en     km
en     km

ទស្សនៈអ្នកវិភាគ៖កម្ពុជាស្វែងរកបញ្ចៀសការព្យួរការអនុគ្រោះពន្ធEBA(មានសំឡេង)

Share

ភ្នំពេញ៖  អ្នកវិភាគបញ្ហាសង្គម និងនយោបាយបង្ហាញការសង្កេតឃើញផ្ទាល់ខ្លួនថា ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  ដែលណែនាំឱ្យក្រសួងយុត្តិធម៌បញ្ជូនសំណុំរឿងក្ដីរបស់មេដឹកនាំសហជីពជាប់បណ្ដឹងតុលាការ ដើម្បីពន្លឿនការដោះស្រាយ និងបញ្ចប់បណ្ដឹងគឺជាការបន្ទន់ជំហរនយោបាយគឺជាសញ្ញាណល្អសម្រាប់កម្ពុជាបច្ចុប្បន្ន។អ្នកវិភាគបញ្ជាក់ថា ការធ្វើបែបនេះក៏ពាក់ព័ន្ធទៅនឹងការបញ្ចៀសរបស់កម្ពុជា ពីការដកការអនុគ្រោះពន្ធ EBA ព្រមទាំងពន្ធផ្សេងៗទៀតពីសហ គមន៍អន្តរជាតិ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍ព័ត៌មាននេះ!

កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)

ករណីបណ្ដឹងរបស់សហជីពនៅកម្ពុជាត្រូវបានលោក ប៉ា ចាន់រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍​ និង​សីលធម៌​កម្ពុជា​យល់ឃើញថា ជារឿងនយោបាយដែលមិនងាយនឹងបញ្ចប់ លុះត្រាតែមានការដោះស្រាយតាមនយោបាយ។

លោក ប៉ា ចាន់រឿន  បញ្ជាក់ថា ការអំពាវនាវបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាការបង្ហាញថា មេដឹកនាំកម្ពុជាមានឥទ្ធិពលទៅលើឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។

នៅពេលដែលអ្នកសារព័ត៌មានរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា សួរថា តើការអំពាវនាវរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បែបនេះ អាចដោយសារកម្ពុជាចង់បញ្ចៀសការដកការអនុគ្រោះពន្ធ EBAដែរឬទេ លោក ប៉ា ចាន់រឿច ថា​អាចបែបនឹងដែរ។

លោក ប៉ា ចាន់រឿន​ពន្យល់ថា៖ «យើងឃើញថា រឿង EBA នេះ គឺជាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញ របស់ប្រទេសកម្ពុជាទៅសហគមន៍ អឺរ៉ុប ហើយជាទូទៅទំនិញភាគច្រើននឹងគឺផលិតឡើងដោយវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដែលមានសហជីពមានអីដែលពួកគាត់មួយចំនួនជាប់រឿងក្ដីក្ដាំនៅតុលាការហ្នឹង។ អ៊ឺចឹងការបន្ធូបន្ថយ ឬក៏ការអឺទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយណា ដែលពាក់ព័ន្ធទៅនឹងមេដឹកនាំសហជីពមួយចំនួន ដែលជាប់រឿងក្ដីក្ដាំកន្លងមកនឹង ខ្ញុំគិតថាវាចំណែកមួយដើម្បីដោះស្រាយ ហើយនឹងបន្ធូបន្ថយពីសម្ពាធរបស់អ្នកបញ្ជាទិញ ជាពិសេស គឺនៅសហភាពអឺរ៉ុប »។  

អ្នកវិភាគឯករាជ្យម្នាក់ទៀត គឺលោក បណ្ឌិត មាស នី យល់ថាជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពន្លឿនបញ្ចប់សំណុំរឿងប្រឆាំងមេដឹកនាំសហជីពទាំងនេះ​ គឺដើម្បីជារនាំងពាំងកុំឱ្យកម្ពុជា ជួបការដកការអនុគ្រោះពន្ធEBA និងការអនុគ្រោះពន្ធផ្សេងៗទៀតពីទីផ្សារអន្តរជាតិ ព្រមទាំងគេចពីការដាក់សម្ពាធផ្សេងៗពីអន្តរជាតិ។

បណ្ឌិត មាស នី៖ «ពិសេសដូចជារឿងការលុបចោលនូវការអនុគ្រោះពន្ធ អីនឹងវាសុទ្ធតែជាវិធានការមួយដែលវានឹងធ្វឱ្យមានវិបត្តិសេដ្ឋកិច្ចផង វិបត្តិសង្គមផងសំខាន់ៗ មកលើកម្ពុជាផងដែរបាទ! វាមិនមែនមានតែ EBA ទេ វាអាចមានរឿងច្រើនទៀងណា ព្រោះ EBនេះ យើងមលើឃើញតែសម្លៀកបំពាក់ ហើយនឹងស្បែកជើងអីទេ ប៉ុន្តែនៅរឿងនាំអង្ករ នាំអីចេញក៏វាប៉ះពាល់ដែរ ហើយវានឹងអាចរាលដាលទៅដល់ទិដ្ឋាការ រាលដាលទៅ ដល់ការបង្កកទ្រព្យសម្បត្តិ អីទៀត អាហ្នឹងវាសុទ្ធតែរឿងដែលយើងបានលឺរួចហើយ ហើយគេអឺ ទំនងដូចជាកំពុងតែចាប់ផ្ដើមធ្វើម្ដងមួយៗអ៊ឺចឹងទៅណា »។

