ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងភូមិ ស្ដុក ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្ដបាត់ដំបង បានយកគ្រាប់បែកដៃ១គ្រាប់ ដែលនៅមានគុណភាព ទៅប្រគល់ជូនសមត្ថកិច្ច ក្រោយពីពលរដ្ឋបានប្រទះឃើញគ្រាប់នោះនៅក្នុងចម្ការដំឡូងរបស់គាត់។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា គ្រាប់បែកដៃនោះ គឺនៅមានគុណភាព ៤០ភាគរយ។ តែយ៉ាងណាវាក៏នៅតែអាចបង្កគ្រោះថ្នាក់បាន។ សមត្ថកិច្ចអំពាវនាវឲ្យពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលឃើញគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ មិនថា នៅថ្មីឬចាស់នោះទេ សូមប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអះអាងថា គ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទដែលបន្សល់ទុកមក បើទោះជាមានអាយុកាលយូរ ឬក៏មានសភាពចាស់ច្រែះយ៉ាងណាក៏ដោយ ក៏វានៅតែមានឥទ្ធិពលអាចបង្កគ្រោះថ្នាក់បាន។ លោកស្នើឲ្យពលរដ្ឋ ពេលដែលឃើញ ឬជួបគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ មិនត្រូវប៉ះពាល់ ឬព្យាយាមយកវាចេញទៅណាទេ ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬអង្គភាពស៊ីម៉ាក់ជាបន្ទាន់ដើម្បីយកទៅកម្ទេចចោល៕