ភ្នំពេញ ៖ ប្រទេសកាណាដាបានសម្រេចផ្តល់ជំនួយដល់កម្ពុជា លើការបណ្តុះបណ្តាលជំនាញការពារព្រំដែន ដល់មន្ត្រីកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈនិងរំពឹងថា ទំនាក់ទំនងរវាងកម្ពុជានិងប្រទេសកាណាដា កាន់តែរីកចំរើនបន្ថែមទៀត ខណៈកម្ពុជាអះអាងថា ប្រទេសខ្លួនធ្វើអ្វីតាមលទ្ធិប្រជាធិបតេយ្យ និងធ្វើការបោះឆ្នោតដោយទៀងទាត់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការរដ្ឋាននគរបាលជាតិចុះនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
នៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទីស្តីការក្រសួង លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាបានលើកឡើងអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ និងការលើកឡើងពីសិទ្ធិសេរីភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាដើម។
ទាក់ទងនិងជំនួបនេះ សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការស្វាគមន៍ចំពោះប្រទេសកាណាដា ដែលបានសម្រេចបន្តផ្តល់ជំនួយផ្នែកនេះឡើងវិញដល់កម្ពុជា ហើយសម្តេចបានប្រាប់ដល់អ្នកស្រី Donica Pottie ថា លទ្ធិប្រជាធិបតេយ្យកម្ពុជាគ្មានការប្រែប្រួលនោះទេ កម្ពុជាកំពុងអនុវត្តអ្វីគ្រប់យ៉ាង គឺស្របតាមរដ្ឋធម្មនុញ្ញ ដោយរៀបចំការបោះឆ្នោតជាទៀងទាត់ផងដែរ។
សម្តេច ស ខេង បានប្រាប់ដល់លោកស្រីឯកអគ្គរដ្ឋទូតបន្ថែមថា ពលរដ្ឋកម្ពុជា បានទៅបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ យ៉ាងច្រើនដែលនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាពលរដ្ឋលើសលុប បានប្រើប្រាស់សិទ្ធិរបស់ពួកគាត់តាមច្បាប់កំណត់និងតាមលទ្ធិប្រជាធិបតេយ្យពិតប្រាដកនោះ។
ដោយឡែកសម្រាប់អង្គការសង្គមស៊ីវិលវិញសម្តេចក្រឡាហោម ស ខេងបានប្រាប់ដល់អ្នកស្រី Donica Pottie ថា រាជរដ្ឋាភិបាលកម្ពុជាបានលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាលពិសេសការបង្កើតក្រុមការងារពិគ្រោះយោបល់ និងការមិនតម្រូវឲ្យជូនដំណឹងមកអាជ្ញាធរមុនពេលធ្វើសកម្មភាពជាដើមផងដែរ។
បញ្ជាក់ផងដែរថា ប្រទេសកាណាដាផ្ដល់ជំនួនលើវគ្គបណ្តុះបណ្តាលជំនាញការពារព្រំដែនដល់កម្ពុជាឡើងវិញ បន្ទាប់ពីមូលនិធិដែលបានជួយលើវិស័យនេះត្រូវបានផ្អាកមួយរយៈ៕