ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួនពលរដ្ឋដែលកើតជំងឺគ្រុនចាញ់នៅឆ្នាំ២០១៨នេះមានការកើនឡើង ហើយចំនួនពលរដ្ឋស្លាប់ក៏មានការកើនឡើងដែរ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ជំងឺគ្រុនឈាម គឺជាជំងឺដែលមានគ្រោះថ្នាក់បំផុតចំពោះកុមារតូចៗ តាំងពីកើតរហូតដល់អាយុក្រោម ១៥ឆ្នាំ។ ជំងឺនេះត្រូវចម្លងដោយពពួកសត្វមូសខ្លា ។ តែយ៉ាងណា ជំងឺនេះក៏មានកើតផងដែរទៅលើមនុស្សគ្រប់វ័យ ប្រសិនបើពួកគេត្រូវបានមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមខាំ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានប្រាប់វិទ្យុស្ដ្រីថា គិតពីខែមករា មកដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋចំនួន ១ម៉ឺន ៥ពាន់ ២៣៣នាក់ បានកើតជំងឺគ្រុនឈាម ហើយបានបណ្ដាលឲ្យពលរដ្ឋចំនួន ១៦នាក់បានស្លាប់។ តួលេខនេះបង្ហាញឲ្យឃើញថា ទាំងចំនួនពលរដ្ឋដែលកើតជំងឺគ្រុនឈាម និងស្លាប់ នៅឆ្នាំ២០១៨នេះ គឺកើនឡើងជាងកាលពីឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៧ មានប្រជាពលរដ្ឋកើតជំងឺគ្រុនឈាមប្រមាណតែ ១ម៉ឺន ១ពាន់ករណី ហើយស្លាប់ចំនួន ១១នាក់។
ឆ្នាំ២០១៨នេះ រាជធានីភ្នំពេញ ខេត្ដព្រះវិហារ សៀមរាប ខេត្ដកណ្ដាល និងខេត្ដកំពង់ឆ្នាំង គឺជារាជធានី-ខេត្ដដែលកើតជំងឺគ្រុនឈាមច្រើនជាងគេ។ លោកវេជ្ជបណ្ឌិតបន្ដថា នៅឆ្នាំនេះ ស្ថានភាពអាកាសធាតុមានភ្លៀងញឹកញាប់ ដែលជាកត្ដាអំណោយផលយ៉ាងល្អសម្រាប់ពពួកមូសខ្លាបង្កកំណើត។ លោកវេជ្ជបណ្ឌិតបន្ដថា មូលហេតុដែលបណ្ដាលឲ្យអ្នកជំងឺស្លាប់គឺបណ្ដាលមកពីការបង្អែបង្អង់នាំអ្នកជំងឺទៅព្យាបាល និងមួយវិញទៀត នាំអ្នកជំងឺរកពេទ្យឯកជនដែលគ្មានជំនាញច្បាស់លាស់ ៖«ចំនួននៃអ្នកជំងឺគ្រុនឈាមនេះកាលពីរ បីឆ្នាំមុនដំបូងវាទាប ដល់អញ្ចឹងទៅគាត់យូរទៅចង់ភ្លេច គាត់រវល់តែបង្អែបង្អង់ អ្នកខ្លះគាត់ក៏ទៅរកពេទ្យឯកជនខ្លះដែលគ្មានសមត្ថភាព ឬក៏មិនចំជាពេទ្យមានជំនាញខាងគ្រុនឈាមហ្នឹងអញ្ចឹងធ្វើឲ្យយឺតយ៉ាវ។ គ្រុនឈាមនេះបើយកមកដល់ពេទ្យយឺតហើយ គឺមកដល់ថ្ងៃទី៥ ទី៦ ឬទី៤អីមកដល់ពេទ្យ ហើយទឹកពេញសួតអស់ហើយ អត់មានទេវតាណាជួយបានទេ មិនថា ប្រទេសណាក៏ដោយគឺគ្មានគ្រូពេទ្យណាជួយបានទេ»។
យ៉ាងណានៅឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានចុះសកម្មភាពជាច្រើនដើម្បីបាញ់ថ្នាំសម្លាប់ពពួកមុសខ្លា និងដាក់ថ្នាំអាបែត តាមគោលដៅសំខាន់ៗជាច្រើន នៅក្នុងបណ្ដាខេត្ដដែលលិចទឹក។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បញ្ជាក់ថា នៅឆ្នាំនេះក្រសួងសុខាភិបាល បានប្រើប្រាស់ថ្នាំអាបែតអស់ចំនួន ៣០០តោន សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្នុងការកម្ចាត់កន្លែងពងកូនរបស់មូសខ្លា។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បន្ដទៀតថា ជាចេតនារបស់ក្រសួងសុខាភិបាល គឺមិនចង់ប្រើប្រាស់ថ្នាំសម្លាប់ពពួកមូសនេះទេ ដោយសារតែការប្រើថ្នាំវាប៉ះពាល់មិនមែនតែពពួកមូសឡើយ គឺវាប៉ះពាល់ទាំងអស់មិនថា មនុស្ស ឬសត្វឡើយ។
