ភ្នំពេញ ៖ មានកុមារាពីរនាក់ ត្រូវជាបងប្អូនបង្កើតបានរងរបួសស្រាដោយសារតែផ្ទុះគ្រាប់បែក។ សមត្ថកិច្ច និយាយថា គ្រាប់ដែលផ្ទុះនោះ គឺជាគ្រាប់ដែលសមានសភាពច្រែះចាប់ ហើយសល់ពីសម័យដែលកម្ពុជាជួបសង្គ្រាម។ យ៉ាងណាពេលនេះ កុមារា ទាំងពីរនាក់នោះ បានវិលទៅផ្ទះវិញហើយ។
អធិការស្រុកក្រគរ លោក អៀម រុន បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី ២៥ ខែវិច្ឆិកា ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កុមារាពីរនាក់ រស់នៅក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានឃើញគ្រាប់បែកមួយគ្រាប់កប់ក្នុងគំនរ សំរាម ហើយបានយកគ្រាប់នោះមកឆ្កឹះលេង ក៏បណ្ដាលឲ្យផ្ទុះតែម្ដង។ កុមារា បងអាយុ ១០ឆ្នាំ និងកុមារា ប្អូនអាយុ ០៤ឆ្នាំ។
លោកអធិការ បានបញ្ជាក់ទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលពលរដ្ឋមានការប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកពីសម័យសង្គ្រាមដូច្នេះ។ លោកថា ជារឿយៗពលរដ្ឋតែងតែមករាយការណ៍ប្រាប់សមត្ថកិច្ចពីការប្រទះគ្រាប់បែក។ ក៏ប៉ុន្ដែមកដល់ពេលនេះលោកអះអាងថា គ្មានពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែករណីគ្រាប់បែកនេះទេ។
លោក អៀម រុន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជាងនេះ ចំពោះករណីកូនតូចៗ គឺមិនត្រូវបណ្ដោយឲ្យលេងឆ្ងាយពីភ្នែកឡើយ។ ជាងនេះលោកសំណូមពរ ឲ្យពលរដ្ឋបើជួបប្រទះរបស់ប្លែកហើយគិតថា អាចជាគ្រាប់បែក ឬគ្រាប់មីន ត្រូវរូសរាន់រាយការណ៍ទៅសមត្ថកិច្ច។
តាមរយៈបទសម្ភាសជាមួយវិទ្យុស្ដ្រី កន្លងមកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់ ) បញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ មិនថា កប់ដី មានសភាពច្រែះចាប់ ឬក៏ទុករយៈពេលយូរយ៉ាងណាក៏ដោយ ក៏គ្រាប់ទាំងអស់នោះ នៅតែមានឥទ្ធិពលបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ លោកសំណូមពរ ឲ្យរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច ឬអង្គភាព ស៊ីម៉ាក់ ដោយមិនត្រូវព្យាយាមយកវាចេញដោយខ្លួនឯងឡើយ៕