ភ្នំពេញ៖ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ១០៥នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ចំនួន ០៤ទីតាំងដែលបង្កឡើយដោយជនជាតិចិន។ នេះបើតាមឱ្យដឹងនៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះនៅថ្ងៃទី ២៦ វិច្ឆិកា ម្សិលមិញ។
តាមគេហទំព័រដដែលនេះ ទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតដែលត្រូវបង្ក្រាបទីចំនួន ០៤ទីតាំងរួមមាន៖
ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ឃាត់ខ្លួនជនជាតិចិន ចំនួន ៦៣នាក់ ស្រី ០៧នាក់។
ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់(ប្រុស)។
ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី ២៤នាក់។
ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៩០នាក់ ស្រី០ ៥នាក់។សរុបទាំង០ ៤ទីតាំង ចំនួន ២៣៥នាក់ ស្រី៣៦នាក់។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នជនជាតិចិនទាំងអស់នោះព្រមទាំងវត្ថុតាងពាក់ព័ន្ធបានប្រគល់ជូនកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅក្រសួងមហាផ្ទៃ៕