ភ្នំពេញ៖ មន្រ្តីកាំកុងត្រូលពិនិត្យឃើញថាផ្សារចំនួន ៦ ក្នុងរាជធានីភ្នំពេញ ពុំមានឡើយទំនិញដែលមានសារធាតុគីមីហាមឃាត់។ លទ្ធផលនេះរកឃើញបន្ទាប់ពីមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភំ្នពេញ បានចុះត្រួតពិនិត្យកាលពីថ្ងៃទី២៤ វិច្ឆិកា។ នេះបើតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល។
បើតាមអគ្គនាយកដ្ឋានកាំកុងត្រូលផ្សារចំនួន ៦នោះ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ តាមការចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមតាមបណ្តាផ្សារទាំងនេះ ឃើញថាម្ហូបអាហារ មួយចំនួនដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងម្ហូបអាហារវេចខ្ចប់ស្រេច ពុំមានសារធាតុគីមីហាមឃាត់នោះទេ។ ចំណែកភាពសមស្របរបស់ផលិតផល ឬឌឺឡេងរបស់ទំនិញក៏រកពុំឃើញភាពប្រក្រតីដែរ។
ប្រតិបត្តិការចុះត្រួតពិនិត្យរបស់មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលនេះធ្វើឡើងក្នុងគោលបំណងស្រាវជ្រាវ និងទប់ស្តាត់នូវទំនិញខូចគុណភាព ទំនិញហួសរយ:ពេលប្រើប្រាស់ ឬមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាព ឬធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ។
សូមរំលឹកជូនថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ មេសា បានកម្ទេចផលិតផលក្លែងក្លាយរួមមានផលិតផលកែសម្ផស្ស និងគ្រឿងផ្សំឧបភោគបរិភោគជាង១០០តោន។ ផលិតផលក្លែងក្លាយទាំងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។
ក្នុងការបង្រ្កាបនោះ មនុស្សយ៉ាងតិចបីនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយៈពេលមួយឆ្នាំ ហើយអាជ្ញាធរមានសមត្ថ កិច្ចត្រូវរឹបអូសទ្រព្យសម្បត្តិមួយចំនួនទុកជាសម្បត្តិរដ្ឋ និងម៉ាស៊ីនផលិតចំនួន១៦គ្រឿង។
ដោយឡែកកាលពីថ្ងៃទី២០ កញ្ញា ឱសថផុតសុពលភាព និងអន់គុណភាពជាង១០០មុខស្មើនឹងប្រហែល ៤០ តោន ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃរឹបអូសពីក្រុមហ៊ុននាំចូលមួយឈ្មោះ ខេមបូឌា ខបភើរេសិន ហ្វាម៉ា នៅរាជធានីភ្នំពេញ។ឱសថនាំចូលទាំងនោះគ្មានចុះបញ្ជីកាត្រឹមត្រូវ ហើយគ្មានបរិយាប័ណ្ណឬ បកប្រែជាខេមរភាសា៕