ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលធ្វើការលើកិច្ចការលើកកម្ពស់សិទ្ធិស្ត្រី បានធ្វើយុទ្ធនាការ ១៦ ថ្ងៃ បំពាក់បូព័ណ៌ស ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងការបញ្ឈប់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងកុមារ។បូព័ណ៌សជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្ត ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។
បណ្តាញបុរសកម្ពុជា(CMN) បណ្តាញយេនឌ័រនិងអភិវឌ្ឍន៍(GADNet) អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) និងអង្គការដៃគូមួយចំនួនទៀត បានរៀបចំយុទ្ធនាការ១៦ថ្ងៃបំពាក់បូ ស ចាប់ពីថ្ងៃទី ២៥ ខែ វិច្ឆិកា ដល់ថ្ងៃទី ១០ ខែ ធ្នូ ជារៀងរាល់ឆ្នាំ។
ក្រុមអង្គការទាំំងនេះមើលញើញថា បញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅកម្ពុជានៅតែប្រឈមធ្ងន់ធ្ងរដែលប៉ះពាល់ដល់សិទ្ធិសេរីភាព និងរំលោភសិទ្ធិមនុស្ស ហើយប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សា សុខភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិសុខ និងសន្តិភាព នៅក្នុងគ្រួសារ និងសហគមន៍។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ ឆ្នាំ ២០១៧ បង្ហាញថា អំពើហិង្សាផ្លូវភេទកើតមាន១៤៧ករណី។ក្នុងចំណោមនោះ ១២៥ ករណីជាករណីរំលោភសេពសន្ថវៈ និង ៦ ករណីជាករណីរំលោភសម្លាប់ស្ត្រី និងក្មេងស្រី។
តែបើគិតត្រឹម ខែ កញ្ញា ឆ្នាំ ២០១៨ អំពើហិង្សាលើក្មេងស្រីមានចំនួន ១១០ ករណី។ ក្នុងនោះការរំលោភសេពសន្ថវៈមាន ៩០ ករណី និងរំលោភសម្លាប់មាន ៨ ករណី។
យុទ្ធនាការបំពាក់បូ ស ឆ្នាំ ២០១៨ប្រព្រឹត្តទៅក្រោមប្រធានបទបញ្ចប់អំពើហិង្សាផ្លូវភេទលើស្ត្រី និងក្មេងស្រី។យុទ្ធនាការនេះ មានគោលបំណង់សំខាន់ពីរគឺ ទី១អំពាវនាវ និងបណ្តុះឆន្ទៈបុរស ដើម្បីចូលរួមបញ្ចប់អំពើហិង្សាផ្លូវភេទលើស្រី្ត និងក្មេងស្រី និងទី២ លើកកម្ពស់ការចូលរួមរបស់សាធារណជន អ្នកអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធនានា ឱ្យចូលរួមដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីតាមរយៈការអនុវត្តច្បាប់។យុទ្ធានាការនេះនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ និង ខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង និងព្រៃវែង។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ឱ្យដឹងថា កត្តាចម្បងយ៉ាងតិចចំនួន៦ នាំឱ្យកើងមានអំពើហិង្សាលើស្ត្រី និងក្មេងស្រី ។ក្នុងនោះរួមមាន ការស្តែងចេញដោយបុរសនៃការត្រួតត្រាក្នុងគ្រួសារទាំងទំនាក់ទំនងផ្លូវភេទ ហិរញ្ញវត្ថុ និងការសម្រេចចិត្តក្នុងគ្រួសារ កន្លែងធ្វើការ និងសង្គម។ជាពិសេស គេរកឃើញថា បុរសដែលមានប្រវត្តិរំលោភផ្លូវភេទ អាចជាប់ពាក់ព័ន្ធខ្លាំងនឹងបទពិសោធន៍ធ្លាប់មានដៃគូរួមភេទច្រើន និងធ្លាប់ប្រើអំពើហិង្សាលើដៃគូជាស្ត្រី។ ក្នុងនោះក៏ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀនផងដែរ។
បើតាមរបាយការអង្គការសហប្រជាជាតិ(UN) ឆ្នាំ ២០១៣ ឱ្យដឹងថា បុរសមួយនាក់ក្នុងចំណោម ៥នាក់ ឬស្មើនឹង ២០.៤ ភាគរយ មានអាយុចាប់ពី ១៨ ដល់ ៤៩ ឆ្នាំ ធ្លាប់មានបទពិសោធន៍រំលោភស្ត្រីម្នាក់ ហើយជាងពាក់កណ្តាលការរំលោភស្ថិតនៅក្រោមអាយុ ១៥ ឆ្នាំ ។ របាយការណ៍រកឃើញទៀតថា ចន្លោះពី ៧២ ភាគរយ ទៅ ៩៧ ភាគរយ មិនត្រូវទទួលការផ្តន្ទាទោសនោះទេ។
ដោយឡែងការស្ទង់មតិជាតិរបស់ក្រសួងផែនការ និងក្រសួងកិច្ចការនារី បង្ហាញថា ស្ត្រី១ នាក់ ក្នុងចំណោម ៥ នាក់ មានអាយុចន្លោះពី ១៥ ឆ្នាំ ដល់ ៦៤ ឆ្នាំ បានរាយការណ៍ថា ជាជនរងគ្រោះនៃអំពើហិង្សាផ្លូវកាយនិងផ្លូវភេទដោយដៃគូជាបុរស។ ស្ត្រី ២០ ភាគរយរាយការណ៍ថាការរួមភេទលើកដំបូងមានការបង្ខិតបង្ខំពីដៃគូជាបុរស៕