en     km
en     km

ការសែតបរទេសនិងអ្នកវិភាគ៖ ពលករខ្មែរធ្វើការនៅក្រៅប្រទេសនៅតែងាយរងគ្រោះ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ថ្មីៗនេះមានប្រសាសន៍ថា ការដែលប្រជាជនកម្ពុជាទៅធ្វើការនៅប្រទេសក្រៅមិនមែនជារឿងអាក្រក់នោះទេ។ តែយ៉ាងណា អ្នកវិភាគថា ពលករខ្មែរជាពលករដែលទទួលហានីភ័យខ្ពស់ជាងគេ ប្រើប្រៀបធៀបជាមួយពលកររបស់ប្រទេសដទៃក្នុងតំបន់អាស៊ី។ ស្របពេលនេះដែរ ការសែតបរទេសបានចុះផ្សាយថា ពលករតាមផ្ទះរបស់កម្ពុជានៅគុយវែត ឬមជ្ឈឹមបូព៌ាទទួលភាពអយុត្តិធម៌ និងលក្ខខ័ណ្ឌការងារអាក្រក់បំផុត។ រាយការណ៍ជូនដោយលោក សោម​ លាភ!

គេហទំព័រព័ត៌មានបរទេសមួយ មានឈ្មោះឆ្នា  UCANEWS បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ថា ពលករតាមផ្ទះនៃប្រទេសកម្ពុជានៅគុយវែត ឬមជ្ឈឹមបូព៌ា ជាក្រុមងាយទទួលភាពអយុត្តិធម៌ និងលក្ខខ័ណ្ឌការងារអាក្រក់បំផុត។

គេហទំព័រនេះ បានស្រង់សម្ដីនឹងរឿងរ៉ាវរបស់ស្ត្រីកម្ពុជាមួយចំនួនដែលធ្វើការងារផ្ទះនៅតំបន់ទាំងនោះ។ ក្នុងនោះ ស្រ្តីខ្មែរម្នាក់ឈ្មោះ Ary Ramsan ក្នុងចំណោមស្រ្តីជាច្រើនដែលធ្លាប់បានធ្វើការក្នុងបរិយាកាសដ៏រន្ធត់។

កាលពីពីរឆ្នាំមុន យ៉ាងតិចណាស់មានស្ត្រីចំនួន ៦នាក់ ដែលបានត្រឡប់មកផ្ទះវិញជាមួយនឹងរឿងរ៉ាវរំលោភ និងកេងប្រវ័ញ្ចគ្រប់រូបភាពយ៉ាងខ្លាំង។ បញ្ហានេះ អង្កការសិទ្ធិមនុស្សក៏ធ្លាប់បានព្រមានអំពីគ្រោះថ្នាក់នៃការបញ្ជូនពលករទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាវអូឌីត ឡេបាណន់ និងគុយវ៉ែត។  

UCANEWS ចុះផ្សាយបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមានការជឿជាក់ថា ការបញ្ជូនពលករចំនួន ៥ពាន់នាក់ទៅប្រទេសគុយវែត ក្នុងឆ្នាំ២០១៩ ប្រហែលជាគ្មានបញ្ហានោះទេ។ ពលករដែលធ្វើការនៅក្រៅប្រទេសខ្លះដែលជាស្រ្តីបម្រើការនៅក្នុងផ្ទះ កម្មកររោងចក្រ កម្មករសំណង់ និងកសិករជាដើម។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិយាយថា រាជរដ្ឋាភិបាលកម្ពុជានឹងជួយការពារពលករ តាមរយៈអនុស្សារ ណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាតាំងពីជាង ១០ឆ្នាំមុន។តែអនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Hunman Rights Watch លោក Phil Robertson បានបង្ហាញការព្រួយបារម្ភចំពោះគម្រោងរបស់កម្ពុជានេះ។

លោកមានប្រសាសន៍ប្រាប់សារព័ត៌មាននេះថា ពលករជាច្រើននឹងប្រឈមមុខទៅនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសគុយវ៉េត។ ជាងនេះ ពួកគេងាយរងគ្រោះក្នុងករណីរំលោភបំពានលើរូបរាងកាយ និងពាក្យសម្ដី ការបង្ខំដោយឱ្យធ្វើការបន្ថែមម៉ោងមិនបើប្រាក់ឈ្នួល និងបិទសិទ្ធិសេរីភាពជាដើម។  

លោកបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានការហ្មត់ចត់ចំពោះការការពារពលករនោះត្រូវតែមានបង្កើតនូវលេខទំនាក់ទំនងរហ័សពេលមានអាសន្នព្រមទាំងបង្កើន និងពង្រឹងក្រុមមន្ត្រីស្ថានទូតកម្ពុជានៅប្រទេសទាំងនោះ ដែលអាចធ្វើអន្តរាគមន៍ និងផ្តល់ជម្រកដល់ពលករដែលបានរងការរំលោភបំពានទាំងនោះ។

ទោះបីជាមានភាពចម្រូងចម្រាស់បែបនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជាមិនបញ្ឈប់ការបញ្ជូនពលករទៅបរទេសដែរ។ បើតាមការប៉ាន់ប្រមាណប្រជា ជនកម្ពុជាប្រហែលជា ១លាន ទៅ ២លាននាក់ គឺកំពុងតែធ្វើការនៅក្រៅប្រទេសរបស់ខ្លួនដែលភាគច្រើន គឺប្រទេសថៃ។

ការសែត UCANEWS នេះ ក៏បានចុះផ្សាយបន្ថែមអំពីបរិយាកាសការងាររបស់ស្រ្តីកម្ពុជាម្នាក់ទៀតឈ្មោះថា  El Maiyan ។

