en     km
en     km

រដ្ឋសភាបើកផ្លូវឱ្យមានការលើកបំរាមអ្នកនយោបាយ១១៨រូបស្របពេលលោកសមរង្ស៊ីឡើងធ្វើមេបក្សស្ដីទីCNRP

Share

ភ្នំពេញ៖ ភ្លាមៗបន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ ដើម្បីបន្ធូរស្ថានការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយបរទេស សហជីព អង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំងនោះ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨នេះ រដ្ឋសភាក៏បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនិងជូនដំណឹងអំពីការធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនច្បាប់ ដើម្បីផ្តល់​សិទ្ធិដល់​នាយករដ្ឋមន្រ្តីស្នើព្រះមហាក្សត្រផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។

សេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់របស់សមាជិកសភាបកក្សកាន់អំណាចបានចង្អុលប្រាប់វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺ៖

១/ បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គលដែលត្រូវបានតុលាការហាមឃាត់ការធ្វើនយោបាយ
២/បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើអាចទទួលបាននិតីសម្បទានឡើងវិញតាមច្បាប់។

វិសោធនកម្មនេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនីតិរដ្ឋ ព្រមទាំងលើកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។ តែសូមរំលឹកថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា ៤៥ថ្មី បានចែងដូចនេះ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

តែបែបនេះក្ដី ការធ្វើឱ្យស្ថានការណ៍នយោបាយធូរស្រាលឡើងវិញនេះ ត្រូវបានអ្នកសង្កេតការណ៍មួយចំនួនយល់ថា មានកត្តានៅពីក្រោយជាច្រើន ជាពិសេស កើតឡើងស្របពេល លោក សម រង្ស៊ី ត្រូវបានសន្និសីទរបស់គណបក្សសង្រ្គោះជាតិ នៅទូទាំងពិភពលោកបានសម្រេចតែងតាំងលោកជាប្រធានស្ដីទីគណបក្សជាបណ្ដោះអាសន្ន ជំនួសលោក កឹម សុខា ដែលកំពុងឃុំខ្លួន ។

ស្ថានភាពនេះ ក៏អាចជាការបញ្ជៀសផងដែរ កុំឱ្យសហភាពអឺរ៉ុបទម្លាក់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលគេថា នឹងចូលជាធរមាននៅដើមឆ្នាំ ២០១៩។

យ៉ាងណា​អាចមានករណីផ្សេងទៀតដែលមិនអាចទស្សន៍ទាយបានជាមុន នៅក្រោយអ្នកនយោបាយ ១១៨រូប ដែលតុលាការបានហាមឃាត់សិទ្ធិធ្វើនយោបាយ។

សូមជម្រាបទៀតថា ករណី​ ១១៨រូប ក៏មានលោក កឹម សុខា មួយរូប ដែលកំពុងឃុំខ្លួនក្នុងផ្ទះ៕

 

Share

ព័ត៌មានទាក់ទង

Image