ប្រជាពលរដ្ឋអាចកត់សម្គាល់រោគសញ្ញានៃជំងឺគ្រុនឈាមនេះបាន តាមរយៈការឡើងកម្ដៅខ្លួនខ្លាំងចាប់ពី ៣៨.៥អង្សាសេឡើងទៅ មុខអ្នកជំងឺឡើងក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដៃ សន្លាក់ជើង ឈឺក្នុងគ្រាប់ភ្នែក កុមារមានស្ថានភាពងងុយគេងសន្លឹម មានស្នាមកន្ទួលក្រហមលើស្បែក និងដងខ្លួន លើសពីនេះបើក្នុងករណីធ្ងន់ធ្ងរ កុមារ នឹងមានស្នាក់ជាំឈាមជាបន្ទះៗ លើដៃ ដងខ្លួន និងជើង។
សញ្ញាទាំងអស់នេះ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា គឺជារោគសញ្ញាដ៏គ្រោះថ្នាក់បំផុត ដែលអាណាព្យាបាលទាំងអស់ត្រូវប្រញាប់រួសរាន់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់។ លោកសង្កត់ធ្ងន់ថា ត្រូវតែនាំទៅពេទ្យបង្អែក ឬក៏មណ្ឌលសុខភាព ដែលជាសេវាសាធារណៈរបស់រដ្ឋ គឺមិនត្រូវព្យាយាមនាំទៅពេទ្យឯជន ឬផ្សំថ្នាំតាមការនឹកឃើញនោះទេ ៖«ក្នុងករណីមានសមាជិកគ្រួសារក្ដៅខ្លួនមិនថាក្មេងឬមនុស្សចាស់ទេ។ ត្រូវតែសម្រេចចិត្ដឲ្យរូសរាន់ទៅពិគ្រោះជាមួយគ្រួពេទ្យរដ្ឋរបស់យើងបាទ មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកជាដើមបាទ។ ខ្ញុំក៏សំណូមពរដែរថា សូមកុំព្យាយាមសាកល្បងទៅពេទ្យឯកជនខ្លាំងពេកបាទ។ ពេទ្យឯកជនខ្លះគាត់អត់មានជំនាញគ្រប់ទេ ជាពិសេសទាក់ទងជំងឺគ្រុនឈាមនេះ។ បើគ្រូពេទ្យឯកជនណាគាត់ធ្វើការនៅខាងផ្នែកកុមារគាត់យល់ដឹងច្រើនអញ្ចឹងទៅ តែបើពេទ្យឯកជនខ្លះគាត់ធ្វើការនៅខាងមនុស្សចាស់សុទ្ធ ឬក៏ផ្នែកវះកាត់អី គាត់ម្ដេចយល់ដឹងពីរឿងគ្រុនឈាម អញ្ចឹងអាចយឺតពេល បើសម្រេចចិត្ដខុស»។
លោកវេជ្ជបណ្ឌិតអំពាវនាវដល់ពលរដ្ឋ គួរតែអនុវត្ដការរស់នៅស្អាតដោយខ្លួនឯង ដោយធ្វើយ៉ាងណាបំផ្លាញជម្រកមូស ឲ្យអស់ពីជុំវិញបរិវេណផ្ទះ ដោយមិនត្រូវរង់ចាំតែខាងក្រសួងចុះទៅដាក់ថ្នាំអាបែត ឬបាញ់ថ្នាំស្លាប់មូសនោះទេ។ លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនឈាម ដោយមិនត្រូវឲ្យមានទីជម្រកសម្រាប់ពួកមូសខ្លាឡើង។
មូសខ្លា គឺពងកូនក្នុងទឹករងថ្លា មិនមានក្លិនស្អុយ តែប៉ុណ្ណោះ ដូច្នេះដើម្បីបំផ្លាញទីជម្រករបស់ពពួកសត្វមូសខ្លា ប្រជាពលរដ្ឋគ្រប់រូបត្រូវពិនិត្យឲ្យបានជាប្រចាំនូវ ថូផ្កា ចានតម្កល់ជើងទូមានទឹក ក្រឡ សំបកកំប៉ុង់ សំបកកង់ឡាន កង់ម៉ូតូ សំបកដូង និងជាពិសេសត្រូវលាងសម្អាតអាង ឬពាងទឹកឲ្យបានរៀងរាល់សប្ដាហ៍ ឬមិនដូច្នេះប្រជាពលរដ្ឋអាចចិញ្ចឹមត្រី ៧ពណ៌ ដើម្បីឲ្យស៊ីដង្កូវទឹក។ លើសពីនេះអាណាព្យាបាលត្រូវតែស្លៀកពាក់ខោអាវវែង ឲ្យកុមារតូចៗ និងដាក់ឲ្យដេកក្នុងម៉ុងជាប្រចាំ ដើម្បីកុំឲ្យមូសខ្លាខាំ៕