loader

ក្នុង​រយៈពេល​កាន់បិណ្ឌ​១៥​ថ្ងៃ​ វត្ត​អារាម​នៅ​ភ្នំពេញ​ក្លាយ​ជាទី​អាស្រ័យ​ចំណីអាហារ​របស់​ ​អ្នក​ក្រីក្រ​

Pchum-Ben-Young-Poor-cover

ភ្នំពេញ​៖​ ថ្ងៃ​កាន់បិណ្ឌ​១៥​ថ្ងៃ​ ពុទ្ធបរិស័ទ​ប្រុស​ស្រី​បាន​នាំ​គ្នា​យក​ចង្ហាន់​ រួម​មាន​ម្ហូបអាហារ​ជាដើម​នោះ​ យក​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​បំណង​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​។​ បរិមាណ​នៃ​ម្ហូបអាហារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ពុទ្ធបរិស័ទ​បាន​នាំ​មក​នោះ​ ជា​និច្ច​ជា​កាល​ព្រះសង្ឃ​មិន​ដែល​ឆាន់​អស់នោះ​ទេ​។​ ឆ្លៀត​ក្នុង​ឱកាស​សម្បូរ​ចំណីអាហារ​បែប​នេះ​ ព្រះសង្ឃ​ក៏​បាន​រៀបចំ​ម្ហូបអាហារ​មួយ​ចំនួន​ផ្តល់​ដល់​អ្នក​ក្រីក្រ​ទទួលទាន​ផង​ដែរ​។​

ម៉ោង​ប្រមាណ​ជាង​ ១១​ ថ្ងៃត្រង់​ សំឡេង​ព្រះធម៌​បង្សុកូល​របស់​ព្រះសង្ឃ​វត្ត​បុ​ទុម​វ​ត្តី​បាន​បន្លឺ​ឡើង​ ប្រៀប​បាន​សំឡេង​តូរ្យតន្ត្រី​បំពេ​អារម្មណ៍​ពុទ្ធបរិស័ទ​យ៉ាង​ពីរោះ​រណ្ដំ​។​ ប៉ុន្តែ​វា​គ្មាន​ន័យ​អ្វី​បន្តិច​សោះឡើយ​សម្រាប់​អ្នក​ក្រីក្រ​មាន​ទាំង​ក្មេង​ ទាំង​ចាស់​ដែល​កំពុង​ឈរ​នៅ​មាត់​ក្លោ​ង​ទ្វារ​ ភ្នែក​ទាំង​គូ​រំពៃ​មើលទៅ​ចាន​ម្ហូប​ ដែល​ដាក់​ត្រៀបត្រា​លើ​តុ​ពីមុខ​ព្រះសង្ឃ​ ដោយ​សេចក្តី​ស្រេកឃ្លាន​។​​នេះ​ជា​សំឡេង​របស់​កុមារ​ដែល​កំពុង​ញុំា​បាយ​ក្នុង​វត្ត​បុ​ទុម​វ​ត្តី​  ក្រោយ​ពី​ព្រះសង្ឃ​បាន​ឆាន់​រួចរាល់​។​