យ៉ាងណា ពលករកម្ពុជានោះរៀបរាប់ថា នាងបានទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតតាមរយៈភ្នាក់ងារការងារវៀតណាមដោយទៅធ្វើជាស្រ្តីមេផ្ទះ។       

El Maiyan ធ្វើការ១៦ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ព្រមទាំងធ្វើការហួសកម្លាំងទៀតផង។

ជាងនេះទៀត នាងត្រូវបានម្ចាស់ផ្ទះវាយទាត់ធ្វើបាបជារៀងរាល់ថ្ងៃដែលធ្វើឱ្យរាងការចុះខ្សោយរួមទាំងក្អកធ្លាក់ឈាម។ បើទោះបីជានាងត្រូវបានត្រឡប់មកកមម្ពុជាក្ដី ក៏នាងនៅតែមានអារម្មណ៍ថា ខ្លាចឈឺ និងចងចាំរឿងទាំងនេះរហូតមកដល់សព្វថ្ងៃ។

កាលពីថ្ងៃទី ២៨​ ខែវិច្ឆិកា ឆ្នាំ ២០១៨ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួន ដោយអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំគិតថា ការដែលមានពលរដ្ឋធ្វើការនៅក្រៅប្រទេសថា នេះជារឿងខុស។ សម្ដេចបញ្ជាក់ថា ប្រទេសមួយចំនួនក៏បញ្ជូនពលរដ្ឋទៅធ្វើការនៅបរទេសដូចកម្ពុជាដែរ។

ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយបានសរសេរលើទំព័រហ្វេសបុករបស់លោកថា ការបញ្ជូនពលករទៅបរទេសជាដំណឹងល្អសម្រាប់រាជរដ្ឋាភិបាល។

​យ៉ាងណា​ អ្នកវិភាគរូបនេះ បានប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះថា កម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មច្រើនជាងគេនៅតំបន់អាស៊ី។លោកបណ្ឌិត មាស នី បន្ថែមថា រដ្ឋាភិបាលកម្ពុជា​មិនទាន់មានការយកចិត្តទុកដាក់ដល់ពលករដែលបានបញ្ជូនទៅបរទេសឱ្យបានច្រើននៅឡើយទេ។

លោក បណ្ឌិត មាស នី៖ «ក៏ប៉ុន្តែបញ្ហាដែលវាពិបាកនោះ ត្រង់ថា រដ្ឋាភិបាលកម្ពុជាយើងមិនទាន់បានផ្ដល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ក្នុងការថែទាំពលករ របស់ខ្លួនដែលបានបញ្ជូនទៅបរទេសនឹងនៅឡើយទេ  នេះជាករណីដែលខ្ញុំបានឃើញនៅក្នុងប្រទេសដទៃ  ហើយតាមស្ថានទូតបរទេសមួយៗ របស់កម្ពុជា ដែលមានពលករខ្មែរធ្វើការហ្នឹងក៏មិនទាន់បានបម្រើពលរដ្ឋនឹងឱ្យបានពេញដៃពេញជើង  »។

ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ប្រទេសណាក៏មានពលរដ្ឋទៅធ្វើការនៅបរទេសដែរ ប៉ុន្តែខុសគ្នាត្រង់ថា ពលករកម្ពុជាដែលទៅធ្វើការនៅបរទេស ជាការធ្វើការដោយកម្លាំង និងគ្មានជំនាញ ព្រមទាំងទទួលបានប្រាក់ឈ្នួលតិចជាដើម។

លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតាមដានលើសុវត្តិភាព សិទ្ធិការងារ ដែលនេះ គឺជាកត្តាសំខាន់បំផុត។

តាម​របាយការណ៍​លទ្ធ​ផល​នៃ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញថា រដ្ឋាភិបាល​កម្ពុ​បាន​ផ្តល់​សេវា​ស្វែងរក​ការងារ​​ធ្វើ​នៅ​ក្រៅប្រទេស​ដល់​ពលរដ្ឋ​​ចំនួន​ជាង ១លាន២សែន​នាក់។

ក្នុងចំណោម​ពលក​រទាំង​នោះ គឺពលករ​ទៅ​ប្រទេស​ថៃមាន​ជាង ១លាន​នាក់​ ​កូរ៉េខាងត្បូង​​ចំនួន ៤ម៉ឺន​​នាក់​ ជប៉ុន​​ចំនួន ៦ពាន់​នាក់ ម៉ាឡេស៊ី​​​ចំនួន ​៣ម៉ឺន​​នាក់​ ​សិង្ហ​បុរី​​ចំនួន​ជិត​ ៥០០​នាក់ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បានចាប់ផ្ដើម​បញ្ជូន​ពល​ការិនី​​​ចំនួន ១៥​នាក់។

របាយការណ៍​ដដែល​នោះ ​​ក៏​បាន​អះអាង​​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការងារ​ធ្វើ​សរុប​មានចំនួន ៩៩,៣%។

របាយការណ៍​រវាងអង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ​(IOM) ចែញផ្សាយថា ​ពលករ​ខ្មែរធ្វើការនៅបរទេស មួយចំនួន ​៨​នាក់ ក្នុង​ចំណោម ​១០​នាក់ ​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ ​ដែលស្មើនឹង ​៨០​ភាគរយ។ ជាងនេះ ពលករ​ខ្មែរ ៧​នាក់ ​ក្នុង​ចំណោម​១០​នាក់ ​មាន​បញ្ហា​ជំងឺផ្លូវចិត្ត ដែល​ស្មើនឹង ​៦៦​ភាគរយ​៕

 

Share

Image
Image
Image