប្រទះឃើញរចនាសម្ពន្ធធ្វើអំពីឥដ្ឋចំនួនមួយរណ្តៅ តែមិនទាន់អាចសន្និដ្ឋានបានថាជាអ្វីឱ្យប្រាកដនៅឡើយទេ គឺត្រូវការពេលវេលាដើម្បីសិក្សាបន្ថែម។ ចំណែកយោបល់លើការធ្វើផ្លូវ ភាគច្រើនគឺគោរពតាមអនុសាសន៍កន្លងមក និងមានកន្លែងតិចតួចប៉ុណ្ណោះដែលត្រូវពង្រីកធំ ដោយយោងទៅលើស្ថានភាពផ្លូវកោង ហើយយោបល់កែតម្រូវយ៉ាងណានោះ នឹងដឹងពិស្តារនៅក្នុងអង្គប្រជុំអាយស៊ីស៊ី-អង្គរ នាពេលខាងមុខនេះ។

សូមបញ្ជាក់ដែរថា ដំណើរចុះពិនិត្យទីតាំង សមិទ្ធផលការងារ ការដ្ឋានសាង់សង់ ហេដ្ឋារចនាសម្ពន្ធសំណង់ បរិស្ថានផ្សេងៗរបស់អ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូ គឺតែងធ្វើឡើងជាប្រចាំមុនបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីតាមដានរាល់សកម្មភាព ការងារ ថាដំណើរទៅតាមអនុសាសន៍ និងគោរពច្បាប់បេតិកភណ្ឌពិភពលោកឬអត់៕

Share

Image
Image
Image