ភ្នំពេញ៖ អ្នកវិភាគបញ្ហាសង្គម និងនយោបាយបង្ហាញការសង្កេតឃើញផ្ទាល់ខ្លួនថា ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំឱ្យក្រសួងយុត្តិធម៌បញ្ជូនសំណុំរឿងក្ដីរបស់មេដឹកនាំសហជីពជាប់បណ្ដឹងតុលាការ ដើម្បីពន្លឿនការដោះស្រាយ និងបញ្ចប់បណ្ដឹងគឺជាការបន្ទន់ជំហរនយោបាយគឺជាសញ្ញាណល្អសម្រាប់កម្ពុជាបច្ចុប្បន្ន។អ្នកវិភាគបញ្ជាក់ថា ការធ្វើបែបនេះក៏ពាក់ព័ន្ធទៅនឹងការបញ្ចៀសរបស់កម្ពុជា ពីការដកការអនុគ្រោះពន្ធ EBA ព្រមទាំងពន្ធផ្សេងៗទៀតពីសហ គមន៍អន្តរជាតិ។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍ព័ត៌មាននេះ!
ករណីបណ្ដឹងរបស់សហជីពនៅកម្ពុជាត្រូវបានលោក ប៉ា ចាន់រឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍ និងសីលធម៌កម្ពុជាយល់ឃើញថា ជារឿងនយោបាយដែលមិនងាយនឹងបញ្ចប់ លុះត្រាតែមានការដោះស្រាយតាមនយោបាយ។
លោក ប៉ា ចាន់រឿន បញ្ជាក់ថា ការអំពាវនាវបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាការបង្ហាញថា មេដឹកនាំកម្ពុជាមានឥទ្ធិពលទៅលើឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។
នៅពេលដែលអ្នកសារព័ត៌មានរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា សួរថា តើការអំពាវនាវរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បែបនេះ អាចដោយសារកម្ពុជាចង់បញ្ចៀសការដកការអនុគ្រោះពន្ធ EBAដែរឬទេ លោក ប៉ា ចាន់រឿច ថាអាចបែបនឹងដែរ។
លោក ប៉ា ចាន់រឿនពន្យល់ថា៖ «យើងឃើញថា រឿង EBA នេះ គឺជាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញ របស់ប្រទេសកម្ពុជាទៅសហគមន៍ អឺរ៉ុប ហើយជាទូទៅទំនិញភាគច្រើននឹងគឺផលិតឡើងដោយវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលមានសហជីពមានអីដែលពួកគាត់មួយចំនួនជាប់រឿងក្ដីក្ដាំនៅតុលាការហ្នឹង។ អ៊ឺចឹងការបន្ធូបន្ថយ ឬក៏ការអឺទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយណា ដែលពាក់ព័ន្ធទៅនឹងមេដឹកនាំសហជីពមួយចំនួន ដែលជាប់រឿងក្ដីក្ដាំកន្លងមកនឹង ខ្ញុំគិតថាវាចំណែកមួយដើម្បីដោះស្រាយ ហើយនឹងបន្ធូបន្ថយពីសម្ពាធរបស់អ្នកបញ្ជាទិញ ជាពិសេស គឺនៅសហភាពអឺរ៉ុប »។
អ្នកវិភាគឯករាជ្យម្នាក់ទៀត គឺលោក បណ្ឌិត មាស នី យល់ថាជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពន្លឿនបញ្ចប់សំណុំរឿងប្រឆាំងមេដឹកនាំសហជីពទាំងនេះ គឺដើម្បីជារនាំងពាំងកុំឱ្យកម្ពុជា ជួបការដកការអនុគ្រោះពន្ធEBA និងការអនុគ្រោះពន្ធផ្សេងៗទៀតពីទីផ្សារអន្តរជាតិ ព្រមទាំងគេចពីការដាក់សម្ពាធផ្សេងៗពីអន្តរជាតិ។
បណ្ឌិត មាស នី៖ «ពិសេសដូចជារឿងការលុបចោលនូវការអនុគ្រោះពន្ធ អីនឹងវាសុទ្ធតែជាវិធានការមួយដែលវានឹងធ្វឱ្យមានវិបត្តិសេដ្ឋកិច្ចផង វិបត្តិសង្គមផងសំខាន់ៗ មកលើកម្ពុជាផងដែរបាទ! វាមិនមែនមានតែ EBA ទេ វាអាចមានរឿងច្រើនទៀងណា ព្រោះ EBនេះ យើងមលើឃើញតែសម្លៀកបំពាក់ ហើយនឹងស្បែកជើងអីទេ ប៉ុន្តែនៅរឿងនាំអង្ករ នាំអីចេញក៏វាប៉ះពាល់ដែរ ហើយវានឹងអាចរាលដាលទៅដល់ទិដ្ឋាការ រាលដាលទៅ ដល់ការបង្កកទ្រព្យសម្បត្តិ អីទៀត អាហ្នឹងវាសុទ្ធតែរឿងដែលយើងបានលឺរួចហើយ ហើយគេអឺ ទំនងដូចជាកំពុងតែចាប់ផ្ដើមធ្វើម្ដងមួយៗអ៊ឺចឹងទៅណា »។