​ជា​កុមារ​ក្រីក្រ​មួយ​រូប​ ប្អូនប្រុស​ សុធា​ អាយុ​ ១២​ឆ្នាំ​ និយាយ​ថា​ ប្អូន​ជា​អ្នក​ខេត្តកំពុងស្ពឺ​ ប្អូន​មក​ភ្នំពេញ​ស្នាក់​នៅ​ក្នុង​វត្ត​បុ​ទុម​វ​ត្តី​ជាមួយនឹង​លោកយាយ​។​ ប្អូនប្រុស​រូប​នេះ​ថា​ លោកយាយ​មាន​នាទី​ជួយ​រៀបចំ​ទុកដាក់​សម្ភារៈ​ក្នុង​វត្ត​ ចំណែក​ប្អូន​លក់ដូរ​គ្រឿង​សក្ការៈបូជា​បន្តិចបន្តួច​ គ្រាន់​បាន​កម្រៃ​ខ្លះ​ផ្គត់ផ្គង់​ការ​រៀនសូត្រ​។​ កុមា​រា​ សុធា​ បន្ត​ថា​ នៅ​ពេល​ព្រះសង្ឃ​ឆាន់​រួច​ ជា​ពេល​ដែល​ប្អូន​ត្រូវ​ទៅ​សុំ​អាហារ​ទាំងនោះ​ពី​ព្រះសង្ឃ​ដើម្បី​ទទួលទាន​។​ សុធា​ បន្ថែម​ទៀត​ថា​ ម្ហូបអាហារ​ទាំងនោះ​មាន​រសជាតិ​ឆ្ងាញ់​ និង​មានមុខ​ម្ហូប​ខ្លះ​ប្អូន​មិន​ដែល​បាន​ទទួលទាន​ពី​មុន​មក​នោះ​ទេ​ ព្រោះ​ដោយសារ​តែ​គ្រួសារ​គ្មាន​លទ្ធភាព​ចម្អិន​ឲ្យ​ញុំា​។​កុមា​រា​សុធា​៖​ «​ខ្ញុំ​មក​រក​លុយ​!​ មក​ជាមួយ​យាយ​របស់ខ្ញុំ​។​ ខ្ញុំ​ជា​អ្នកលក់​សណ្តែក​ដាក់​ក្នុង​សំពៅ​រំដោះ​កម្ម​ រំដោះ​ពៀរ​។​ ពេល​ខ្លះ​មាន​គេ​មក​បង្សុកូល​នៅ​ចេ​ត​ដិ​អ​ញ្ចឹ​ង​ គេ​ចែក​លុយ​ជួនណា​បាន​៥​ពាន់​ ពេល​ណា​មាន​មនុស្ស​ច្រើន​អ​ញ្ចឹ​ងរ​ក​លុយ​បាន​ ១​ម៉ឺន​ ២​ម៉ឺន​ដែរ​។​ ពេល​ព្រះសង្ឃ​ឆាន់​រួច​ ខ្ញុំ​ចូល​ទៅ​ញុំាបាយ​ តែ​ពេល​ព្រះសង្ឃ​ឲ្យ​ចូល​បាន​ពួក​យើង​ហ៊ាន​ចូល​»​។​

Pchum-Ben-Young-Poor-01

​មិន​ខុស​ពី​សុធា​នោះ​ទេ​ កុមា​រា​ ឌេ​វិត​ ដែល​កំពុង​ញុំា​បាយ​ក្នុង​វត្ត​នាគ​វ័​ន្ត​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ប្អូន​មក​ញុំ​ា​បាយ​នៅ​វត្ត​ចំនួន​ប្រាំបី​ថ្ងៃ​មក​ហើយ​។​ នេះ​ក៏​ដោយសារ​ជីវភាព​គ្រួសារ​ខ្សត់ខ្សោយ​ គាប់​ជួន​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​បែប​នេះ​ នៅ​តាម​វត្ត​អារាម​នៅ​ភ្នំពេញ​តែងតែមាន​ចំណីអាហារ​ច្រើន​ ប្អូន​ក៏​មក​សុំ​ម្ហូបអាហារ​ព្រះសង្ឃ​ដើម្បី​ទទួលទាន​។​កុមា​រា​ ឌេ​វិត​៖​ «​ខ្ញុំ​មក​ញុំ​ាំ​បាយ​នៅ​វត្ត​បាន​៨​ថ្ងៃ​ហើយ​ ព្រោះ​ដោយសារ​គ្រួសារ​ក្រីក្រ​ និង​មិនសូវ​មាន​ម្ហូបអាហារ​ឆ្ញា​ញ់ៗ​ញុំ​ាំ​នោះ​ទេ​ ឆ្លៀត​នៅ​វត្តមាន​ម្ហូប​នំចំណី​ច្រើន​ ខ្ញុំ​ក៏​មក​សុំ​លោក​ញុំ​ាំ​បាយ​ ហើយ​ព្រះសង្ឃ​ក៏​មានចិត្ត​អនុញ្ញាត​ដល់​ក្មេងៗ​ក្រីក្រ​សុំទាន​ចូល​ញុំាបាយ​»​។​

