en     km
en     km

ស្ថាបនិក​កែ​ច្នៃ​សំណល់​ដប​ទឹក​សុទ្ធ​ជា​ចាប៉ី​ដង​វែង​អំពាវនាវ​ពលរដ្ឋ​ចូលរួម​អភិរក្ស​ចាប៉ី​ដង​វែង​ និង​សម្អាត​បរិស្ថាន​

Share

ភ្នំពេញ​ ៖​ ស្ថាបនិក​ ដែល​ជា​អ្នក​កែ​ច្នៃ​សំណល់​ដប​ទឹក​សុទ្ធ​ និង​បំពង់​បឺត​ ទៅ​ជា​ចាប៉ី​ដង​វែង​ បញ្ជាក់​ថា​ ការ​ច្នៃ​នេះ​ គឺ​ក្នុង​គោលបំណង​ ផ្ញើ​សារ​ទៅ​ជនរួមជាតិ​ ឲ្យ​ចូលរួម​អភិរក្ស​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​ពិ​ភ​លោក​ និង​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​សម្អាត​បរិស្ថាន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​លោក​ រៀម​ មុនី​ស៊ី​ឡុ​ង​ សិល្បៈ​កែ​ច្នៃ​សំរាម​ ដែល​ជា​ស្ថាបនិក​ កែ​ច្នៃ​សំណល់​ដប់​ទឹក​សុទ្ធ​ ទៅ​ជា​ចាប៉ី​ដង​វែង​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ថា​ មូលហេតុ​ដែល​លោក​ប្រមូល​ដប​ទឹក​សុទ្ធ​ដែល​ប្រើ​រួច​យក​មក​ធ្វើ​ជា​ចាប៉ី​ដង​វែង​នេះ​ ដោយ​ឈរ​លើ​ ៣​ចំណុច​។​ ទី​១​ ចាប៉ី​ដង​វែង​ គឺជា​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​ពិភពលោក​ ដែល​បាន​ចុះបញ្ជី​នៅ​អង្គការ​យូ​ណេ​ស្កូ​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ហើយ​សម្បត្ដិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ​នេះ​ ហាក់​កំពុង​តែ​បាន​រសាត់​ពី​បេះដូង​ និង​ការ​ចង​ចាំ​របស់​ពលរដ្ឋ​។​ ចំណែក​ទី​២​ លោក​សង្កេត​ឃើញ​ថា​ កាក​សំណល់​ប្លា​ស្ទិ​ក​ នៅ​កម្ពុជា​ហាក់​កើនឡើង​ ហើយ​ប្រជា​ព​រដ្ឋ​ ហាក់​មានការ​យកចិត្ដទុកដាក់​បាន​តិច​តូច​ ក្នុង​ការ​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពពួក​ប្លា​ស្ទិ​ក​ និង​ទី​៣​ គឺ​ដឹង​ពី​ផង​ល​វិ​បាល​ក្រោយ​ពេល​ដែល​ពពួក​បា្ល​ស្ទិ​កបាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​។​

​កាក​សំណល់​ប្លា​ស្ទិ​ក​ ជា​និច្ចកាល​ត្រូវ​បានឃើញ​ថា​ ចោល​ពាស​វា​ពាស​កាល​នៅ​តាម​ដងផ្លូវ​ និង​នៅ​តាម​សួរ​ច្បារ​នានា​។​ ពពួក​ប្លា​ស្ទិ​ក​ទាំងនោះ​ គឺ​មិន​ងាយ​រលាយ​ឡើយ​ ហើយ​មាន​អាយុកាល​រហូត​ដល់​ទៅ​ ១​ពាន់​ឆ្នាំ​។​ លោក​ មុនី​ស៊ី​ឡុ​ង​ បន្ដ​ថា​ ពពួក​ប្លា​ស្ទិ​ក​ទាំងនោះ​ កាលណា​ទុកដាក់​មិន​បាន​ត្រឹមត្រូវ​ នៅ​ពេល​ភ្លៀង​ធ្លាក់​វា​នឹង​ហូរ​ចូល​ទៅ​ក្នុង​ទឹក​ដែល​បង្ក​ជា​ផល​ប៉​ពាល់​ក្នុង​រយៈពេល​វែង​ដល់​សត្វ​រស់នៅ​ក្នុង​ទឹក​។​

