ភ្នំពេញ ៖ នាយិកាក្រុមហ៊ុន ផ្គត់ផ្គង់បន្ទះសូឡារ ប្រើដោយថាមពលព្រះអាទិត្យ មានប្រសាសន៍ថា ស្ដ្រីគួរតែចាប់ឱកាសបង្ហាញសមត្ថភាព ភាពជាអ្នកដឹកនាំ និងមុខជំនួញ ខណៈដែលសង្គមកាន់តែបើកទូលាយសម្រាប់ស្ដ្រី។ ការលើកឡើង របស់នាយិការូបនេះ នៅពេលដែលលោកស្រី បានចូលរួមសប្ដាហ៍ នៃសហគ្រិនភាពរបស់ស្ដ្រី កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។
លោក លៀ ស៊ីណា ជម្រាបជូនលម្អិត ៖
លោកស្រី ខៀវ ធីតា គឺជាស្ដ្រីវ័យកណ្ដាលមួយរូប ដែលជានាយិកាក្រុមហ៊ុន សូឡារ ហ្គ្រីន អេនើជី ខេមបូឌា ដែលជាក្រុមហ៊ុនមួយផ្គត់ផ្គង់បន្ទះសូឡារ ប្រើថាមពលកកើតឡើងវិញ។ ក្រុមហ៊ុននេះ ចាប់ផ្ដើមកកើតឡើងមកព្រោះតែក្ដីស្រឡាញ់ របស់លោកស្រី និងស្វាមី ចង់ទាញយកផលប្រយោជន៍ ពីធនធានធម្មជាតិដែលមានស្រាប់ ដោយមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះលោកស្រី យល់ថា តំបន់ជនបទ នៅដាច់ស្រយាលឆ្ងាយៗ អាចរហូតដល់ ៧០ភាគរយគឺមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយ។ ករណីដែលនៅតំបន់ដាច់ស្រយាលឆ្ងាយៗ គ្មានភ្លើងប្រើប្រាស់ គឺជាការលំបាក់ខ្លាំងសម្រាប់ពលរដ្ឋ ពិសេសស្ដ្រី និងកុមារ ក្នុងការនាំយកអាគុយ ដើម្បីទៅសាកភ្លើងយកមកប្រើប្រាស់ ៖«ចាស អ្នកណាក៏ត្រូវការថាមពលអគ្គិសនីដែរ។ ប៉ុន្ដែសំខាន់គឺអ្វីដែលយើងប្រើប្រាស់ពីមុនហ្នឹង គឺវាចំណាយលុយច្រើន ហើយវាខាតពេលវេលាទៀត ដូចដឹកអាគុយទៅសាកចុះឡើង គាត់ប្រើកូនក្មេង គាត់ជាមនុស្សស្រី គាត់ត្រូវធ្វើការងារហ្នឹងអញ្ចឹង។ អញ្ចឹងសូឡារ គឺពិតជាជួយទៅដល់ពួកគាត់ច្រើនទៅលើការកាត់បន្ថយការចំណាយរបស់គាត់។ ដូចជាកាត់បន្ថយការចំណាយពេលវេលារបស់ពួកគាត់ដែរ។ អញ្ចឹងបានខ្ញុំស្រឡាញ់ការងារហ្នឹង ហើយខ្ញុំក៏ចង់ធ្វើវាដោយសារ ខ្ញុំគិតថា ខ្ញុំអាចជួយទៅដល់តំបន់ជនបទច្រើន ទៅលើប្រព័ន្ធថាមពលហ្នឹង»។
ក្រុមហ៊ុននេះ បានចាប់កំណើតឡើងកាលពីឆ្នាំ២០០៤។ ដំណើរការរបស់ក្រុមហ៊ុននេះ ហាក់មិនសូវល្អប៉ុន្មានទេ ស្របពេលដែលម្ចាស់ក្រុមហ៊ុនទាំងពីររូប ទើបតែកាន់ដៃគ្នាឈានចូលពិភពមុខជំនួញថ្មីថ្មោង ហើយគ្មានដើមទុកធំដុំនៅនឹងដៃ។ តែយ៉ាងណាក្ដីស្រឡាញ់ រួមផ្សំនឹងការខិតខំ បានធ្វើឲ្យក្រុមហ៊ុន សូឡារ ហ្គ្រីន អេនើជី បានដើរដោយរលូន និងមានការគាំទ្រយ៉ាងច្រើនរហូតមកដល់ពេលនេះ។