តែបែបនេះក្ដី លោក បណ្ឌិត មាស នី បន្ថែមថា ករណីនេះពិតជាមានលក្ខណៈស្មុគស្មាញ និងលំបាកខ្លាំង សម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពឱ្យដូចដើមវិញ។
ទស្សនៈរបស់អ្នកវិភាគដូចនេះធ្វើឡើងក្រោយពេលសម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់សហជីព ដែលជាប់បណ្ដឹងនៅតុលាការ ត្រូវបញ្ជូនសំណុំរឿង និងឯកសារពាក់ព័ន្ធទៅក្រសួងការងារ និងក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបណ្ដឹងទាំងនោះឱ្យបានលឿន។
ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន បែបនេះធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី នៅខេត្តកណ្ដាល កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨។នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការពន្លឿនការដោះស្រាយ និងបញ្ចប់បណ្ដឹងនេះ ធ្វើឱ្យរួចរាល់មុនដំណាច់ឆ្នាំ ២០១៨នេះ។
សម្ដេច ហ៊ុន សែន៖ «មេសហជីពគេខ្លះ កំពុងតែធ្វើការទៅនៅក្រោមឥទ្ធិពលនៃពាក្យបណ្ដឹង! នេះវាមិនមែនជារឿងមិនល្អទេ។លំហសេរីភាព នៃការធ្វើការរបស់សហជីពគឺមិនទាន់ទទួលបានពេញលេញទេ ។អ៊ឺចឹងសូមឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការណ៍ជាមួយនឹងក្រសួងយុត្តិធម៌ ហើយតាមរយៈក្រសួងយុត្តិធម៌ធ្វើការជាមួយនឹងតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធ បិទបញ្ចប់សំណុំរឿងនេះនៅក្នុងឆ្នាំ ២០១៨ ទៅ កុំឱ្យមានអាសំណុំរឿងនឹងនៅឆ្នាំ ២០១៩ បន្តទៀត »។
សម្ដេច ហ៊ុន សែន ថ្លែងថាសម្ដេចមិនចង់ឃើញ មេដឹកនាំសហជីពខ្លះដែលកំពុងធ្វើការដោយស្ថិតក្រោមឥទ្ធិពលរបស់ពាក្យបណ្ដឹង ព្រោះជារឿងមិនល្អទេ។ យ៉ាងណា សម្ដេចក៏ទទួលស្គាល់ដែលថា សេរីភាពក្នុងការធ្វើការរបស់សហជីពមិនទាន់ពេញលេញនោះទេ។ បើទោះបីជាបែបនេះក្ដី នាយករដ្ឋមន្ត្រីកម្ពុជាបានសំណូមពរឱ្យទាំងអស់គ្នាត្រូវគោរពច្បាប់របស់ប្រទេសឱ្យបានខ្ជាប់ខ្ជួន។
សម្ដេច ហ៊ុន សែន បន្ថែមថា បើទោះបីជាមានរឿងតូច ឬធំក្ដីត្រូវប្រញាប់ដោះស្រាយជាមួយគ្នា ដើម្បីរកវិធីសម្រុះសម្រួលគ្នា ដែលធានាផលប្រយោជន៍ទាំងសងខាង។
មកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់អង្គការវិជ្ជាជីវៈ ពិសេសថ្នាក់ដឹកនាំសហជីពទាំងអស់ដែលកំពុងតែជាប់បណ្ដឹងតុលាការ ផ្ដល់របាយការណ៍អំពីសំណុំរឿងរបស់ខ្លួនមកក្រសួងឱ្យបានមុនថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨។
មេដឹកនាំសហជីពមួយចំនួន ដូចជា លោក រ៉ុង ឈុន លោក ជា មុន្នី លោក ប៉ាវ ស៊ីណា លោកស្រី យ៉ាង សុភ័ណ្ឌ លោកស្រី ម៉ម ញឹម លោក អាត់ ធន់ និងមន្ត្រីសហជីពមួយចំនួនទៀត ត្រូវថៅកែរោងចក្រប្តឹងទៅតុលាការជាបន្តបន្ទាប់ ក្រោយពីដឹកនាំកម្មករទាមទារលក្ខខណ្ឌការងារ និងប្រាក់ឈ្នួលកាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤៕