ភ្នំពេញ៖ ចាប់ពីដើមឆ្នាំ២០១៩ តទៅ រាជរដ្ឋាភិបាលកំណត់ផ្ដល់ប្រាក់ឈ្នួលដល់កម្មករ កម្មការិនី និយោជិត ចំនួន ១៨២ដុល្លារ។ ដើម្បីអនុវត្ដការងារនេះឲ្យមានប្រសិទ្ធិភាព ក្រសួងការងារ សហការជាមួយអង្គការអន្ដរជាតិខាងការងារ បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយស្ដីពី ការពិនិត្យតាមដានប្រាក់ឈ្នួល។
លោក លៀ ស៊ីណា រាយការណ៍ ៖
សិក្ខាសាលាកម្រិតខ្ពស់ ស្ដីពីការពិនិត្យតាមដានប្រាក់ឈ្នួលអប្បបរមានេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ និងលោក Graeme Buckley នាយកប្រចាំតំបន់អង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងប្រទេសថៃ។
ក្នុងសិក្ខាសាលានេះ លោក ហេង សួរ រដ្ឋលេខាធិការ និងជាមន្ដ្រីនាំពាក្យ នៃក្រសួងការងារ មានប្រសាសន៍ថា ដើម្បីធានានូវយន្ដការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលពិតជាមានសារប្រយោជន៍យ៉ាងខ្លាំង ក្នុងការធានាបាននូវសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរបស់កម្មករ និយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្ដភាព នៃវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅកម្ពុជា ក្រសួងការងារ បានរៀបចំច្បាប់ស្ដីពីប្រាក់ឈ្នូលអប្បបរមា អនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះក៏ស្របតាមច្បាប់ស្ដីពីការងារដែលបានកំណត់ផងដែរ អំពីប្រាក់ឈញនូលអប្បបរមា ដែលចាំបាច់ក្នុងការធានា នូវជីវភាពរស់នៅ សមរម្យរបស់កម្មករនិយោជិតគ្រប់រូប និងអនុសញ្ញាអន្ដរជាតិខាងការងារលេខ ១៣១ និងអនុសាសន៍លេខ ១៣៥ ស្ដីពីការកំណត់ប្រាក់ឈ្នូលអប្បបរមា ដែលតម្រូវឲ្យមានប្រព័ន្ធកំណត់ប្រាក់ឈ្នូលអប្បបរមាមួយតាមបែបវិទ្យាសាស្ដ្រ។
រដ្ឋលេខាធិការក្រសួងការងារ បន្ដទៀតថា ច្បាប់នេះមាន ០៦ ជំពូក និង ៣០មាត្រា ដែលនឹងមានវិសាលភាពគ្របដណ្ដប់លើសហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារ និងមានគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ បង្កើនផលិតភាពរបស់កម្មករនិយោជិត និងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ច កាន់តែប្រសើរ ប្រកបដោយភាពទាក់ទាញ និងមានគោលដៅចំនួន ០៣ចំណុច។ ចំណុចទី ១ ធានាការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារ ទី២ បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នូលអប្បបរមាតាមបែបវិទ្យាសាស្ដ្រ ដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ចំណែកទី៣ បង្កើតក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នូលអប្បបរមា ដើម្បីជាយន្ដការត្រីភាគី សម្រាប់សិក្សាស្រាវជ្រាវ និងផ្ដល់អនុសាសន៍អំពីប្រាក់ឈ្នូលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ របស់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារ។
មានប្រសាសន៍នៅក្នុងពីធីនេះដែរលោក Graeme Buckley នាយកប្រចាំតំបន់អង្គការ ILO មានប្រសាសន៍ថា សិក្ខាលានេះ គឺធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពបច្ចេកទេសមួយកម្រិតទៀត លើកការត្រួតពិនិត្យតាមដាន និងវាយតម្លៃប្រាក់ឈ្នួលអប្បបរមា ដល់ភាគីរាជរដ្ឋាភិបាល ដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារ និងក្រុមការងារបច្ចេកទេស ចរចាប្រាក់ឈ្នូល ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីបង្កើតបណ្ដុំសូចនាការតាមដាន និងវាយតម្លៃផលវិបាក នៃបម្រែបម្រូលប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា តាមតួលេខរបស់ក្រសួងការងារបញ្ជាក់ថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបមានចំនួនជាង ១ម៉ឺន ២ពាន់នាក់ និងមានកម្មករ និយោជិតសរុបជាង ២លាន ៤សែននាក់ ចំណែកវិស័យកសិកម្មមានជាង ៤លាននាក់ ។ គិតមកដល់ឆ្នាំ២០១៨នេះ ពលករដែលកំពុងធ្វើការនៅក្រៅប្រទេសមានជាង ១លាន ២សែននាក់ និងមន្ដ្រីសាធារណៈចំនួនជាង ៥សែននាក់។
ជាមួយគ្នានេះ ប្រាក់ឈ្នូលអប្បបរមា សម្រាប់វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបានដំឡើងជាបន្ដបន្ទាប់ពីចំនួន ៤០ដុល្លារ ក្នុងមួយខែ នៅឆ្នាំ១៩៩៧ ហើយបានដំឡើងដល់ ១៨២ដុល្លារក្នុងមួយខែ នៅឆ្នាំ២០១៩។ ក្រសួងការងារបញ្ជាក់ថា គិតទាំងប្រាក់ឈ្នួលគោល ១៨២ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតក្នុងម្នាក់ៗអាចរកប្រាក់ឈ្នួលជាមធម្យបានពី ១៩៩ ដល់ ២១០ដុល្លារ ក្នុងមួយខែ៕