​ខុស​ពី​អាហារ​ប៊ូ​ហ្វេ​ក្នុង​ភោជនីយដ្ឋាន​ទំនើបៗ​ ដែល​ត្រកូល​អភិជន​ អ្នកមាន​ជីវភាព​ធូរធារ​អាច​ជ្រើសរើស​មុខម្ហូប​មក​ញុំ​ាំ​ដោយ​សេរី​នោះ​ អ្នក​ក្រីក្រ​ដែល​មក​អាស្រ័យ​ម្ហូបអាហារ​នៅ​វត្ត​នា​ថ្ងៃ​កាន់បិណ្ឌ​ មិន​អាច​ជ្រើសរើស​មុខម្ហូប​ ឬ​ចល័ត​ទៅ​មក​យក​ម្ហូបអាហារ​ញុំ​ាំ​បាន​តាម​សេចក្តី​ត្រូវការ​នោះ​ទេ​។​

ជា​កម្មករ​សំណង់​ម្នាក់​ទៀត​ បងស្រី​ ទេស​ ម៉ៅ​ និយាយ​ថា​ ការងារ​ជា​កម្មករ​បាន​ប្រាក់​តិចតួច​ ឆ្លៀតពេល​រដូវ​បុណ្យកាន់បិណ្ឌ​នៅ​វត្តមាន​បាយ​ សម្ល​ នំ​ ចំណី​សម្បូរ​បែប​ផង​នោះ​ បងស្រី​ក៏​មក​សុំ​បាយ​សម្ល​ខ្លះ​ពី​ព្រះសង្ឃ​ដើម្បី​ទទួលទាន​ គ្រាន់​បាន​បន្ធូរបន្ថយ​ការ​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​បាន​មួយ​គ្រាៗ​ដែរ​ ។​ បងស្រី​ ទេស​ ម៉ៅ​៖​ «​ចាស​បង​ !​ ខ្ញុំ​មក​ញុំ​ាំ​បាយ​វត្ត​អ​ញ្ចឹ​ង​វា​បា​នប​ន្ថូ​រ​បន្ថយថ្លៃ​ចំណាយ​លើ​ម្ហូបអាហារ​ខ្លះ​ ព្រោះ​ខ្ញុំ​ធ្វើការ​សំណង់​អ​ញ្ចឹ​ង​ មិន​មាន​លទ្ធភាព​ទិញ​ម្ហូប​ឆ្ញា​ញ់​ញុំ​ាំ​នោះ​ទេ​។​ ពេល​ញុំា​រួច​ខ្ញុំ​ក៏​ឆ្លៀត​ច្រក​ទុក​ខ្លះ​សម្រាប់​ប្តី​នៅ​ឯ​ផ្ទះ​បាន​ញុំាំ​ផង​ដែរ​»​។​

Pchum-Ben-Young-Poor-02​មិនមែន​មាន​ត្រឹមតែ​អ្នក​ទីទ័ល​ក្រ​នោះ​ទេ​ ដែល​មក​អាស្រ័យ​ម្ហូបអាហារ​នៅ​វត្ត​ ក៏​មាន​ផង​ដែរ​កុមារ​មក​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា​ បាន​មក​សម្តែង​សិល្បៈ​ ដើម្បី​ស្វែងរក​ថវិកា​និង​ញុំា​បាយ​វត្ត​ផង​ដែរ​។​

​ជា​អ្នកដឹកនាំ​ក្រុម​កុមារ​កំព្រា​មក​ពី​សមាគម​រស្មី​កុមារ​កម្ពុជា​ អ្នកស្រី​ កែវ​ សុ​ភ័​ណ្ឌ​ និយាយ​ថា​ អ្នកស្រី​បាន​នាំ​ក្មេងៗ​ប្រមាណ​ ១០​នាក់​ មក​សម្តែង​របាំង​ត្រុដិ​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ បំណង​ដើម្បី​ប្រមូល​ថវិកា​ពី​ពុទ្ធបរិស័ទ​ ដែល​ជា​សប្បុរសជន​ទៅ​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​សមាគម​។​ អ្នកស្រី​ សុ​ភ័​ណ្ឌ​ បន្ត​ថា​ មាន​តែ​ការ​ឆក់​ឱកាស​នៅ​រដូវ​បុណ្យ​ទាន​ដូច្នេះ​ទេ​ ទើប​អាច​រក​ថវិកា​មក​ជួយ​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​កុមារ​បាន​។​ អ្នកស្រី​ កែវ​ សុ​ភ័​ណ្ឌ​ ៖​ «​នៅ​ខែ​បុណ្យ​ទាន​អ​ញ្ចឹ​ង​!​ យើង​មក​សុំ​ព្រះសង្ឃ​ ព្រះសង្ឃ​ក៏​អាណិត​អនុញ្ញាត​ដល់​ពួក​យើង​បាន​រាំ​ត្រុដិ​ដើម្បី​យក​ថវិកា​ ពី​ព្រះសង្ឃ​  និង​ពុទ្ធបរិស័ទ​ដែល​បាន​មក​ធ្វើបុណ្យ​ គ្រាន់​បាន​លុយ​ខ្លះ​ជួយ​ដល់​សមាគម​កុមារ​កំព្រា​»​។​

