en     km
en     km

ខេត្ដពោធិ៍សាត់​ ៖​ កុមា​រា​ពីរ​នាក់​ រង​បួស​ស្រាល​ដោយសារ​ផ្ទុះ​គ្រាប់បែក​

Share

​ភ្នំពេញ​ ៖​ មាន​កុមា​រា​ពីរ​នាក់​ ត្រូវជា​បងប្អូន​បង្កើត​បាន​រង​របួស​ស្រា​ដោយសារ​តែ​ផ្ទុះ​គ្រាប់បែក​។​ សមត្ថកិច្ច​ និយាយ​ថា​ គ្រាប់​ដែល​ផ្ទុះ​នោះ​ គឺជា​គ្រាប់​ដែល​សមាន​សភាព​ច្រែះ​ចាប់​ ហើយ​សល់​ពី​សម័យ​ដែល​កម្ពុជា​ជួប​សង្គ្រាម​។​ យ៉ាងណា​ពេល​នេះ​ កុមា​រា​ ទាំង​ពីរ​នាក់​នោះ​ បាន​វិល​ទៅ​ផ្ទះ​វិញ​ហើយ​។

​អធិការ​ស្រុក​ក្រគរ​ លោក​ អៀម​ រុន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ២៥​ ខែវិច្ឆិកា​ ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កុមា​រា​ពីរ​នាក់​ រស់នៅ​ក្នុងភូមិ​ថ្មី​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ បានឃើញ​គ្រាប់បែក​មួយ​គ្រាប់​កប់​ក្នុង​គំនរ​ សំរាម​ ហើយ​បាន​យក​គ្រាប់​នោះ​មក​ឆ្កឹះ​លេង​ ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​តែ​ម្ដង​។​ កុមា​រា​ បង​អាយុ​ ១០​ឆ្នាំ​ និង​កុមា​រា​ ប្អូន​អាយុ​ ០៤​ឆ្នាំ​។​

​លោក​អធិការ​ បាន​បញ្ជាក់​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ពលរដ្ឋ​មានការ​ប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ដូច្នេះ​។​ លោក​ថា​ ជា​រឿយៗ​ពលរដ្ឋ​តែងតែ​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​ការ​ប្រទះ​គ្រាប់បែក​។​ ក៏​ប៉ុន្ដែ​មក​ដល់​ពេល​នេះ​លោក​អះអាង​ថា​ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​តែ​ករណី​គ្រាប់បែក​នេះ​ទេ​។​

​លោក​ អៀម​ រុន​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​ ចំពោះ​ករណី​កូន​តូចៗ​ គឺ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​លេង​ឆ្ងាយ​ពី​ភ្នែក​ឡើយ​។​ ជាង​នេះ​លោក​សំណូមពរ​ ឲ្យ​ពលរដ្ឋ​បើ​ជួប​ប្រទះ​របស់​ប្លែក​ហើយ​គិត​ថា​ អាច​ជា​គ្រាប់បែក​ ឬ​គ្រាប់​មីន​ ត្រូវ​រូស​រាន់​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

​តាម​រយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​ កន្លង​មក​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​ )​ បញ្ជាក់​ថា​ គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​ មិន​ថា​ កប់​ដី​ មាន​សភាព​ច្រែះ​ចាប់​ ឬ​ក៏​ទុក​រយៈពេល​យូរ​យ៉ាងណា​ក៏​ដោយ​ ក៏​គ្រាប់​ទាំង​អស់នោះ​ នៅ​តែ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​បាន​។​ លោក​សំណូមពរ​ ឲ្យ​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​សមត្ថកិច្ច​ ឬ​អង្គភាព​ ស៊ី​ម៉ាក់​ ដោយ​មិន​ត្រូវ​ព្យាយាម​យក​វា​ចេញ​ដោយ​ខ្លួនឯង​ឡើយ​៕

Share

Image
Image
Image