ភ្នំពេញ ៖ លេខាធិការដ្ឋានសុខុមាលភាពរាជធានីភ្នំពេញ បានរៀបចំប្រជុំពិភាក្សារៀបចំយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការកាត់បន្ថយបរិភោគភេសជ្ជៈផ្អែមនៅរាជធានីភ្នំពេញ។ យុទ្ធនាការនេះ នឹងចាប់ផ្ដើមរយៈពេល ១ខែ ហើយមានការចូលរួមពីនាយក នាយិការ សាលាបឋមសិក្សា អនុវិទ្យា ទាំងរដ្ឋ និងឯកជន ក៏ដូចជាមន្ដ្រីខណ្ឌ នៅរាជធានីភ្នំពេញ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ការបរិភោគភេសជ្ជៈ និងអាហារផ្សេងៗដែលមានជាតិផ្អែមខ្លាំង នឹងបណ្ដាលឲ្យមនុស្សប្រឈមជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ ក្រសួងសុខាភិបាលរកឃើញថា បច្ចុប្បន្ននេះ ការទទួលទានភេសជ្ជៈដែលមានរស់ជាតិផ្អែមគឺកាន់តែពេញនិយម ដែលជាកង្វល់ដ៏ធំមួយរបស់ក្រសួង ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ។ ដោយសារករណីនេះមានប្រជាពលរដ្ឋជាច្រើនបានកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដោយមិនដឹងខ្លួន ពីព្រោះជំងឺនេះ បានសំងំនៅក្នុងខ្លួនមនុស្សហើយបង្កផលប៉ះពាល់តិចតូចបំផុត ក៏ប៉ុន្ដែកាលណាវានៅបានរយៈពេលកាន់តែយូរ វានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់សុខភាព។
ក្រោយពីមើលឃើញហានិភ័យដ៏គ្រោះថ្នាក់នេះហើយ ទើបក្រសួងសុខាភិបាល រៀបចំឲ្យមានយុទ្ធនាការបញ្ជ្រាបការទទួលទានភេសជ្ជៈផ្អែម រំពឹងថា ពលរដ្ឋនឹងមានយល់ដឹង ហើយនឹងកាត់បន្ថយយ៉ាងច្រើនបំផុតក្នុងការទទួលទានភេសជ្ជៈមានជាតិផ្អែម។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា ក្រសួងបានរៀបចំកិច្ចប្រជុំពិភក្សាពីយុទ្ធនាការហើយ ដែលគ្រោងនឹងចាប់ផ្ដើមដំណើរការយុទ្ធនាការរយៈពេល ១ខែ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបន្ដថា អំឡុងនៃយុទ្ធនាការនេះ ក្រសួងសុខាភិបាលនឹងរៀបចំសិក្ខាសាលាចំនួន ០៧ លើក ដែលមានការអញ្ញើញចូលរួមពីស្ថាប័នពាក់ព័ន្ធ រួមជាមួយនាយក នាយិកា សាលាបឋមសិក្សា អនុវិទ្យាល័យ ទាំងរដ្ឋ និងឯកជន រួមទាំងមន្ដ្រី នៃខណ្ឌក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះ គឺចាប់ផ្ដើមជាលើកដំបូង ក្នុងទ្រង់ទ្រាយធំ ក៏ប៉ុន្ដែធ្វើឡើងតែក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ៖«យើងធ្វើជាសិក្ខាសាលា ០៧ដងក្នុងរយៈពេលមួយខែហ្នឹង ដោយអញ្ជើញនាយក ឬក៏នាយិកា សាលាបឋមសិក្សា អនុវិទ្យាល័យអីទាំងឯកជន និងរដ្ឋនៅនឹងភ្នំពេញនេះ ជាពិសេសខណ្ឌ៤នៅរាជធានីភ្នំពេញ»។
លោកវេជ្ជបណ្ឌិតបន្ដថា យោងតាមការសង្កេតមើលរបស់ក្រសួងឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើននៅឡើយ ដែលមិនទាន់បានយល់ច្បាស់ពីការបង្ការ ជំងឺទឹកនោមផ្អែម។ តែយ៉ាងណាលោករំពឹងថា តាមរយៈយុទ្ធនាការបញ្ជ្រាបការទទួលទានភេសជ្ជៈផ្អែមនេះ ប្រជាពរដ្ឋនៅរាជធានី នឹងមានការយល់ដឹងពីគ្រោះថ្នាក់ ហើយបង្ការខ្លួនបានកាន់តែប្រសើរ ព្រោះភេសជ្ជៈផ្អែមនឹងធ្វើឲ្យមនុស្សប្រឈមជំងឺទឹកនោមផ្អែម ធាត់ និងឈឺបេះដូងជាដើម ៖«បញ្ជ្រាបការយល់ដឹងពីការទទួលទានភេសជ្ជៈផ្អែម តែកាលណាយើងញ៉ាំច្រើនទៅវាប្រឈមមុខនឹងហានិភ័យកើតជំងឺទឹកនោមផ្អែម ធាត់ និងឈឺដល់បេះដូងអីអញ្ចឹងទៅ»។
ជំងឺទឹកនោមផ្អែម គឺជាការរុករាន និងការប្រែប្រួលកម្រិតជាតិស្ករ នៅក្នុងឈាមរបស់មនុស្ស។ ជំងឺទឹកនោមផ្អែមមានច្រើនប្រភេទ តែជំងឺទឹកនោមផ្អែមដែលយើងជួបប្រទះច្រើនជាងគេនៅពេលបច្ចុប្បន្ន គឺមានតែជំងឺទឹកនោមផ្អែមប្រភេទទី២ តែប៉ុណ្ណោះ ដែលមានប្រហែលជាង ៩០ភាគរយ នៃជំងឺទឹកនោមផ្អែមទាំងអស់។ បន្ទាប់ពីនេះ មានជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលមានប្រហែល ១ ទៅ ១០ភាគរយ នៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងអស់។
យោងតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតមានភាគច្រើនលើសលប់លើមនុស្សធំពេញវ័យដោយស្ងប់ស្ថាត់បំផុត និងដោយប្រើពេលវេលាច្រើនឆ្នាំ បន្ដិចម្ដងៗ ដោយមិនមានស្ដែងចេញជារោគសញ្ញាអ្វីទាំងអស់។ ក៏ប៉ុន្ដែមានរោគសញ្ញាមួយចំនួន ដែលពលរដ្ឋគួរតែកត់សម្គាល់ដែលមានដូចជា វិលមុខ អស់កម្លាំង នោមច្រើន ស្រវាំងភ្នែក និងហឹងត្រចៀកជាដើម។ ក៏ប៉ុន្ដែក្នុងករណីដែលធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាល យឺតមិនទាន់ពេលវេលា និងទុកបណ្ដោយឲ្យមានផលប៉ះពាល់រហូតដល់ពិការភាព នោះអាចនឹងមានហានិភ័យដល់អាយុជីវិត។
បន្ថែមពីនេះមន្ទីរសុខាភិបាលបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការលើសជាតិស្ករក្នុងឈាម គឺនៅពេលដែល រាងការយមនុស្ស មិនអាចប្រើប្រាស់ឲ្យមានប្រសិទ្ធភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន។ អាំងស៊ុយលីន ជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង មានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិការ នៃកាយទាំងមូល ដើម្បីបំលែងទៅជាប្រភពថាមពល អាចឲ្យជីវិតរស់នៅបាន។ ការលើសជាតិស្ករក្នុងឈាម ឬហៅថា ទឹកនោនផ្អែម គឺមានន័យថា ឬមួយមានអាំងស៊ុយលីន គ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព ឬមួយមានអាំងស៊ុយលីនមានប្រសិទ្ធិភាព តែបរិមាណមិនគ្រប់គ្រាន់ ឬមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន)។
មន្ទីរសុខាភិបាលរាជធានី សង្កត់ធ្ងន់ថា ការលើសជាតិស្ករក្នុងឈាម គឺជាក្ដីកង្វល់ចម្បងរបស់វិជ្ជសាស្ដ្រនាពេលបច្ចុប្បន្ននេះ។ បញ្ហាលើសជាតិស្ករក្នុងឈាមតែមួយមុខ នឹងនាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំឲ្យទៅដល់ពិការភាព និងបាត់បង់អាយុជីវិត ក្នុងករណីដែលមិនបានព្យាបាលត្រឹមត្រូវ និងឲ្យទាន់ពេលវេលា។ ជំងឺទឹកនោមផ្អែមអាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា ៖ ប៉ះពាល់បណ្ដាលឲ្យខ្សោយតម្រងនោម ការខូចសាច់ដុំបេះដូង បណ្ដាលមកពីស្ទះសរសៃឈាមបេះដូង ដាច់ ឬស្ទះសរសៃឈាមខួរក្បាល ពិការភ្នែក និងបាត់បង់ការដឹងប្រព័ន្ធប្រសាទអវៈយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង។
តែយ៉ាងណាមន្ទីរសុខាភិបាលរាជធានី ក៏មានវិធីសាស្ដ្រមួយចំនួនសម្រាប់អ្នកជំងឺទឹកនោមផ្អែមខ្លះដែរ ដើម្បីធានានូវសុខភាពឲ្យដំណើរការជាប្រក្រតី ប្រសិនបើអនុវត្ដតាមវិធីទាំងនោះ។ ប្រជាពលរដ្ឋដែលដឹងថាខ្លួនមានជំងឺទឹកនោមផ្អែម ត្រូវហាត់ប្រាណយ៉ាងតិច ៣០នាទី ទៅ ៤៥នាទីក្នុងមួយថ្ងៃ (ក្នុងពេលតែម្ដង ឬចែកជាពីរដងក្នុងមួយថ្ងៃ)។ ត្រូវបរិភោគអាហារមួយថ្ងៃយ៉ាងតិច ៣ដង និងទៀងពេលវេលា ដោយមានបន្លែចម្រុះជាមួយពេលអាហារនីមួយៗ។ ត្រូវកាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត ឈប់ពិសាបារី ជៀសវាងអាហារប្រៃខ្លាំងឲ្យបានច្រើន កាត់បន្ថយអាហារមានកាឡូរីខ្ពស់ ដែលមានមកពីប្រភពស្ករ ខ្លាញ់ និងសាច់ក្រហម (សាច់គោ សាច់ជ្រូ)។ លើសពីនេះ គឺត្រូវកាត់បន្ថយឲ្យបានច្រើនបំផុតស្ថានភាពតានតឹងអារម្មណ៍ ព្រោះនេះជាមូលហេតុចម្បងនាំមកដល់វិបត្ដិមេតាបូលិក។
មន្ទីរសុខាភិបាលរាជធានី បញ្ជាក់ថា គឺជាការប្រសើរបំផុត ដែលប្រជាពលរដ្ឋព្យាយាមកាត់បន្ថយភេសជ្ជៈ និងអាហារផ្សេងៗដែលមានកម្រិតជាតិស្ករខ្ពស់ ហើយបានទៅពិនិត្យសុខភាពជាទៀងទាត់ដើម្បីមើលថា តើម្នាក់ៗកំពុងតែប្រឈមជំងឺទឹកនោមផ្អែមឬក៏យ៉ាងណា៕