​ព្រះសង្ឃ​ក្នុង​វត្ត​បុ​ទុម​វ​ត្តី​ ព្រះ​តេជគុណ​ព្រះ​នាម​ ង៉ែត​ រ៉ា​ល់​ មាន​សង្ឃដីកា​ថា​ ជា​រៀងរាល់ថ្ងៃ​កាន់បិណ្ឌ​ វត្ត​បុ​ទុម​វ​ត្តី​តែងតែ​រៀបចំ​បាយ​សម្ល​នំចំណី​ដល់​អ្នក​ក្រីក្រ​ទទួលទាន​ក្រោយ​ពី​ព្រះសង្ឃ​ឆាន់​រួម​។​ ជាង​នេះ​ទៅ​ទៀត​ព្រះ​អង្គ​បន្ត​ថា​ នៅ​ពេល​ព្រឹក​ ព្រះសង្ឃ​វត្ត​បុ​ទុម​វ​ត្តី​ក៏​មាន​រៀបចំ​ម្ហូបអាហារ​មួយ​មួយ​ចំនួន​យក​ទៅ​ចែក​ជូន​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។​ព្រះ​តេជគុណ​ ង៉ែត​ រ៉ា​ល់​ ៖​ «​ជា​ទូទៅ​ពេល​ព្រះសង្ឃ​ឆាន់​រួច​ យើង​ចែក​ជូន​ដល់​អ្នក​ក្រីក្រ​ពិសារ​ ។​ ចំណែក​នៅ​ពេល​​ព្រឹក​អាត្មា​ឲ្យ​ព្រះសង្ឃ​រៀប​មួយ​ម្ហូបអាហារ​មួយ​ចំណែក​ទៅ​ចែក​ជូន​ប្រជាជន​ដែល​នាំ​កូន​មក​ព្យាបាល​នៅ​ពេទ្យ​គ​ន្ធា​បុប្ផា​»​។​

Pchum-Ben-Young-Poor-03​លើស​ពី​នេះ​ទៅ​ទៀត​ ព្រះ​តេជគុណ​ ង៉ែត​ រ៉ា​ល់​ បន្ត​សង្ឃដីកា​ថា​ រាល់​ឆ្នាំ​វត្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែងតែ​រក្សា​នំអន្សម​ និង​នំគម​ទុក​ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​អ្នកទោស​នៅ​ពន្ធនាគារ​ពិសា​នៅ​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ​។​ ព្រះ​តេជគុណ​ ង៉ែត​ រ៉ា​ល់​បន្ត​សង្ឃដីកា​បន្ថែម​ថា​៖​ «​នៅ​ថ្ងៃ​ចុង​ក្រោយ​  អា​ធ្មា​រៀប​នំ​អ​ន្សុ​ម​មួយ​ចំណែក​ទៅ​ឲ្យ​ព្រះ​មេ​គុន​ដែល​ជា​អ្នកដឹកនាំ​ព្រះសង្ឃ​ក្នុង​រាជធានី​ភ្នំពេញ​ យកនំ​អ​ន្សុ​ម​ទៅ​ចែក​ជូន​អ្នក​ជាប់​ពន្ធនាគារ​នៅ​ឯ​គុក​ព្រៃ​ស​ទទួលទាន​»​។​