តែបែបនេះក្ដី លោក បណ្ឌិត មាស នី បន្ថែមថា ករណីនេះពិតជាមានលក្ខណៈស្មុគស្មាញ និងលំបាកខ្លាំង សម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពឱ្យដូចដើមវិញ។

ទស្សនៈរបស់អ្នកវិភាគដូចនេះធ្វើឡើងក្រោយពេលសម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់សហជីព ដែលជាប់បណ្ដឹងនៅតុលាការ ត្រូវបញ្ជូនសំណុំរឿង និងឯកសារពាក់ព័ន្ធទៅក្រសួងការងារ និងក្រសួងយុត្តិធម៌ ដើម្បីដោះស្រាយបណ្ដឹងទាំងនោះឱ្យបានលឿន។ 

ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន បែបនេះធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី នៅខេត្តកណ្ដាល កាលពីថ្ងៃទី ២៨​ ខែ វិច្ឆិកា ឆ្នាំ ២០១៨។នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការពន្លឿនការដោះស្រាយ និងបញ្ចប់បណ្ដឹងនេះ ធ្វើឱ្យរួចរាល់មុនដំណាច់ឆ្នាំ ២០១៨នេះ។

សម្ដេច ហ៊ុន សែន៖ «មេសហជីពគេខ្លះ កំពុងតែធ្វើការទៅនៅក្រោមឥទ្ធិពលនៃពាក្យបណ្ដឹង! នេះវាមិនមែនជារឿងមិនល្អទេ។​លំហសេរីភាព នៃការធ្វើការរបស់សហជីពគឺមិនទាន់ទទួលបានពេញលេញទេ ។​អ៊ឺចឹងសូមឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការណ៍ជាមួយនឹងក្រសួងយុត្តិធម៌ ហើយតាមរយៈក្រសួងយុត្តិធម៌ធ្វើការជាមួយនឹងតុលាការ ដើម្បីបិទបញ្ចប់សំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធ បិទបញ្ចប់សំណុំរឿងនេះនៅក្នុងឆ្នាំ ២០១៨ ទៅ កុំឱ្យមានអាសំណុំរឿងនឹងនៅឆ្នាំ ២០១៩ បន្តទៀត »។

សម្ដេច ហ៊ុន សែន ថ្លែងថាសម្ដេចមិនចង់ឃើញ មេដឹកនាំសហជីពខ្លះដែលកំពុងធ្វើការដោយស្ថិតក្រោមឥទ្ធិពលរបស់ពាក្យបណ្ដឹង ព្រោះជារឿងមិនល្អទេ។ យ៉ាងណា សម្ដេចក៏ទទួលស្គាល់ដែលថា សេរីភាពក្នុងការធ្វើការរបស់សហជីពមិនទាន់ពេញលេញនោះទេ។  បើទោះបីជាបែបនេះក្ដី នាយករដ្ឋមន្ត្រីកម្ពុជាបានសំណូមពរឱ្យទាំងអស់គ្នាត្រូវគោរពច្បាប់របស់ប្រទេសឱ្យបានខ្ជាប់ខ្ជួន។

សម្ដេច ហ៊ុន សែន បន្ថែមថា បើទោះបីជាមានរឿងតូច ឬធំក្ដីត្រូវប្រញាប់ដោះស្រាយជាមួយគ្នា ដើម្បីរកវិធីសម្រុះសម្រួលគ្នា ដែលធានាផលប្រយោជន៍ទាំងសងខាង។

មកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងដល់អង្គការវិជ្ជាជីវៈ ពិសេសថ្នាក់ដឹកនាំសហជីពទាំងអស់ដែលកំពុងតែជាប់បណ្ដឹងតុលាការ ផ្ដល់របាយការណ៍អំពីសំណុំរឿងរបស់ខ្លួនមកក្រសួងឱ្យបានមុនថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨។

មេដឹក​នាំ​សហជីព​មួ​យចំនួន​ ដូចជា លោក រ៉ុង ឈុន លោក ជា មុន្នី លោក ប៉ាវ ស៊ីណា លោកស្រី យ៉ា​ង​ សុ​ភ័​ណ្ឌ លោកស្រី ម៉ម ញឹម លោក អាត់ ធន់ និងមន្ត្រីស​ហជីពមួយចំនួនទៀត ត្រូវថៅកែរោងចក្រប្តឹងទៅតុលាការជាបន្តបន្ទាប់ ក្រោយពីដឹកនាំ​​កម្មករទា​​ម​ទា​​រ​ល​​​ក្ខខ​ណ្ឌការងារ និងប្រាក់ឈ្នួលកាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤៕

Share

Image
Image
Image