ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយដូចគ្នា ហើយក៏នៅតែប្រពន្ធគេ។ តែសម្រាប់កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅ បានសិក្សានៅសាកលវិទ្យាល័យមួយនៅឯខេត្តរតនគិរី និងបានធ្វើជាអ្នកសម្របសម្រួល នៅក្នុងសហគមន៍មួយ។
តើសម្រាប់កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅ នាពេលបច្ចុប្បន្នផ្លាស់ប្ដូរ និងកែប្រែយ៉ាងណាខ្លះនោះ ? ជាបន្ដសូមអញ្ជើញស្ដាប់ជីវៈព័ត៌មានដែលនិយាយពីជីវិតកញ្ញាត្រាំង យ៉ាំ ជនជាតិដើមភាគតិចព្រៅ ដូចតទៅ៖
មានបងប្អូន ៥នាក់ និងជាកូនទី៣ នៅក្នុងគ្រួសារ កញ្ញា ត្រាំង យ៉ាំ មានស្រុកកំណើត ភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
កញ្ញា ត្រាំង យ៉ាំ៖«បើនិយាយពីការសិក្សា គឺកំសត់ខ្លាំង រៀននៅស្រុកបាន ៣ឆ្នាំ ហើយបន្ដរៀននៅខេត្ត » ។
កញ្ញា ត្រាំង យ៉ាំ ជានិស្សិតឆ្នាំ៣ លើមុខវិជ្ជាគ្រប់គ្រងទូទៅ នៃសកវិទ្យាល័យបៀលប្រាយ ក្នុងខេត្តរតនគិរី ។
នៅក្នុងសម្ដីរៀបរាប់មួយៗ កញ្ញាបានឱ្យដឹងបន្ដថា ៖«រៀននៅខេត្ត ព្រោះនៅខេត្តមានកន្លែងស្នាក់នៅ និងមានអាហារូបករណ៍ » ។
ការសិក្សាផ្ដើមចេញពីវិទ្យាល័យដែលផ្ដល់អាហារូបករណ៍ កញ្ញា ត្រាំង យ៉ាំ ជនជាតិដើមភាគតិចព្រៅ បានប្រឡងជាប់បាក់ឌុប នៅឆ្នាំ ២០១៥ នៃវិទ្យាល័យហ៊ុនសែនភូមិថ្មី។ ដោយឡែកនៅឆ្នាំ ២០១៥នេះ ដដែល កញ្ញា ត្រាំង យ៉ាំ បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនផ្នែកអក្ខរកម្មក្រៅប្រព័ន្ធ។
កញ្ញា ត្រាំង យ៉ាំ៖«អក្ខរកម្មក្រៅប្រព័ន្ធទៅលើអ្នកនៅក្នុងភូមិដែលអត់ចេះអក្សរ »។
កញ្ញា ត្រាំង យ៉ាំ បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនក្រៅប្រព័ន្ធនេះ អស់រយៈពេលមួយឆ្នាំ ក្រោយពេលបញ្ចប់ការបង្រៀន កញ្ញាក៏បានសម្រេចចិត្តចូលបម្រើការងារនៅអង្គការ ACW ដែលមានការគាំទ្រពីអង្គការសេដាក។
កញ្ញា ត្រាំង យ៉ាំ៖ «មួយឆ្នាំ ហើយខ្ញុំចូលធ្វើការនៅកន្លែងផ្សេង ពេលចឹង…»។
បច្ចុប្បន្ន កញ្ញា ត្រាំង យ៉ាំ មានតួនាទីជាអ្នកសម្របសម្រួលលើការកាន់កាប់ដីធ្លីជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតតិច ខេត្តរតនគិរី។
កញ្ញា ត្រាំង យ៉ាំ៖«ក្នុងនឹងសកម្មភាពធំៗមាន៣ ទីមួយ.គឺចុះដីធ្លី ទីពីរ.ធ្វើទៅលើកសិកម្ម ហើយមានវេទិកាសាធារណៈ…»។
នៅក្នុងការងារជាអ្នកសម្របសម្រួលទៅលើក្រុមសន្សំប្រាក់ កញ្ញា ត្រាំង យ៉ាំ បានចាប់ផ្ដើមការងារនៅក្នុងឆ្នាំ ២០១៦។ នៅពេលចាប់ផ្ដើមការងារនេះ កញ្ញា មានផលលំបាកជាច្រើន។
កញ្ញា ត្រាំង យ៉ាំ៖«ផលលំបាកមានច្រើន មុននិងចូលយើងអត់ចេះ ធម្មតាជាមួយសហគមន៍ពួកគាត់សុទ្ធតែជាមនុស្សចាស់ ហើយយើងជាក្មេង យើងអត់ដឹងថាត្រូវសម្របសម្រួលយ៉ាងម៉េច និយាយអោយត្រង់ គឺខ្ញុំអត់ចេះ »។
ក្រោយបានធ្វើការជាអ្នកសម្របសម្រួលជារឿយៗ ធ្វើអោយកញ្ញា ត្រាំង យ៉ាំ បានផ្លាស់ប្ដូរពីមនុស្សម្នាក់ដែលមិនសូវចេះនិយាយ មកជាមនុស្សដែលអាចសម្របសម្រួលបានដោយមិនមានភាពភ័យខ្លាច។
កញ្ញា ត្រាំង យ៉ាំ៖«បើនិយាយពីប្រវត្តិខ្ញុំកាលមុនមិនទាន់ចូលអីសោះ ចូលតែក្នុងសាលា ខ្ញុំជាមនុស្សដែលអៀនខ្មាស់...»។
ក្រោយពីចេញផុតពីភាពខ្មាស់អៀន កញ្ញា ត្រាំង យ៉ាំ បានវិវឌ្ឍន៍ខ្លួនក្លាយស្រ្ដីជាជនជាតិដើមភាគតិចមួយរូបដែលរឹងមាំ និងមានចំណេះដឹងនៅក្នុងសហគមន៍របស់ខ្លួន។
កញ្ញា ត្រាំង យ៉ាំ៖«ទោះបីយើងជនជាតិដើមភាគតិច ក៏យើងនៅក្នុងសញ្ជាតិខ្មែរដែរ គេអាចធ្វើការងារអីបាន យើងក៏អាចធ្វើការបានដែរ ហើយមិនប្រកាន់ថា ….»។
កញ្ញា ត្រាំង យ៉ាំ ជានារីម្នាក់ដែលទទួលបានការលើកទឹកចិត្តពីឳពុកម្ដាយ និងសង្គម រួមទាំងការផ្ដល់ឱកាសពីអ្នកជុំវិញខ្លួន ។ នាងបានឱ្យដឹងបន្ដថា សម្រាប់ស្រ្ដីដែលជាជនជាតិដើមភាគតិចដូចនាងនាពេលបច្ចុប្បន្ន គឺទទួលបានឱកាសច្រើន។
កញ្ញា ត្រាំង យ៉ាំ៖«នៅភូមិខ្ញុំអត់មានទៀតទេ សំខាន់គឺខ្លួនគេ គេអត់ចង់រៀន បើថាតាមខ្ញុំលឺ ភាគច្រើនដូចនៅភូមិខ្ញុំ ខ្ញុំស្គាល់គ្រប់ភូមិ មានតែភាគតិចទេ ដែលគេនិយាយថារៀនធ្វើអី ស៊ីបាយដូចគ្នា ហើយក៏នៅតែប្រពន្ធគេ ដាំបាយ ដាំទឹកអោយគេ»៕