​ពុទ្ធបរិស័ទ​មួយ​រូប​អ្នកស្រី​ ម៉​ម​ ផល្លា​ ដែល​ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា​ អ្នកស្រី​បាន​នាំ​យក​ចង្ហាន​ និង​ប្រាក់​កាស​ខ្លះទៅ​ប្រគេន​ព្រះសង្ឃ​បាន​ចំនួន​ ៨​ វត្ត​ ដែល​ជា​វត្ត​នៅ​ភ្នំពេញ​។​ តាម​ការ​សង្កេត​ អ្នកស្រី​លើក​ឡើង​ថា​ វត្ត​អារាម​ទាំង​អស់នោះ​ បាន​រៀបចំ​ទុកដាក់​បាយ​សម្ល​ដែល​ព្រះសង្ឃ​បាន​ឆាន់​រួច​ ផ្តល់​ដល់​អ្នក​ក្រីក្រ​ដើម្បី​បាន​ទទួលទាន​។​ អ្នកស្រី​ ផល្លា​ បន្ត​ថា​ អ្នកស្រី​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ពេល​ដែល​បានដឹង​ថា​ ម្ហូបអាហារ​ដែល​បាន​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ​ បាន​ដល់​ជន​ក្រីក្រ​ទទួលទាន​ ដែល​នាំ​ឲ្យ​បុណ្យ​កុសល​រឹតតែ​កើន​ទ្វេ​ដង​។​អ្នកស្រី​ ម៉​ម​ ផល្លា​៖​ «​ជា​ប្រការ​មួយ​ល្អ​ណាស់​ដែល​យើង​បាន​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ​ហើយ​ ចង្ហាន់​យើង​បាន​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​អនាថា​ទៀត​ គឺ​ផល​វា​រឹតតែ​បាន​ពេល​បរិបូរណ៍​។​ សូ​ម្បី​តែ​អាហារ​ដែល​យើង​នៅ​សល់​ហ្នឹង​ យើង​យក​ទៅ​ឲ្យ​សត្វ​ត​រិ​ច្ឆា​ន​ ក៏​យើង​បាន​បុណ្យ​ដែរ​»​។​

Pchum-Ben-Young-Poor-0៤

​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើបុណ្យ​ដាក់​ទាន​ ដែល​មាន​រយៈពេល​ ១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​បិណ្ឌ​ទី​១៤​ ហើយ​ថ្ងៃ​ទី​ ១៥​ គេ​ហៅ​ថា​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ឬ​ថ្ងៃ​ភ្ជុំ​ធំ​។​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​ តែងតែ​ចែក​វេ​ណ​គ្នា​ធ្វើ​បាយ​ម្ហូប​ ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​។​ ប្រជាជន​កម្ពុជា​មាន​ជំនឿ​ថា​ កុសលផល​បុណ្យ​ដែល​គេ​បាន​ធ្វើ​តាម​រយៈ​ការ​ប្រគេន​ម្ហូបអាហារ​ដល់​ព្រះសង្ឃ​នោះ​ នឹង​បាន​ដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​។​ ទ​ង្វើ​ដែល​ជា​កុសល​នេះ​ បាន​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​។​ តែ​អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ជ្រះថ្លា​សប្បាយចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ដោយ​បានដឹង​ថា​ចំណីអាហារ​ដែល​គេ​បាន​ធ្វើ​ បាន​ដល់​ព្រះសង្ឃ​ឆាន់​ផង​ ជា​ពិសេស​គឺ​បានជា​ម្ហូបអាហារ​ដល់​អ្នក​ក្រីក្រ​បាន​ទទួល​ចម្អែត​ក្រពះ​ផង​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កម្មករជួសជុលប្រាសាទអង្គរទោះមានប្រាក់ចំណូលទាប តែមានមោទនភាព

ស្ពានហាល និងកស្សិណ នៃសំណង់ប្រាសាទអង្គរតូច កំព[...]

ប្រធានបទ៖ អាជីវករនៅតំបន់ផាប់ស្រ្តីប ខេត្តសៀមរាបបន្តអស់សង្ឃឹម

MC: សៀមរាបជាខេត្តដែលមានសក្ដានុពលផ្នែកទេសចរណ៍ [...]

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញសរសើរថាការប្រមូលសំរាមល្អប្រសើរជាងមុន ខណៈកម្មករក្រុមហ៊ុនសំរាមខិតខំធ្វើការ

ប្រជាពលរដ្ឋមួយចំនួនបានកត់សំគាល់ឃើញថា បរិស្ថាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x