បើទោះជាបច្ចុប្បន្នស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងការចេញមុខស្វែងរកចំណូលដើម្បីជួយគ្រួសារ ក៏នៅតែមានមតិរិះគន់ និងរឹតត្បិតសម្រាប់ស្ដ្រីនៅឡើយ ដែលគិតថា ស្ដ្រីអាចធ្វើបានតែការងារលក់ដូរ ហើយគិតប្រាក់តិចតូចតែប៉ុណ្ណោះ។ តែចំណុចនេះ គឺផ្ទុយស្រឡះពីទឹកចិត្ដ និងឆន្ទៈរបស់លោកស្រី ធីតា។ លោកស្រីមានប្រសាសន៍ថា ហេតុអ្វីស្ដ្រីត្រូវធ្វើបានតែការងារតិចតូច ឬក៏ជាការងារបន្ទាប់បន្សំ។ លោកស្រីទទួលស្គាល់ថា បុរសក៏អាចធ្វើបានក្នុងការងារគ្រប់គ្រងម្នាក់ឯង តែលោកស្រី យល់ថា ស្ដ្រីគឺមានសមត្ថភាពដែលមិនទាបជាងបុរស ហើយសម្រាប់ជីវិតគូស្វាមី ភរិយា ការធ្វើការរួមគ្នាគឺជារឿងល្អ ហើយមានអត្រាជោគជ័យខ្ពស់ នេះហើយជាមូលហេតុដែលលោកស្រី ខិតខំក្នុងការជួយជ្រោមជ្រែងស្វាមី ក្នុងការបើកអាជីវកម្មផលិតបន្ទះសូឡារនេះ ៖«ខ្ញុំគិតថា គាត់ធ្វើតែឯងមនុស្សប្រុសគឺអាចធ្វើបាន ប៉ុន្ដែហេតុអ្វីក៏យើងមិនចូលរួមជាមួយគ្នា។ ព្រោះអីយើងរួមជីវិតជាមួយគ្នាជាប្ដីប្រពន្ធហើយ អញ្ចឹងការងារបើសិនជាអាចធ្វើជាមួយគ្នាទៀត បើទោះជាវាមានល្អ ឬអាក្រក់ក៏ដោយពេលខ្លះយើងត្រូវនិយាយាគ្នា យើងត្រូវប្រកែកគ្នាឬក៏យើងពិភាក្សាគ្នាពីរឿងអាជីវកម្ម។ ប៉ុន្ដែវាគឺជារឿង ដែលយើងដើរទៅផ្លូវជាមួយគ្នា ហើយយើងយល់ចិត្ដគ្នាបានច្រើនបានយើងនឹងធ្វើការងារហ្នឹងរីកចម្រើន។ អ្វីទាំងអស់ហ្នឹងដែលយើងធ្វើយើងសង្ឃឹមថា នឹងរីកចម្រើនអញ្ចឹងយើងគួរតែរួមចិត្ដមួយហើយធ្វើការហ្នឹងទាំងអស់គ្នាទៅ»។
លោកស្រី ធីតា មានប្រសាសន៍ទៀតថា ការងារអ្វីក៏ល្អដែរសម្រាប់ស្ដ្រីគ្រប់រូប។ តែយ៉ាងណាលោកស្រីយល់ថា ដើម្បីឲ្យការងារដែលស្ដ្រីកំពុងតែធ្វើ ឬក៏នឹងធ្វើអាចល្អទៅបានលុះណាតែមានការរៀបចំផែនការ និងគម្រោងច្បាស់លាស់។ លោកស្រីលើទឹកចិត្ដដល់ស្ដ្រីគ្រប់រូប ឲ្យក្លាហានក្នុងការបង្ហាញសមត្ថភាព