ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា ស្ដ្រីគឺជាឆ្អឹងខ្នង នៃការអភវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រសាសន៍របស់រដ្ឋមន្ដ្រី ធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខណៈដែលលោកស្រី បានជួបប្រជុំជាមួយមន្ដ្រីជំនាញដោះស្រាយករណីប្រើប្រាស់ហិង្សា និងការរំលោភបំពានគ្រប់រូបភាពលើស្ដ្រី នៅខេត្ដក្រចេះ។
យោងតាមក្រសួងព័ត៌មាន មន្ដ្រីមន្ទីរកិច្ចការនារីខេត្ដក្រចេះបានឲ្យដឹងថា ការជួបប្រជុំជាមួយមន្ដ្រីជំនាញនាពេលនោះ គឺក្នុងគោលបំណងប្រមូលព័ត៌មាន និងលទ្ធផល នៃការអនុវត្ដច្បាប់ជាតិ គោលនយោបាយ អនុសាសន៍របស់នាយករដ្ឋមន្ដ្រី និងអនុសញ្ញាស្ដីពីការលុបបំបាត់រាលទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ហៅកាត់ថា CEDAW។ បន្ថែមពីនេះ ក៏ដើម្បីរៀបចំរបាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី និងរបាយការណ៍ជាតិ តាការកំណត់ដើម្បីបញ្ជូនទៅអង្គការសហប្រជាជាតិផងដែរ។
លោកស្រីរដ្ឋមន្ដ្រី ក៏បានជូបប្រជុំជាមួយស្នងការដ្ឋាននគរបាលខេត្ដ និងព្រះរាជអាជ្ញាអបសាលាដំបូងខេត្ដក្រចេះ ដាច់ដោយឡែកពីគ្នា ដើម្បីត្រួតពិនិត្យ និងស្ដាប់របាយការណ៍អំពីករណីបទល្មើស និងការដោះស្រាយ ករណីប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានលើស្ដ្រីនៅខេត្ដក្រចេះ។ លោកស្រីបន្ដទៀតថា ស្ដ្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្ដជំរុញ និងលើកកម្ពស់សមត្ថភាពស្ដ្រី ក្នុងការចូលរួមទាំងវិស័យរដ្ឋ និងឯកជន។
លោកស្រី អ៊ឹង កន្ថាផាវី លើកទឹកចិត្ដ និងជំរុញបន្ថែមទៀត ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាដោះស្រាយ និងទប់ស្កាត់នូវរាល់ករណីរំលោភបំពាន និងប្រើប្រាស់អំពើហិង្សាពីគ្រប់រូបភាពមកលើស្ដ្រី ក្នុងសហគមន៍របស់ខ្លួន ហើយឈានទៅដល់ការលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងនារីភេទ ដែលជាគោលនយោបាយជាតិ៕