ភ្នំពេញ ៖ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ០៨លើក បំផ្លាញផ្ទះចំនួន ០៥ នៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ចន្លោះពីថ្ងៃទី២១-២៣ ខែវិច្ឆិកា។ ក៏ប៉ុន្ដែអគ្គិភ័យនេះ មិនបានបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះអគ្គិភ័យនេះ គឺដោយសារតែឆ្លងចរន្ដអគ្គិសនីចំនួន ០៥លើក ឆេះទៀនធូបចំនួន ០១លើក ម្ចាស់ផ្ទះដុតដោយខ្លួនឯងចំនួន ០១លើក និងក្ដាប់មិនបានចំនួន ០១លើក។ របាយការណ៍បន្ដថា ចំនួនគ្រោះអគ្គិភ័យនៅថ្ងៃអុំទូកឆ្នាំ២០១៨នេះ គឺកើនឡើងជាងកាលពីឆ្នាំ២០១៧ ចំនួន ០៦លើក។
គ្រោះអគ្គិភ័យទាំង ០៨លើកនេះ នៅរាជធានីភ្នំពេញចំនួន ០២លើក កំពង់ស្ពឺ ០១ ព្រះវិហារ ០១លើក ព្រៃវែង ០១លើក ព្រះសីហនុ ០១លើក ក្រចេះ ០១លើក និងខេត្ដពោធិ៍សាត់ចំនួន ០១លើក។ អគ្គិភ័យនេះ ក្រៅតែពីបានបំផ្លាញផ្ទះពលរដ្ឋចំនួន០៥ខ្នងហើយ ក៏បានធ្វើឲ្យខូចខាតរថយន្ដចំនួន ០២គ្រឿង ម៉ូតូ ០១គ្រឿង កង់ ០២គ្រឿង ទូរទស្សន៍ ០៣គ្រឿង និងប្រាក់រៀលជាង ៣លានរៀល និងប្រាក់ដុល្លារជិត ៣ពាន់ដុល្លារ។
លោក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការ និងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ក្នុងបទសម្ភាសជាមួយវិទ្យុស្ដ្រី បានអំពាវនាវ ស្នើឲ្យប្រជាពលរដ្ឋគ្រប់រូប យកចិត្ដទុកដាក់ឲ្យបានខ្ពស់ក្នុងបង្ការកុំឲ្យកើតមានគ្រោះអគ្គិភ័យ ពិសេសគឺកុំធ្វេសប្រហេស ទាក់ទងនឹងរបស់ដែលអាចធ្វើឲ្យឆេះបាន៕