ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេតជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រេចចេញដីកាដំណោះស្រាយ លើកលែងការចោទប្រកាន់លោក មាស មុត ជាអតីតកម្មាភិបាលខ្មែរក្រហមមួយ រូប ពុំមែនជាអ្នកទទួលខុសត្រូវឧក្រិដ្ឋប្រល័យពូជសាសន៍នោះទេ។ តែសហចៅក្រមស៊ើបអង្កេតអន្តរជាតិយល់ថា លោក មាស មុត ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលផ្សេងទៀត ត្រូវទទួលខុសចំពោះការសម្លាប់រង្គាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម។
លោក ធូ វិរៈ រាយការណ៍លម្អិត!
យោងតាមសេចក្តីប្រកាសព័ត៌មាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចេញផ្សាយ កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ម្សិលមិញ ឱ្យដឹងថា សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានសម្រេចចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នាក្នុងសំណុំរឿង លោក មាស មុត ជាអតីតមេបញ្ជាការកងទ័ពជើងទឹក ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា លោក មាស មុត មិនមែនជាមេដឹកនាំជាន់ខ្ពស់បំផុតក្នុងការទទួលខុសត្រូវលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះទេ។ សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញទៀតថា លោកមាស មុត មិនស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមទេ ហើយត្រូវលើកលែងការចោទប្រកាន់។
ក្នុងខ្លឹមសារដើមដូច្នេះ៖ «សហចៅក្រមស៊ើបអង្កេតជាតិយល់ឃើញថា មាស មុត មិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អ.វ.ត.ក ក្នុងនាមមេដឹកនាំជាន់ខ្ពស់ ឬជាជនម្នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនោះទេ ហើយលើកលែងការចោទប្រកាន់លើ មាស មុតដោយមូលហេតុនេះ»។
សហចៅក្រមស៊ើបអង្កេតជាតិបានពិចារណាលើកម្រិតនៃការចូលរួម និងស្ថានទម្ងន់ទោសនៃឧក្រិដ្ឋកម្ម។
ដោយឡែក សហចៅក្រមស៊ើបអង្កេតអន្តរជាតិយល់ឃើញថា លោកមាស មុត ជាបុគ្គលមួយរូបត្រូវទទួលខុសត្រូវខ្ពស់បំផុតពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើមនុស្សឃាតគិតទុកជាមុន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រោះមានភស្តុតាងគ្រប់គ្រាន់។
ក្នុងខ្លឹមសារដើម៖« សហចៅក្រមស៊ើបអង្កេតអន្តរជាតិយល់ឃើញថា មាស មុត ត្រូវស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អ.វ.ត.ក ក្នុងនាមជាជនម្នាក់ក្នុងចំណោមជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតហើយ មានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទបញ្ជូនគាត់ទៅជំនុំជម្រះចំពោះ បទចោទនៃអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើមនុស្សឃាតគិតទុកជាមុន បើតាមច្បាប់កម្ពុជា»។
តែបែបនេះក្តី សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា ចំពោះបទចោទខ្លះមិនអាចមានភស្តុតាងបញ្ជាក់ទេនៅក្នុងអំឡុងពេលស៊ើបសួរ ។ហេតុនេះ មាស មុត ត្រូវលើកលែងបទចោទទាំងនោះ។
លោក មាស មុត ជាមេបញ្ជាការកងពលលេខ ៣ ដែលក្រោយមក លោក មាស មុត ក្លាយជា កងពលមជ្ឈិមលេខ ១៦៤ ទទួលបន្ទុកកងទ័ពជើងទឹកដោយគ្រប់គ្រងលើដែនកោះក្នុងភូមិសាស្ត្រកំពង់សោម និងដែនទឹកក្នុងខេត្តកោះកុង។ លោក មាស មុត ទទួលខុសត្រូវសំខាន់លើកិច្ចការងារនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ក្នុងសេចក្តីសង្ខេបបរបស់សហចៅក្រមស៊ើបអង្កេតជាតិយល់ថា តំណែង និង តួនាទី របស់ លោកមាស មុត ផ្តោតលើការងារសម្របសម្រួល និងមិនសកម្មក្នុងការតាក់តែងគោលនយោបាយ ហើយការចូលរួមរបស់គាត់ មិនកៀកកិននឹងការប្រព្រឹត្តបទឧក្រិដ្ឋ និងមិនសកម្មក្នុងការ ប្រព្រឹត្តបទឧក្រិដ្ឋ។
សហចៅក្រមស៊ើបអង្កេតជាតិបន្ថែមថា ដើម្បីគោរពតាមគោលនយោបាយដ៏តឹងរឹង មាស មុត នៅពេលនោះជា កងពលមជ្ឈិមលេខ ១៦៤ ត្រូវតែសហការជាមួយមន្ទីរសន្តិសុខ ស ២១ ដើម្បី ឃាតខ្លួន និងបញ្ជូនសត្រូវទៅគុក ស ២១ ឬ គុកទួលស្លែង។
ក្នុងសេចក្តីសង្ខបនេះ បញ្ជាក់ថា ជនរងគ្រោះត្រូវបានគេសម្លាប់ក្នុងមន្ទីរសន្តិសុខ ស ២១ មានចំនួន ១ម៉ឺន ២ ពាន់នាក់។ ក្នុងចំណោមនោះ ទាហានជាង ៥ ពាន់នាក់ ត្រូវបានសម្លាប់ ប៉ុន្តែមិនមានជនរងគ្រោះជាកងទ័ពច្រើនទេពីកងពល ១៦៤ ។
ដោយឡែក ក្នុងសេចក្តីសង្ខេបរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ថា ទាំងតួនាទី និងអំពើរបស់ មាស មុត បានធ្វើឱ្យគាត់ក្លាយជាអ្នកមានតួនាទីយ៉ាងសំខាន់ម្នាក់ក្នុងរចនាសម្ព័ន្ធកម្ពុជាប្រជាធិបតេយ្យ និងជាអ្នកចូលរួមដោយឆន្ទៈ ដោយកម្លាំងចិត្តការអនុវត្តយ៉ាងព្រៃផ្សៃលើគោលនយោបាយឧក្រិដ្ឋកម្ម និងអមនុស្សធម៌ ដោយ លោកមាស មុត គួរត្រូវជំនុំជម្រះចំពោះឧក្រិដ្ឋកម្មនេះ។
ក្នុងសេចក្តីសង្ខេបនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឱ្យដឹងថា យ៉ាងតិចជនជាតិថៃចំនួន ១២០០ នាក់ និងជនជាតិវៀតណាម ៣២៧៦ នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការចាប់ខ្លួន របស់កងទ័ពជើងទឹកកម្ពុជាប្រជាធិបតេយ្យ នៅក្រោមការគ្រប់គ្រងរបស់លោក មាស មុត៕