ឬក៏ចាប់យកឱកាសដែលកំពុងតែមាន ដើម្បីបង្ហាញពិភពលោកថា ខ្លួនមានទេពកោសល្យ និងសមត្ថភាព។ លោកស្រី ធីតា បន្ដទៀតថា ស្ដ្រីគួរតែជួបអ្នកជំនួញជោគជ័យឲ្យបានច្រើន ដើម្បីសិក្សាពីពួកគេ ហើយយកបទពិសោធន៍ទាំងនោះមកអនុវត្ដដោយ មិនគួរខ្លាចក្នុងការចាប់ផ្ដើមអាជីវកម្មឡើយ បើកាលណាខ្លួនមានក្ដីស្រឡាញ់ហើយ ៖«ខ្ញុំគិតថា ស្ដ្រីអត់គួរនឹងខ្លាចធ្វើទេ ជាពិសេសគឺសម័យនេះជាសម័យដែលគេបើកឱកាសសម្រាប់មនុស្សស្រីច្រើនមែនទែន។ អញ្ចឹងបើសិនជាពួកគាត់ពិតជាមានមហិច្ឆតាក្នុងខ្លួនចង់ក្លាយជាមនុស្ស ជោគជ័យមួយដែលយើងគិតថា យើងរស់នៅលើសង្គមនឹងគេដែរ ហេតុអ្វីក៏យើងមិនធ្វើអ្វីសាងភាពជោគជ័យ ភាពអស្ចារ្យសម្រាប់ខ្លួនយើង សម្រាប់កូនយើងដើម្បីយកយើងជាគំរូ»។
នាយិកាក្រុមហ៊ុន សូឡារ ហ្គ្រីន អេនើជី សង្កត់ធ្ងន់ថា ស្ដ្រីបើមានក្ដីស្រឡាញ់ និងមហិច្ឆតាហើយ មិនគួរចាំដល់មានអ្នកមកបង្គាប់បញ្ជាលើអ្វីដែលខ្លួនកំពុងមានក្ដីស្រឡាញ់នោះទេ គួរតែចាប់យកឱកាសនោះ ហើយធ្វើកិច្ចការដោយជំនឿចិត្ដខ្ពស់។
យ៉ាងណាគេសង្កេតឃើញថា រនាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ គឺជាបញ្ហាចម្បងមួយចំពោះស្ដ្រីក្នុងការឈានជើងចូលប្រឡូកក្នុងវិស័យជំនួញ ឬក៏ការងារសង្គមនានា។ ត្រង់ចំណុចនេះលោកស្រីវេជ្ជបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា ទទួលស្គាល់ថា អាចជារនាំងរាំង ស្ដ្រីមិនឲ្យបង្ហាញសមត្ថភាព និងទេពកោសល្យ។ ក៏ប៉ុន្ដែលោកស្រី ជឿជាក់ថារនាំងទាំងនេះគឺបាំង ហើយស្ថិតក្នុងផ្នតគំនិតចាស់ៗ និងស្ដ្រីជំនាន់មុនប៉ុណ្ណោះ តែសម្រាប់ស្ដ្រី យុវតី ជំនាន់ថ្មីនេះ ពួកគេបានទទួលសិទ្ធិយ៉ាងច្រើនលើសលប់ក្នុងការចូលរួមការងារ សង្គម និងការបង្ហាញសមត្ថភាពលើការងារផ្សេងៗ។
លោកស្រីវេជ្ជបណ្ឌិត អេង លីគង់ លើកទឹកចិត្ដដល់ស្ដ្រីគ្រប់រូប ឲ្យក្រោកឈរឡើង ហើយដើរទៅរកអ្វីដែលខ្លួនប៉ងប្រាថ្នា ដោយបង្ហាញពិភពលោកឲ្យឃើញពីសមត្ថភាពរបស់ខ្លួន។ លោកស្រីថា សម័យថ្មី ស្ដ្រីមិនគួរយកផ្នត់គំនិតចាស់មកចាក់សោរខ្លួនឯងឲ្យដាច់ឆ្ងាយការរីកចម្រើននៃបច្ចេកវិទ្យាឡើយ៕