​តាម​រយៈ​សមិទ្ធផល​ដែល​លោក​រួម​ជាមួយ​គ្រួសារ​ និង​សិស្ស​ របស់​លោក​ដែល​មាន​គ្នា​ចំនួន​ ០៦​នាក់​ បាន​បង្កើត​នា​ពេល​នេះ​ លោក​រំពឹង​ថា​ នឹង​ក្លាយជា​សារ​ដាស់តឿន​ស្មារតី​ ពលរដ្ឋ​ខ្មែរ​ ឲ្យ​ងាក​មក​គាំទ្រ​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​ពិភពលោក​ឡើង​វិញ​ ហើយ​ក៏​ភ្ញាក់រលឹក​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ ៖«​ដល់​អ​ញ្ចឹ​ង​ខ្ញុំ​ក៏​សម្រេចចិត្ដ​យក​ដប​ទឹក​សុទ្ធ​ដាក់​ធ្វើ​ជា​ចាប៉ី​ដង​វែង​ ព្រោះ​ចាប៉ី​ដង​វែង​គេ​បាន​ស្គាល់​ទូ​ទាំង​ពិភពលោក​ទៅ​ហើយ​។​ ដល់​ពេល​អ​ញ្ចឹ​ង​ខ្ញុំ​ធ្វើ​អី​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ហើយ​ក៏​ធ្វើ​ជា​សារ​មួយ​សម្រាប់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​គាត់​យល់​ដឹង​ថា​ ប្រភេទ​ប្លា​ស្ទិ​ក​នេះ​ វាយ​កមក​ច្នៃ​ធ្វើ​ជា​របស់​ប្រើប្រាស់​ និង​ជា​គ្រឿង​លម្អ​បាន​ហើយ​ក៏​ជា​សារ​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​»​។​

​ចាប៉ី​ដង​វែង​នេះ​ ត្រូវធ្វើ​ឡើង​ដោយ​ដប​ទឹក​សុទ្ធ​ចំនួន​ ៦០០០​ដប​ បំពង់​បឺត​ចំនួន​ ១​ម៉ឺន​ ៦​ពាន់​ ដែល​បាន​ពី​ការ​ប្រមូល​ខាងក្រៅ​ខ្លះៗ​ និង​ទទួល​បាន​ពី​ផ្ដល់​ឲ្យ​ដោយ​សណ្ឋាគារ​សុខា​សៀមរាប​។​ ក្រៅពី​យក​ដប​ទឹក​សុទ្ធ​ និង​បំពង់​បឺត​ មក​ធ្វើ​ជា​ចាប៉ី​ដង​វែង​នេះ​ ក៏​មានការ​យក​ថង់​ប្លា​ស្ទិ​ក​ជាង​ ៦​គីឡូក្រាម​ និង​ពោះវៀន​ឡាន​ខ្លះៗ​ផង​ដែរ​។​ លោក​ មុនី​ស៊ី​ឡុ​ង​ បន្ដ​ថា​ តាម​ពិត​បំណង​របស់​លោក​គឺ​ចង់​ធ្វើ​ចាប៉ី​ដង​វែង​ ចំនួន​ដប​ទឹក​សុទ្ធ​ ១​ម៉ឺន​ដប​ ក៏​ប៉ុន្ដែ​ដោយសារ​តែ​លោក​បារម្ភ​ថា​ មិន​ទាន់​ពេលវេលា​ នៃ​ការ​រៀបចំ​អបអរ​ ថ្ងៃ​ដែល​អង្គការ​យូ​ណេ​ស្កូ​ ចុះបញ្ជី​ចាប៉ី​ដង​វែង​ជា​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ​ពិ​ភ​លោក​ នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ទើប​លោក​បន្ថយ​មក​ត្រឹមតែ​ ៦​ពាន់​ដប​វិញ​។​

​លោក​ មុនី​ស៊ី​ឡុ​ង​ បន្ដ​ថា​ ចាប៉ី​ដង​វែង​នេះ​ គឺ​មាន​ប្រវែង​ ៦,៥​ម៉ែត្រ​ ហើយនឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​បង្ហាញ​សាធារណជន​ នៅ​មហោស្រព​ចាប៉ី​ដង​វែង​នៅ​ក្នុង​បរិវេណ​វត្ដ​រាជ​បូ​ណ៌​ ក្នុង​ខេត្ដសៀមរាប​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៨​។​

​មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​វប្បធម៌​ លោក​ ថៃ​ នរៈ​សត្យា​ ធ្លាប់​បាន​ផ្ដល់​សម្ភាស​កាលពី​ពេល​កន្លង​ទៅ​ថា​ ក្រសួង​វប្បធម៌​បាន​ស្នើ​ទៅ​អង្គការ​ យូ​ណេ​ស្កូ​ ដាក់​ប​ញ្ជូ​ល​ចាប៉ី​ដង​វែង​ ទៅ​ជា​សម្បត្ដិ​បេតិកភណ្ឌ​អរូបី​ កាលពី​ខែមីនា​ ឆ្នាំ​២០១៥​ ស្រប​ពេល​ដែល​ក្រសួង​មើលឃើញ​ថា​ សិល្បៈ​វប្បធម៌​អរូបី​នេះ​ បាន​ប្រឈម​នឹង​ការ​បាត់បង់​។​

​ដោយឡែក​ករណី​សំរាម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សំរាម​បាន​កើនឡើង​ ១០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ជាង​នេះ​សំរាម​ត្រូវ​បាន​បង្កើត​ឡើង​មួយ​ម៉ឺន​តោន​ជា​រៀងរាល់ថ្ងៃ​ ហើយ​សំរាម​ប្រមាណ​ ៣​លាន​ ៦​សែន​តោន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​ឆ្នាំៗ​។​ តាម​ការ​សិក្សា​នៅ​ក្នុង​សំរាម​ ១០០​ភាគរយ​ ក្នុង​នោះ​មាន​ ៦៥​ភាគរយ​ជា​សំរាម​សើម​ ២០​ភាគរយ​ ជា​ថង់​ប្លា​ស្ទិ​ក​ និង​ជាង​ ១០​ភាគរយ​ជា​សំណល់​រឹង​។​ នេះ​បើ​តាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក​ នេ​ត​ ភក្ដ្រា​។​

​លោក​ រៀម​ មុនី​ស៊ី​ឡុ​ង​ បាន​ចាប់ផ្ដើម​រើស​សំរាម​ដោយ​ផ្ដោត​ទៅ​លើ​ពពួក​ប្លា​ស្ទិ​កមក​កែ​ច្នៃ​ជា​របស់​ប្រើប្រាស់​ និង​វត្ថុ​អនុស្សាវរីយ​ តាំងពី​ឆ្នាំ​២០០៩​។​ ការងារ​របស់​លោក​អំឡុង​ពេល​នៃ​ការ​ចាប់ផ្ដើម​ថ្មីថ្មោង​ ហាក់​ត្រូវ​បាន​មនុស្ស​ភាគច្រើន​បាន​មើល​រំលង​។​ ក៏​ប៉ុន្ដែ​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ច្រើន​ ហើយ​ពលរដ្ឋ​បាន​យល់​ដឹង​កាន់តែ​ប្រសើរ​ចំពោះ​ការ​រក្សា​អនាម័យ​ ដើម្បី​សុខភាព​ និង​សោភ័ណ​ភាព​ទីក្រុង​ ការងារ​របស់​ក៏​មានការ​គាំទ្រ​ច្រើន​ ក្នុង​អំឡុង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​លោក​ រៀម​ មុនី​ស៊ី​ឡុ​ង​ សំណូមពរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ គ្រប់​រូប​មិន​ថា​ នៅ​ក្រៅប្រទេស​ ឬ​ក្នុង​ប្រទេស​នោះ​ទេ​ សូម​ឲ្យ​ចូលរួម​គាំទ្រ​ថែម​ទៀត​ដល់​សិល្បៈ​កែ​ច្នៃ​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពពួក​ប្លា​ស្ទិ​ក​ដែល​មិន​ចាំបាច់​ ដើម្បី​ឲ្យ​ប្រទេស​កាន់តែ​មាន​សោភ័ណ​ភាព​ស្អាត​៕

Share

Image
Image
Image