en     km
en     km

អគ្គិភ័យ​បាន​កើតឡើង​ ០៨​លើក​ រយៈពេល​បី​ថ្ងៃ​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

Share

​ភ្នំពេញ​ ៖​ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ០៨​លើក​ បំផ្លាញ​ផ្ទះ​ចំនួន​ ០៥​ នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​រយៈពេល​បី​ថ្ងៃ​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ចន្លោះ​ពី​ថ្ងៃ​ទី​២១-២៣​ ខែវិច្ឆិកា​។​ ក៏​ប៉ុន្ដែ​អគ្គិភ័យ​នេះ​ មិន​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស​ ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។​

​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ បញ្ជាក់​ថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​ គឺ​ដោយសារ​តែ​ឆ្លង​ចរន្ដអគ្គិសនី​ចំនួន​ ០៥​លើក​ ឆេះ​ទៀន​ធូប​ចំនួន​ ០១​លើក​ ម្ចាស់ផ្ទះ​ដុត​ដោយ​ខ្លួនឯង​ចំនួន​ ០១​លើក​ និង​ក្ដាប់​មិន​បាន​ចំនួន​ ០១​លើក​។​ របាយការណ៍​បន្ដ​ថា​ ចំនួន​គ្រោះ​អគ្គិភ័យ​នៅ​ថ្ងៃ​អុំទូក​ឆ្នាំ​២០១៨​នេះ​ គឺ​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៧​ ចំនួន​ ០៦​លើក​។​

​គ្រោះ​អគ្គិភ័យ​ទាំង​ ០៨​លើក​នេះ​ នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ០២​លើក​ កំពង់ស្ពឺ​ ០១​ ព្រះ​វិហារ​ ០១​លើក​ ព្រៃវែង​ ០១​លើក​ ព្រះ​សីហ​នុ​ ០១​លើក​ ក្រចេះ​ ០១​លើក​ និង​ខេត្ដពោធិ៍សាត់​ចំនួន​ ០១​លើក​។​ អគ្គិភ័យ​នេះ​ ក្រៅ​តែ​ពី​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​០៥​ខ្នង​ហើយ​ ក៏​បាន​ធ្វើ​ឲ្យ​ខូចខាត​រថយន្ដ​ចំនួន​ ០២​គ្រឿង​ ម៉ូតូ​ ០១​គ្រឿង​ កង់​ ០២​គ្រឿង​ ទូរទស្សន៍​ ០៣​គ្រឿង​ និង​ប្រាក់​រៀល​ជាង​ ៣​លាន​រៀល​ និង​ប្រាក់​ដុល្លារ​ជិត​ ៣​ពាន់​ដុល្លារ​។​

​លោក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ បង្ការ​ និង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ដ្រី​ បាន​អំពាវនាវ​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ យកចិត្ដទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​បង្ការ​កុំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​ ពិសេស​គឺ​កុំ​ធ្វេស​ប្រ​ហេ​ស​ ទាក់ទង​នឹង​របស់​ដែល​អាច​ធ្វើ​ឲ្យ​ឆេះ​បាន​៕

Share

Image
Image
Image